Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ​៖ មុនទិញអាល់កុលសូមពិនិត្យ និងជ្រើសរើសផលិតផល ដែលមានស្លាកសញ្ញា និងប្រភពច្បាស់លាស់

បានផុស

នៅ

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» របស់ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់អាល់កុលសូមពិនិត្យ និងជ្រើសរើសផលិ​តផល ដែ​ល​មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ចៀសវាងទិញប៉ះអាល់កុល លាយសារធាតុមេតាណុល ឬ​ហៅថា​ អាល់កុលក្លែងក្លាយ។

ឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានកម្ពុជាថ្មី តាមបណ្ដាញសង្គមតេលេក្រាម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២១ ដែលបានសួរថា តើប្រជាពលរដ្ឋ អាចរកពិនិត្យ ឬកត់សម្គាល់ថាតើ អាល់កុលក្លែងក្លាយ ឬអាល់កុល មានសារធាតុមេតាណុលនោះ បានយ៉ាងដូចម្ដេច? លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកកម្ម បានឲ្យដឹងថា «ជាទូទៅគេមិនអាចដឹងដោយភ្នែកទទេ ឬដោយហិតក្លិនដើម្បីសម្គាល់អេទីលអាល់កុល (អាល់កុលធម្មតា) និងមេតាណុល(អាល់កុលពុល)បានឡើយ។ សារធាតុទាំងពីរនេះមាន លក្ខណៈរូបស្រដៀងគ្នាខ្លាំងណាស់ ទាំងពណ៌និងក្លិន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាបែបនេះក្ដី អគ្គនាយកដ្ឋានក.ប.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ទាំងអស់ សូមប្រុងប្រយ័ត្នមុននឹងទិញអាល់កុល ឬជែលយកមកប្រើប្រាស់ ក្នុងគោលបំណងសម្លាប់មេរោគសូមពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវច្បាស់លាស់។ លើសពីនេះទៀត ប្រសិនបើប្រជាពលរដ្ឋ មានការសង្ស័យថា បានទិញចំអាល់កុលមានសារធាតុមេតាណុល ឬហៅថាអាល់កុលក្លែងក្លាយ ឬមានព័ត៌មានពីការស្តុកទុក ការចរាចរ ឬចែកចាយអាល់កុលក្លែងក្លាយ អាចផ្តល់ព័ត៌មានទៅកាន់អគ្គនាយកដ្ឋានក.ប.ប. តាមរយៈលេខទូរស័ព្ទ ០២៣ ២៣១​ ៨៥៦ / ០៩២​ ៨៣០ ៨៥៦ ឬផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានក.ប.ប. ដែលមានអាសយដ្ឋាន៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF។

ជាចុងក្រោយ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បាន​អំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុល ដែលជាអាល់កុលពុល មកបន្លំធ្វើជាអេតាណុល ដែលជាអាល់កុលធម្មតា លក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លាងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈម ចំពោះច្បាប់ដល់ខ្លួនថែមទៀតផង៕ (ដោយ)៖ ឃួន សុភ័ក្រ

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម