Connect with us

ព័ត៌មានជាតិ

វឌ្ឍនភាព​របស់​កម្ពុ​ជា​ក្នុង​វិស័យ​សិទ្ធិមនុស្ស ត្រូវបាន​លើក​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​

បានផុស

នៅ

​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បានបញ្ចប់​ស​ម័​យ​ប្រជុំ​លើក​ទី​៤៧ របស់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់ពី​បានរៀបចំ​កិច្ចសន្ទនា​អន្តរ​កម្ម​តាម​ប្រធានបទ​ចំនួន​២៣ និង​កិច្ចពិភាក្សា​ចំនួន​៧ ព្រមទាំង​បានអនុម័ត​សេចក្ដីសម្រេចចិត្ត (Resolution) ចំនួន​២៥ និង​ការសម្រេចចិត្ត (Decision) ចំនួន​២ លើ​បញ្ហា​តាម​ប្រធានបទ និង​តាម​ប្រទេស​នានា​។​

​បើតាម​ស្ថាន​តំណាង​កម្ពុជា អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​រយៈពេល​៤​សប្ដាហ៍​នេះ (​ពីថ្ងៃ​ទី​២១ ខែមិថុនា ដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១) ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ហ្សឺ​ណែវ បាន​ចូលរួម​ថ្លែង​បទ​អន្តរាគមន៍​ចំនួន​១៧​លើក ដោយបាន​លើក​បង្ហាញ​អំពី​សមិទ្ធផល និង​វឌ្ឍនភាព ក្នុង​ទិដ្ឋភាព​ច្បាប់ គោលនយោបាយ និង​ការអនុវត្ត​ជាក់ស្តែង​នានា​របស់​កម្ពុជា ក្នុង​វិស័យ​សិទ្ធិមនុស្ស ដែល​ខ្លឹម​សារសំខាន់ៗ​មាន​៖

​ទី​១- ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩ គ្មាន​នរណាម្នាក់​អាចមាន​សុវត្ថិភាព​បានទេ លុះត្រាតែ​មនុស្ស​គ្រប់គ្នា​មាន​សុវត្ថិភាព​។ វ៉ាក់សាំង​កូ​វីដ​១៩ ត្រូវតែ​ជា​ទំនិញ​សាធារណៈ​សកល ដែល​ត្រូវ​ចែកចាយ​ក្នុង​ស្មារតី​មនុស្សធម៌​ដល់​ប្រទេស​ទាំងអស់​។ កម្មវិធី​ចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ​ដោយ​ឥតគិតថ្លៃ​នៅ​កម្ពុជា រួមទាំង​សម្រាប់​ជនបរទេស​ផងដែរ​នោះ សម្រេចបាន​ជាង ៥២% នៃ​ប្រជាជន​គោលដៅ (​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១)​។​

​ទី​២- ដើម្បី​ទ្រទ្រង់​ដល់​ជីវភាព​គ្រួសារ​ដែល​រងគ្រោះ​ខ្លាំង​បំផុត រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដោយ​ផ្អែកលើ​គោលការណ៍​សមធម៌ សមភាព និង​ប្រសិទ្ធភាព​។ កញ្ចប់​គាំពារ​សង្គម​ជាច្រើន​ទៀត​កំពុងតែ​ត្រូវបាន​អនុវត្ត ដើម្បី​ជួយ​សម្រួល​ដល់​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៅក្នុង​តំបន់​បិទ​ខ្ទប់​។​

​ទី​៣- ទាក់ទង​នឹង​សិទ្ធិ​ទទួលបាន​លំនៅដ្ឋាន កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ដីធ្លី​គ្រប់​ជ្រុងជ្រោយ ដូចជា ដី​សម្បទាន​សង្គមកិច្ច ការបែងចែក​ដីធ្លី​សម្រាប់​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ និង​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ក្នុង​គោលបំណង​លើកកម្ពស់​លទ្ធភាព​រប​ស់​ប្រជាជន​ក្នុងការ​ទទួលបាន​ដី និង​លំនៅដ្ឋាន ប្រកបដោយ​ចីរភាព និង​ទំនួល​ខុសត្រូវ​សង្គម​។​

​ទី​៤- កម្ពុជា​ប្តេជ្ញាចិត្ត​បញ្ចូល​សេវា​សុខភាព​ផ្លូវចិត្ត​ទៅក្នុង​ការថែទាំ​នៅ​គ្រប់​កម្រិត​នៃ​ប្រព័ន្ធ​សុខាភិបាល​។ កម្ពុជា​ក៏​កំពុង​រៀបចំ “​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​សុខភាព​ផ្លូវចិត្ត ឆ្នាំ ២០២២-២០២៦” ។​

​ទី​៥- ទោះបីជា​អត្រា​ជំងឺ​ហង់​សិន​ឬ​ឃ្លង់ មាន​កម្រិត​ទាប​នៅ​ប្រទេស​កម្ពុជា​ក៏ដោយ ការលុបបំបាត់​ជំងឺ​នេះ​នៅតែ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន បាននិងកំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ព្យាបាល​អ្នកជំងឺ​ដោយ​មិន​គិតថ្លៃ ជាមួយនឹង​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​។​

​ទី​៦- ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្ដីពី “​ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ស្ត្រីភេទ​” (CEDAW) កម្ពុជា​ប្ដេជ្ញា​លុបបំបាត់​ការរើសអើង​ប្រឆាំង​ស្ត្រី និង​ក្មេងស្រី តាមរយៈ​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គាំពារ​សង្គម​ជាច្រើន ក៏ដូចជា​ការផ្ដល់ជូន​សេវា​សុខភាព​ផ្លូវភេទ​និង​បន្ត​ពូជ​នៅតាម​កន្លែង​ជាច្រើន ដល់​ស្ត្រី​។​

​ទី​៧- កម្ពុជា​ពុំ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​អនុវត្ត​ការ​កាត់​ប្រដាប់​ភេទស្ត្រី​(Female Genital Mutilation)​នោះទេ​។ ការលើកកម្ពស់​សមភា​ព​យេនឌ័រ​ក្នុងប្រទេស​ក៏មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ផងដែរ​។​

​ទី​៨- ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDGs) កម្ពុជា​ផ្ដល់​សារៈសំខាន់​យ៉ាងខ្លាំង​ដល់​ការលុបបំបាត់​រាល់​អំពើហិង្សា​លើ​ស្ត្រី​និង​កុមារី រួមទាំង​ការរំលោភ​សេពសន្ថវៈ​។ ក្របខ័ណ្ឌ​ច្បាប់​និង​គោលនយោបាយ​ជាច្រើន​ដែល​ផ្ដោតលើ​អភិក្រម​គាំទ្រ​ជនរងគ្រោះ រួមមាន​ការបណ្ដុះបណ្ដាល​មន្ត្រី​អនុវត្ត​ច្បាប់​និង​មន្ត្រី​មូលដ្ឋាន ក៏ដូចជា​ជំនួយ​ផ្នែក​ច្បាប់​នានា ត្រូវបាន​ដាក់ចេញ និង​ផ្តល់ជូន ក្នុង​គោលដៅ​ការពារ​និង​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ បទឧក្រិដ្ឋ​នេះ​។​

​ទី​៩- ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​ពិធីសារ Palermo ឆ្នាំ ២០០៧ កម្ពុជា​បន្ត​ប្រកាន់យក​នូវ​វិធីសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​លុបបំបាត់​ការជួញដូរ​មនុស្ស ដោយ​បញ្ចូល​ស្មារតី​និង​គោលការណ៍​នៃ​ពិធីសារ​នេះ ទៅក្នុង​វិសោធនកម្ម​ច្បាប់​ជាតិ ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

​ទី​១០- នៅ​កម្ពុជា អ្នកជួញដូរ​គ្រឿងញៀន​ត្រូវ​ប្រឈម​នឹង​បទ​ចោទ ប៉ុន្តែ​មិនត្រូវ​បាន​ផ្តន្ទាទោស​ប្រហារជីវិត​នោះទេ​។ អ្នកប្រើប្រាស់​គ្រឿងញៀន គឺជា​ជនរងគ្រោះ ដែល​អាច​ទទួលបាន​កា​រ​ព្យាបាល ការប្រឹក្សា​យោបល់​ផ្លូវចិត្ត និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ស្ម័គ្រចិត្ត នៅ​មជ្ឈមណ្ឌល​បន្សាប និង​ស្តារនីតិសម្បទា និង​នៅ​មណ្ឌល​សុខភាព​។​

​ទី​១២- គណៈប្រតិភូ​កម្ពុជា​បាន​គូសបញ្ជាក់ថា ការធ្វើ​បាតុកម្ម​ខុសច្បាប់ ឬ​បាតុកម្ម​ស៊ីឈ្នួល​ដែល​ដាក់​សម្ពាធ​លើ​ប្រព័ន្ធតុលាការ ឬ​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ពុំមែន​ជាការ​អនុវត្ត​សិទ្ធិសេរីភាព​ប្រមូលផ្តុំ​ដោយ​សន្តិវិធី ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ​។​

​ទី​១៣- ពាក់ព័ន្ធ​នឹង​សេរីភាព​គំនិត និង​ការបញ្ចេញមតិ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​គូសបញ្ជាក់ថា​មេរោគ​កូ​រ៉ូ​ណា​វីរុស​គឺជា​ជំងឺ​ដ៏​កាច​សាហាវ ប៉ុន្តែ​ព័ត៌មាន​ក្លែងក្លាយ​និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​បង្ក​គ្រោះថ្នាក់​មិន​ចាញ់​ជំងឺ​នេះដែរ​។ ដើម្បី​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត យើង​ត្រូវ​ចេញផ្សាយ​នូវ​ការពិត​។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ កម្ពុជា​បានផ្ដល់​អាទិភាព​ដល់​អ្នកសារព័ត៌មាន​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​និង​ដោយ​ស្ម័គ្រចិត្ត ចាប់តាំងពី​ខែកុម្ភៈ ដើម្បី​ធានាបាន​ថា អ្នកសារព័ត៌មាន​អាចបំពេញ​ការងារ​ជួរមុខ​របស់ខ្លួន ដោយ​​សុវត្ថិភាព និង​បន្ត​ផ្ដល់ព័ត៌មាន​ពិត​ជូន​សាធារណៈជន អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ​។​

​ទី​១៤- ចំពោះ​សិទ្ធិ​ទទួលបាន​ការអប់រំ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​គូសបញ្ជាក់ថា ទោះបីជា​ជំងឺ​រាតត្បាត​កូ​វីដ​១៩ បាន​រំខាន​ដល់​វិស័យ​អប់រំ​ក៏ដោយ កម្ពុជា​បាន​ធានា​នូវ​ការបន្ត​ការសិក្សាអប់រំ​នៅតាម​ប្រព័ន្ធ​អន​ឡាញ​។ ក្នុងការ​ត្រៀម​បើក​សាលារៀន​ឡើងវិញ នៅពេលដែល​ស្ថានភាព​អនុញ្ញាត កម្ពុជា​ត្រូវបាន​អង្គការ​យូណេស្កូ កោតសរសើរ​ថា ជា​ប្រទេសមួយ​ក្នុងចំណោម ១៧​ប្រទេស ក្នុង​ពិភពលោក ដែល​បានផ្តល់​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​គ្រូបង្រៀន​។ លើសពីនេះ កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ “​ផែនការ​វិស័យ​អប់រំ​” ថ្មី (២០១៩-២០២៣) ដោយ​សង្កត់ធ្ងន់​លើ​គោលការណ៍​នៃ​ការអប់រំ​ប្រកបដោយ​បរិ​យា​ប័ន្ន សមធម៌ និង គុណភាព ក៏ដូចជា​លើកកម្ពស់​ឱកាស​ការសិក្សា​រៀនសូត្រ​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា​។​

​ទី​១៥- ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​ក្នុងការ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ទិដ្ឋភាព​គណនេយ្យភាព អប់រំ និង​ការពារ​។​

​ក្នុងអំឡុង​សម័យប្រជុំ​លើក​ទី​៤៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ កម្ពុជា​បាន​ចូលរួម​គាំទ្រ (co-sponsor) សេចក្ដីថ្លែងការណ៍​រួម​ចំនួន​១១ ការសម្រេចចិត្ត (Decision) ចំនួន​០១ និងសេចក្ដីសម្រេច​ចិត្ត​(Resolution) ចំនួន​០៣ លើ​ប្រធានបទ​ជាច្រើន​ក្នុង​វិស័យ​សិទ្ធិមនុស្ស ដូចជា​សិទ្ធិមនុស្ស​ចាស់ សិទ្ធិ​ជន​ទេសន្តរប្រវេសន៍ ការបែងចែក​វ៉ាក់សាំង​ដោយ​យុត្តិធម៌​និង​សមធម៌ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​សិទ្ធិមនុស្ស ការរើសអើង​ជាតិ​សាសន៍​ជា​ប្រព័ន្ធ ជំងឺ​ហង់​សិន ការពង្រឹង​ការ​ចងក្រង​ឯកសារ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ទំនាក់ទំនង​រវាង​ការអភិវឌ្ឍ​និង​សិទ្ធិមនុស្ស​ជាដើម​៕ ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម