Connect with us

ព័ត៌មានជាតិ

ក្រុមតន្ត្រីសំនៀងជនពិការចំនួន ៣៧នាក់ រកឃើញវិជ្ជមានកូវីដ ទោះមិនបានចេញប្រគុំ២ឆ្នាំមកហើយក្ដី!

បានផុស

នៅ

យ៉ាងហោចណាស់មាន ជនមានពិការភាព នៃសមាគមតន្ត្រីសំនៀងជនពិការចំនួន៣៧នាក់ ក្នុងចំណោម៦២នាក់ ត្រូវ​បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចាប់តាំងពីថ្ងៃទី៩ ខែកក្កដាមក។

លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៤ ខែកក្កដា​នេះ​ថា ជនមានពិការភាព ដែលឆ្លងកូវីដ-១៩ទាំង៣៧នាក់នោះ គឺមិនបានចេញទៅក្រៅ ដើម្បីប្រគុំ​តន្ត្រីតាមដងផ្លូវ​ ឬតាមបណ្ដាខេត្តណាមួយឡើយ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាប តូ បានថ្លែងយ៉ាងដូច្នេះថា «អត់ទេៗ គឺគាត់នៅក្នុងសមាគមទេ ព្រោះសមាគមរបស់ប្អូន អត់ដែល​ប្រគុំ​តន្ត្រីតាមដងផ្លូវទេបង សមាគមពួកខ្ញុំប្រគុំតន្ត្រីទូទាំង២៥រាជធានី-ខេត្ត ហើយចាប់ពីកូវីដ-១៩មក គឺ២ឆ្នាំហើយ យើងខ្ញុំអត់ដែលបានចេញប្រគុំទេបង»។

នៅពេលអ្នកសារព័ត៌មានសួរថា តើមកដល់ពេលនេះ បានរកឃើញប្រភពចម្លងហើយឬនៅ? ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងបញ្ជាក់ថា «បាទបងអត់ដឹងច្បាស់ទេបង ដោយសារតែពួកយើងខ្ញុំខំព្យាយាមការពារ ៣ការពារ ៣កុំដែរ ក៏ប៉ុន្តែវានៅតែឆ្លងអញ្ចឹងបង»។

ចំណែកលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការបានឲ្យដឹងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យសមា​ជិកនៃសមាគមតន្ត្រីសំនៀងជនពិការ សម្រាកព្យាបាលជំងឺកូវីដ-១៩ នៅនឹងកន្លែងសមាគមតែម្តង និងបានឧបត្ថម្ភនូវសម្ភារៈ ស្បៀងអាហារ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ព្រមទាំងបានសហការណ៍ជាមន្ទីរសុខាភិបាល ដើម្បីផ្តល់ថ្នាំសម្រាប់ព្យាបាល ដល់អ្នកមានវិជ្ជមានកូវីដ-១៩ នៃសមាគមនេះផងដែរ។

នៅថ្ងៃទី១៤ ខែកក្កដាម្សិលមិញ លោក ឯម ច័ន្ទមករា ក៏បានចុះសួរសុខទុក្ខ និងនាំថវិកាផ្ទាល់របស់លោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅប្រគល់ជូនដល់ជនមានពិការភាព នៅក្នុងសមាគមតន្ត្រីសំនៀងជនពិការនោះផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម