Connect with us

ព័ត៌មានជាតិ

អំណោយផ្ទះមនុស្សធម៌ទី២ នៅខេត្តកំពង់ចាម ត្រូវបានផ្តល់ជូនគ្រួសារ មានជីវភាពក្រីក្រ

បានផុស

នៅ

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះបន្ទាប់ទី២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូនជនមានពិការភាព និងមានជីវភាពក្រីក្រម្នាក់ឈ្មោះ ឆែក ភ័ក្ត្រ អាយុ៣១ឆ្នាំ រស់នៅ  ភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា​ លោក ឆែក ភ័ក្ត្រ មានប្រពន្ធ និងកូនស្រី២នាក់ក្នុងបន្ទុក។ ដើមឡើយបុរសរូបនេះ មានមុខរបរជាជាងផ្សារដែក។ ជាអកុសលកាលពី២ឆ្នាំមុន ពេលកំពុងផ្សារដំបូលផ្ទះគេ ស្រាប់តែឆក់ចរន្តអគ្គិសនី បណ្តាលឲ្យជើងទាំង២គាត់រលាករលួយ ហើយទីបំផុតត្រូវកាត់ចោលក្រោមជង្គង់ ធ្លាក់ខ្លួនពិការ និងបាត់បង់សមត្ថភាពពលកម្ម រហូតមក។ 

ក្រៅពីការជួយឧបត្ថម្ភរបស់រដ្ឋ តាមរយៈប័ណ្ណក្រីក្រ១, អម្រែកមេគ្រួសារ បានធ្លាក់មកលើស្ត្រីជាប្រពន្ធ ដែលធ្លាប់ជាមេផ្ទះ បង្ខំចិត្តដើរស៊ីឈ្នួលជម្រះស្មៅ ឬមើលថែចំការតាមរដូវ ដើម្បីបានកម្រៃប្រចាំថ្ងៃ ចិញ្ចឹមប្តីពិការ និងកូនស្រីទាំង២។ ដោយលទ្ធភាពខ្សត់ខ្សោយ, គ្រួសារនេះរស់នៅក្នុងកូនខ្ទមទ្រុឌទ្រោម ដែលបិទបាំងដោយដែកសង្កសី, ស្លឹកចាស់ៗ ដែលប្រជាពលរដ្ឋអ្នកជិតខាងផ្តល់ឲ្យ។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនលោក ឆែក ភ័ក្ត្រ និងគ្រួសារ សម្រាប់ស្នាក់នៅតទៅមុខទៀត។ 

លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារប្រតិបត្តិ និងវាយតម្លៃនៃកម្មវិធី ផ្តល់ផ្ទះមនុស្សធម៌ខេត្ត បានឲ្យដឹងថា សម្រាប់ផ្ទះមនុស្សធម៌១ខ្នងនេះ ត្រូវចំណាយទឹកប្រាក់ចំនួន៩,៨០០,០០០រៀល។  ក្នុងនោះសាខាបដិភាគចំនួន១,០០០,០០០រៀល, លោកអ៊ុន ចាន់ដា ឧបត្ថម្ភ១,០០០,០០០រៀល, ព្រះមេគណខេត្ត ចំនួន១,០០០,០០០រៀល, ក្រៅពីនោះជាការចូលរួមបំពេញបន្ថែម របស់សប្បុរសជន និងក្រុមការងារចលនាកៀរគរ និងគ្រប់គ្រងមូលនិធិនៃកម្មវិធី។

លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនឲ្យបានទ្វេដងថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ  រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសឲ្យផុតពីការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវកូវីដ-១៩ នេះ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារលោក ឆែក ភ័ក្ត្រ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន៖ អង្ករ៥០គក្រ, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប, ទឹកស៊ីអ៊ីវ ៦ដប, មី១កេស, ឃីត១សម្រាប់, អាវយឺត៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា២០០,០០០រៀល។

ចំណែកប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន១៣គ្រួសារផ្សេងទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង១គ្រួសារ រួមមាន៖ អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវយឺត ព្រមទាំងថវិកាចំនួន ២០,០០០រៀលផងដែរ៕ (ដោយ)៖ ហុង  ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម