Connect with us

ព័ត៌មានជាតិ

ផ្ទះពលរដ្ឋជាង៦៥០ខ្នង កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក

បានផុស

នៅ

ខេត្តបាត់ដំបង៖ បើគិតមកទល់នឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ផ្ទះប្រជាពលរដ្ឋចំនួន៦៥៦ខ្នងបាន រងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក។ អាជ្ញាធរក្នុងតំបន់នោះបានឱ្យដឹងថា ភូមិចំនួន១២ ក្នុងឃុំចំនួន៤ នៃស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងគ្រោះដោយ ជំនន់ទឹកភ្លៀង និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៦៥៦ ខ្នងផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហម ទទួលបន្ទុកគ្រោះមហន្តរាយខេត្តបាត់ដំបង បានឱ្យដឹងបន្ថែមថា ផ្ទះប្រជាពលរដ្ឋចំនួន៧៤ខ្នង លិចទាំងស្រុង នឹងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ហើយគ្រួសាររងផលប៉ះពាល់តិចតួច ៥៨២គ្រួសារ។ 

បន្ថែមពីនោះ ជំនន់ទឹកភ្លៀងបានបង្កឱ្យដាច់លូប្រអប់២កន្លែង ផ្លូវគ្រួសក្រហម ចំណុចស្រែ១០០ ភូមិបួរ ប្រវែង ៣០០ម៉ែត្រ និងនៅភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ប្រវែង ១៥០ម៉ែត្រ។ លោកបញ្ជាក់ថា គ្រោះមហន្តរាយនេះមិនបង្កឱ្យប៉ះពាល់ដល់ជីវិតមនុស្សសត្វនោះទេ។

បើតាមអាជ្ញាធរស្រុកភ្នំព្រឹកបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយប្រហារឃុំចំនួន៤ ក្នុងស្រុកភ្នំព្រឹក មានឃុំពេជ្រចិន្តា ឃុំភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៤ និង១៥ ខែកក្កដា ដែលបង្កផលប៉ះពាល់ផ្ទះពលរដ្ឋ ផលដំណាំ និងផ្លូវថ្នល់អស់ជាច្រើន។ មកទល់ពេលនេះអាជ្ញាធរបញ្ជាក់ថាស្ថានភាពជំនន់ទឹកភ្លៀងបានស្រកវិញបណ្តើរៗហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម