ព័ត៌មានជាតិ
អគ្គនាយកដ្ឋានសុខភាពសត្វ ប្រតិកម្មព័ត៌មាន ការធ្វើពាណិជ្ជកម្មជ្រូកនៅកម្ពុជា
នៅពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា មានសារព័ត៌មានមួយចំនួន បានចុះផ្សាយអត្ថបទខុសពីការពិត ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជ្រូកនៅកម្ពុជា ដោយអះអាងថា ការផ្សាយនោះ មិនបានសិក្សាបានច្បាស់លាស់ ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ មកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឆ្លើយតបចំពោះករណីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានបញ្ចាក់តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃអាទិត្យ ទី១៨ ខែកក្កដា នេះថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រហូតមកដល់ពេលបច្ចុប្បន្ននេះ ពុំដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុននាំចូលជ្រូករស់ពីប្រទេសថៃឡើយ ពោលក្រុមហ៊ុនដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនាំចូលជ្រូករស់អាចដាក់ពាក្យស្នើសុំ ដោយត្រូវបំពេញ តាមវិធានការដែលជាការតម្រូវឱ្យអនុវត្តនីតិវិធី និងវិធានបច្ចេកទេសចំនួន១២ចំណុច រវាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ ការចិញ្ចឹមសត្វ (DLD) នៃព្រះរាជាណាចក្រថៃ ហើយសព្វថ្ងៃមានក្រុមហ៊ុនចំនួន០៦ ដែលកំពុងទទួលបានគោលការណ៍នាំជ្រូករស់ចូលមកកម្ពុជា និងមានចំនួន៤ ក្រុមហ៊ុនទទួលគោលការណ៍នាំឆ្លងកាត់។
បើតាមអគ្គនាយកដ្ឋានសុខភាពសត្វ ប្រជាជនកម្ពុជាក៏បានដឹងទាំងអស់គ្នាថា ប្រទេសជិតខាងក៏បាននឹងកំពុងជួបវិបត្តិនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យបាត់បង់ទីផ្សារក្នុងស្រុករបស់ខ្លួន ហើយបានធ្វើឱ្យមានការកកស្ទះនូវផលិតផលសត្វ ហើយទន្ទឹមនឹងនេះក៏មានឈ្មួញខិលខូចមួយចំនួនតូចបានប្រើប្រាស់កលល្បិចគ្រប់យ៉ាង ដើម្បីមានឱកាសយកផលិតផលកកស្ទះពីស្រុកគេមកចាក់នៅកម្ពុជា ដោយមិនបានគិតពីការប៉ះពាល់ដល់ ការខាតបង់របស់អ្នកវិនិយោគនៅកម្ពុជា និងពីសុខភាពសាធារណៈឡើយ។
អគ្គនាយកដ្ឋានសុខភាពសត្វបញ្ជាក់ថា ថ្លៃដើមផលិតជ្រូកសាច់បានប្រែប្រួលក្នុងរង្វង់ពី៧,៥០០រៀល ទៅ ៩,០០០រៀល ក្នុងមួយគីឡូក្រាមមុនវិបត្តិកូវីដ-១៩ ហើយបច្ចុប្បន្នថ្លៃដើមលិតជ្រូកសាច់រស់បានកើនឡើងប្រមាណពី១០,៥០០រៀល ទៅ១២,០០០រៀល ក្នុងមួយគីឡូក្រាម។ ការប្រែប្រួលថ្លៃដើមផលិតជ្រូកសាច់នេះ ដោយសារតម្លៃវត្ថុធាតុដើម ដូចជា ពោត ដំឡូងក្រៀម កាកសណ្ដែកសៀង ម្សៅត្រី និងសារធាតុបន្ថែមសម្រាប់ផ្សំចំណីសត្វបានកើនឡើង ប្រមាណពី២០ ទៅ៣០ ភាគរយ។ ដោយឡែកតម្លៃដឹកជញ្ជូនតាមផ្លូវទឹកកើនឡើងប្រមាណ៣ដង។ ម្យ៉ាងទៀត កូនជ្រូកពូជសាច់ក៏បានឡើងថ្លៃពី៧០ ទៅ១០០ដុល្លារក្នុងមួយក្បាល ព្រមទាំងការចំណាយបន្ថែមលើការលើកកម្ពស់ជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹមសត្វ ដើម្បីការពារជំងឺឆ្លងសត្វ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក។
អគ្គនាយកដ្ឋានសុខភាពសត្វបញ្ជាក់ដែរថា បើទោះបីនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពជួបវិបត្តិសកលជំងឺកូវីដ-១៩ ក៏តម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលខ្លាំងនោះឡើយ គឺស្ថិតនៅក្នុងចន្លោះពី១២,៥០០រៀល ទៅ១៣,៦០០ រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមតំបន់នីមួយៗ ហើយតម្លៃជ្រូកសាច់នាំចូលបានលក់ថោកជាង ចន្លោះពី១០០រៀលទៅ២០០រៀល ក្នុងមួយគីឡូក្រាម ពីជ្រូកសាច់រស់ក្នុងស្រុក។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារបានប្រែប្រួលចន្លោះពី២៣,៥០០រៀល ទៅ ២៦,៣០០រៀលក្នុងមួយគីឡូក្រាម ហើយដោយសារស្ថិរភាពថ្លៃជ្រូកសាច់រស់ជិតពីរឆ្នាំចុងក្រោយនេះ បានធ្វើឱ្យផលិតកម្មជ្រូកមានការកើនឡើង សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានធ្វើការបោះទុនវិនិយោគបន្ថែមលើការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មកាន់តែធំ និងទំនើប។
ជាក់ស្ដែងក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ការសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន៦១កន្លែង ក្នុងនេះមានកសិដ្ឋានចិញ្ចឹមពូជជ្រូកចំនួន៧កន្លែង និងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន៥៤កន្លែង ហើយការនាំចូលពូជជ្រូកមេបាចំនួន១៦,៤០០ក្បាល និងកូនជ្រូកពូជចំនួន៧៨,២៥០ក្បាល។ ការផ្គត់ផ្គង់ជ្រូកសាច់រស់នៅក្នុងស្រុកបានរហូតដល់៨៥ភាគរយ លទ្ធផលដ៏ល្អនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែពិភាក្សារិះរកដំណោះស្រាយសមស្រប ដើម្បីលើកទឹកចិត្តដល់ការចិញ្ចឹមជ្រូកក្នុងស្រុក ឆ្លើយតបតម្រូវការទីផ្សារ និងឈានឆ្ពោះទៅការនាំចេញនៅពេលខាងមុខដ៏ខ្លី។
អគ្គនាយកដ្ឋានសុខភាពសត្វអះអាងថា រហូតមកដល់ពេលនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ដូចជាប្រជាកសិករ អ្នកចិញ្ចឹមសត្វបានសាទរ គាំទ្រ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានយកចិត្តទុកដាក់រក្សាបាននូវស្ថិរភាពតម្លៃជ្រូករស់ និងធ្វើឱ្យអ្នកចិញ្ចឹមជ្រូកមានឆន្ទៈក្នុងផលិតជាបន្តទៀត៕
អត្ថបទ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង