Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំងកូ​វីដ​១៩​ ជូន​ប្រជាពលរដ្ឋ​នៅ​ស្វាយជ្រំ

បានផុស

នៅ

​​នៅព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩ ប្រគេន​ព្រះសង្ឃ ជូន​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី ស្រុក​ស្វាយជ្រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អញ្ជើញ​ចូលរួម​ក្នុងឱកាស​នោះ​មាន​លោក​ អ៊ឹម សា​រ៉ា ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​គ្រួស លោក​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាល អភិបាលរង​ស្រុក​ស្វាយជ្រំ លោក​មេភូមិ មេឃុំ យុវជន​ស​.​ស​.​យ​.​ក ក្រុមគ្រូពេទ្យ និង​ប្រជាពលរដ្ឋ អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃនេះ គឺជា​ការ​គិតគូរ​ដោយ​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​សុខភាព​មាំមួន ក្នុងការ​បង្កើន​ភាពស៊ាំ និង​អង់ទីគ័រ​ការពារ​ប្រឆាំងនឹង​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ ជាពិសេស​វ៉ាក់សាំង​នេះ​អាចជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​បាន​មួយផ្នែកធំ ទោះបី​វា​មានការ​ឆ្លង ក៏​អ្នកជំងឺ​មិន​ធ្ងន់ធ្ងរ មិនមាន​ហានិភ័យ​ដល់​អាយុជីវិត​នោះឡើយ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា ការចាក់​វ៉ាក់សាំង​នៅក្នុង​ខេត្តស្វាយរៀង​កន្លងទៅ គឺ​បាន​ចាក់​ជូន​ដល់​មន្ត្រី​-​រាជការ ហើយ​បច្ចុប្បន្នកំពុង​ដំណើការ​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនី​ចំនួន​០៤ ស្រុក​-​ក្រុង រួមមាន​៖ (១)​ក្រុង​បាវិត (២)​ស្រុក​កំពង់រោទិ៍ (៣)​ស្រុក​រំដួល និង​ក្រុង​ស្វាយរៀង ទន្ទឹមនេះ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​បានរៀបចំ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ចំនួន​០៤​ស្រុក បន្ថែមទៀត​រួមមាន​៖ ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​ស្វាយទាប និង​ចន្ទ្រា​ស្រុក​ចន្ទ្រា។

​លោក​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង ត្រូវ​មក​តាម​ការកំណត់​រប​ស់​អាជ្ញាធរ ចៀសវាង​មក​ប្រជ្រៀត​គ្នា​ធ្វើឱ្យ​បាត់​សណ្ដាប់ធ្នាប់​ជាដើម​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ដល់​វេន​មក​ទទួល​វ៉ាក់សាំង ត្រូវ​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ ដោយ​យក​ឯកសារ​មកជា​មួយ​មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សំបុត្រកំណើត ឬ​ឯកសារ​ពាក់ព័ន្ធ​នានា ។ ម្យ៉ាងទៀត​ក្រោយ​ទទួលបាន​វ៉ា​ក់រួច​ត្រូវតែ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​”៣​ការពារ ៣​កុំ​”​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ឯកឧត្តម​បន្តថា ការគិតគូរ​ដ៏​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បានផ្តល់​វាក់​សាំង​ដើម្បី​ជូន​ដល់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ព្រះសង្ឃ​ ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ​ដោយ​ឥតគិតថ្លៃ ហើយ​នៅថ្ងៃនេះ និង​ជំហាន​បន្ត​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល និង​ទទួលបាន​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា ក្នុង​ទប់ស្កាត់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច វិល​ទៅរក​ភាព​ដើម​វិញ​នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ា​ក់នៅ​ក្នុងស្រុក​ស្វាយជ្រំ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ នៅតាម​ទីតាំង​ដែល​បានរៀបចំ ចំនួន​១៦​ទីតាំង រួមមាន៖ (១)-​ឃុំ​អង្គ​តា​សូ សាលាបឋមសិក្សា​រកា (២)-​ឃុំ​បាសាក់ នៅ​សាលាបឋមសិក្សា​ស្វាយ​តា​ភ្ល (៣)-​ឃុំ​ចំបក់ នៅ​អនុវិទ្យាល័យ​ចំបក់ (៤)-​ឃុំ​កំពង់ចំឡង នៅ​សាលាបឋមសិក្សា​តា​ជៃ (០៥)-​ឃុំ​តា​សួស នៅ​សាលាបឋមសិក្សា​ចំបក់​កោង (០៦)- ឃុំ​ឈើទាល នៅ​មណ្ឌល​សុខភាព​ឈើទាល ៧-​ឃុំ​ដូន​ស នៅ​សាលាបឋមសិក្សា​ល្ងើ​ន (០៨)-​ឃុំ​គោក​ព្រីង នៅ​សាលាបឋមសិក្សា​អង្គ​កប្បាស (០៩)-​ឃុំ​ក្រោលគោ នៅ​វិទ្យាល័យ​ហ៊ុនសែន​ក្រោលគោ (១០)-​ឃុំ​គ្រួស នៅ​សាលាបឋមសិក្សា​គ្រោះ (១១)-​ឃុំ​ពោធិ​រាជ នៅ​សាលាបឋមសិក្សា​វត្ត​ស្វាយ (១២)-​ឃុំ​ស្វាយ​អង្គ នៅ​អនុវិទ្យាល័យ​ស្វាយ​ផ្អែម (១៣)-​ឃុំ​ស្វាយជ្រំ នៅ​សាលាបឋមសិក្សា​ស្វាយជ្រំ (១៤)-​ឃុំ​ស្វាយ​ធំ នៅ​វត្ត​ទួល​សាមគ្គី​ឧ​ត្ត​ម (១៥)- ឃុំ​ស្វាយ​យា នៅ​សាលាបឋមសិក្សា​ឈូក​មាស (១៦)- ឃុំ​ធ្លក នៅ​សាលាបឋមសិក្សា​ធ្លក៕​

អត្ថបទ៖ គឹម​សេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម