Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី បើក​ការប្រជុំ​ដើម្បី​អនុវត្ត​ការ​ទុកដាក់​បញ្ចុះ​ឬ បូជាសព​មាន​កូ​វីដ​-១៩ ដោយ​មិនមាន​ហានិភ័យ

បានផុស

នៅ

ភ្នំពេញ​ ៖ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព ក្នុង​ការ​គ្រប់គ្រង និង​ការចាត់ចែង​សាកសព ដែល​មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩ យោងទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នា​ល្ងាច​ថ្ងៃទី​១២ កក្កដា​នេះ បាន​បើក​កិច្ចប្រជុំ​មួយ​តាមរយៈ video conference​មួយ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​សុខាភិបាល ដើម្បី​ធ្វើ​យ៉ាង​ណា​អនុវត្ត​ទៅតាម​ការណែនាំ​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ​និង​មិន​មាន​ហានិភ័យ ពី​ការ​ឆ្លង​ដោយ​ជម្ងឺ​កូ​វីដ​-១៩​។

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ថា ការ​បង្កើត​ឡើង​ឲ្យ​មាន​កិច្ចប្រជុំ​នេះ គឺ​ក្នុង​គោលបំណង​អនុវត្ត​ឲ្យ​ចំ​ទិសដៅ​ទៅតាម​ការណែនាំ ដោយសារតែ​យើង​ជា​អ្នកអនុវត្ត​ផ្ទាល់​ទៅលើ​ការងារ​ទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ក្នុងនាម​អាជ្ញាធរ​យើង​ត្រូវ​មើល​ពី​សារៈសំខាន់​ទាំងអស់គ្នា លើកទឹកចិត្ត​គ្នា មាន​បញ្ហា​យើង​រួមគ្នា​ដើម្បី​ដោះស្រាយ។ ​កន្លងមក​នេះ​ អាជ្ញាធរ​របស់​យើង​អនុវត្ត​បានល្អ​ណាស់។ សព​ជាង​៧០០​នាក់​ហើយ យើង​ធ្វើ​បានល្អ មិនមាន​បញ្ហា​ឆ្លង​ដោយ​ជំងឺ​កូ​វីដ​-១៩។ ​នេះ​ជា​មោទនភាព​របស់​ក្រុមការងារ​គ្រូពេទ្យ​របស់​យើង​ដែល​អនុវត្ត​បាន​ល្អ​លើ​វិធាន​ក្រសួងសុខាភិបាល​ទាំង​ការ​វេច​ខ្ចប់​សព​និង​ការ​ការពារ​ខ្លួន ដោយ​គិត​មកដល់ពេលនេះ​មាន​សព ដែល​ស្លាប់​ដោយ​កូ​វីដ​-១៩​ចំនួន​៧១១​នាក់​ហើយ ដែល​ក្រុមការងារ​យើង​បាន​ចាត់ចែង​វេច​ខ្ចប់ បានល្អ​នឹង​ទទួល​បាន​ជោគជ័យ​មិន​មាន​ហានិភ័យ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក​ជំរុញ​ឲ្យ​មន្ត្រី​របស់​យើង ធ្វើការ​បញ្ជាក់​ឲ្យ​បាន​លំអិត​បន្ថែមទៀត​ទៅលើ​សេចក្តី​ណែនាំ​នេះ ទាំង​ការ​ជុំវិញ​ការបញ្ចុះ​ឬ​ដុត​សាកសព។ ការ​លើកសព ដាក់​ក្នុង​ក្តារមឈូស​ដែល​មាន​តម្លៃ​ថ្លៃ អាច​ប្រើ​មនុស្ស​មិនតិច​ជាង​៦​នាក់​នោះ​ទេ យើង​គួរ​ឲ្យ​ពួកគាត់​ស្លៀក​សំលៀកបំពាក់​PPE​ឬ​យ៉ាងណា ព្រោះ​ការ​បំពាក់​សំលៀកបំពាក់​PPE​ពិតជា​ទទួល​បាន​ជោគជ័យ​មិនមាន​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ តាមរយៈ​បទពិសោធន៍​កន្លង​មក​នេះ​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១​ម្សិល​មិញ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​អូ​វីដ​-១៩ បាន​សេចក្តី​អប់រំ​ណែនាំ​បន្ថែម​អំពី​សុវត្ថិភាព ក្នុង​ការ​គ្រប់គ្រង និង​ការចាត់ចែង​សាកសព ដែលមាន​ផ្ទុក​វីរុស​កូ​វីដ​-១៩។ ការចាត់ចែង​សាកសព ដែល​មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩​នេះ គឺ ក្នុង​គោលបំណង​រក្សា​សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​កាត់ បន្ថយ​ហានិភ័យ​សុខភាព​សាធារណៈ​។

១-​វីរុស​កូ​វីដ​-១៩ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ​តំណក់​ទឹកតូចៗ​ដែល​ចេញពី​អ្នកជំងឺ​កូ​វីដ​-១៩ តាមរយៈ ការ​និយាយ​ទល់មុខ​ជិតគ្នា ក្អក កណ្តាស និង​ការប៉ះពាល់​ផ្ទៃ ឬ​វត្ថុ​ផ្សេងៗ​ដែលមាន​មេរោគ​។ គ្រប់​សាកសព​អ្នកជំងឺ​កូ​វីដ​-១៩ ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​កោសល្យវិច័យ ឬ​វះកាត់​ពិនិត្យ​សាកសព​ឡើយ​។ សាកសព​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រណាត់​រួច​ដាក់ ក្នុង​ថង់​ប្លា​ស្ទិ​កបិទ​ជិត​យ៉ាង​ត្រឹមត្រូវ​ដោយ​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ ហើយ​សាកសព​ខ្លះ​ត្រូវ​បានដាក់​បង្កក​រក្សាទុក​មុនពេល​ដាក់ ទៅក្នុង​មឈូស​មុន​យក​ទៅ​បូជា ឬ​បញ្ចុះ​។ ដូច្នេះ​ឱកាស​នៃ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ ពុំ​អាច​កើតមាន​ឡើយ ប្រសិនបើ​ពុំមាន ការរុះរើ ឬ​បើក​ថង់​រុំ​សាកសព​នោះ​។

២-​ការ​បូជា ឬ​បញ្ចុះ​សាកសព ដែល​អនុវត្តតាម​គោលការណ៍​ណែនាំ​ត្រឹមត្រូវ អាច​ចៀសវាង​បាន​ពី​ការចម្លង​វីរុស កូ​វីដ​-១៩​។ ដើម្បី​សុវត្ថិភាព អ្នក​រៀបចំ និង​អ្នក​ដឹកជញ្ជូន​សាកសព អ្នក​លើក​សាកសព​ដាក់ចូល​ក្នុង​មឈូស និង​លើក មឈូស​ដាក់​លើ​ទីតាំង​បូជា ត្រូវ​ពាក់​ឧបករណ៍​ការពារ​ខ្លួន (PPE) ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ពាក់​ម៉ាស់​ពេទ្យ អាវ​អៀម​ការពារ​ខ្លួន និង​ស្រោមដៃ​។ នៅពេល​រៀបចំ​រួចរាល់ ត្រូវ​ដោះ​ឧបករណ៍​ការពារ​ខ្លួន​ដែល​ប្រើ​រួច​ឱ្យបាន​ត្រឹមត្រូវ ហើយ​លាង​សម្អាត​ដៃ​ជាមួយ អាល់កុល ឬ​ដែល ឬ​សាប៊ូ​នឹង​ទឹកស្អាត​ភ្លាមៗ​។

៣-​ចំពោះ​ការបញ្ចុះ​សាកសព អ្នក​សែង​មឈូស​យកទៅ​បញ្ចុះ ត្រូវមាន​ចំនួន​ពី​៤ ទៅ ៦​នាក់ និង​ត្រូវ​ពាក់​សម្ភារៈ ការពារ (PPE) ត្រឹមត្រូវ​។ ចំពោះ​សមាជិកគ្រួសារ ឬ​អ្នកចូលរួម ត្រូវ​ពាក់​ម៉ាស់​ការពារ​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​កំណត់​ចំនួន មិនឱ្យ​លើសពី ១០​នាក់ ព្រមទាំង​ត្រូវ​រក្សា​គម្លាត​រវាង​អ្នកចូលរួម ចំងាយ ១,៥​ម៉ែត្រ ពីគ្នា និង​ចំងាយ ៣​ម៉ែត្រ ពី​សាកសព​។ លើសពីនេះ មិន​អនុញ្ញាត​ឱ្យមាន​ការ​ហែក្បួន​ឡើយ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម