Connect with us

ព័ត៌មានជាតិ

លោក ផន ផល្លា ក្រោយជាសះស្បើយ ពីជំងឺកូវីដ-១៩ ស្រកអស់៨គីឡូ!

បានផុស

នៅ

លោក ផន ផល្លា ​ប្រធានអង្គការ​មណ្ឌល​កុមារកំព្រា​មែកឈើ ​ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩កម្រិតធ្ងន់​កាល​ពីពេលថ្មីៗនេះ បានរៀបរាប់អំពីស្ថានភាព និងអាការៈក្នុងខ្លួនរបស់លោក។ ក្នុងនោះ រូបលោកក៏បានស្រកគីឡូ អស់​៨គីឡូផងដែរ។

លោក ផន ផល្លា បានប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៩ ខែកក្កដានេះថា រូបលោកបានចាកចេញពីមណ្ឌលព្យាបាលកូវីដ-១៩ នៅព្រីមមៀរ២ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានតម្រូវឲ្យលោកធ្វើចតា្តឡីស័កបន្ត រយៈពេល២សប្ដាហ៍បន្តទៀត។ ក្នុងនោះនៅសល់ពេលតែ២ ឬ៣ថ្ងៃទៀត រូបលោកអាចចេញក្រៅ និងបំពេញការងារបានជាធម្មតាវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ បានថ្លែងឲ្យដឹងបន្តថា «ដោយសារតែខ្ញុំ ជាអ្នកជំងឺកូវីដកម្រិតធ្ងន់ អញ្ចឹ​ង​ហើយទំហំ នៃការប៉ះពាល់ទៅលើការរលាកសួត វាចូលទៅ២០ ទៅ៣០ភាគរយដែរ ហើយដើម្បីសង្រ្គោះជីវិត​យើង នៅបន្ទប់សង្រ្គោះបន្ទាន់នោះ អញ្ចឹងហើយយើងទាមទារឲ្យ មានការប្រើប្រាស់ថ្នាំច្រើនប្រភេទដែរ ទាំងថ្នាំព្យា​បាល​កូវីដផង ទាំងថ្នាំដើម្បីទប់ស្កាត់ពីការរីករាលដាល នៃការរលាកសួតរបស់យើងផង ហើយថ្នាំដែលផ្សះ ហើយ​ភាគ​ច្រើ​នប្រើថ្នាំផ្សះតែម្ដង ដើម្បីព្យាបាលនូវការរលាកសួតជាសំខាន់»។ តែយ៉ាងណាក៏ដោយ មកដល់ពេលនេះស្ថានភាពសួតរបស់លោក ផន ផល្លា​ បានជាសះស្បើយច្រើនហើយ។

លោក ផន ផល្លា បានរៀបរាប់បន្តថា រូបលោកក៏ប៉ះពាល់ថ្លើមដែរ ក្រោយជាសះស្បើយពីកូវីកម្រិតធ្ងន់ ដោយឡើងពងបែក ឬដំបៅពេញមាត់ ដែលធ្វើឲ្យលោកពិបាកញុំាអាហារជាទីបំផុត ហើយញុំាដោយមិនដឹងរសជាតិនោះឡើយ​ តែមកដល់ពេលនេះ ដំបៅដែលនៅក្នុងមាត់របស់លោក បានជាភាគច្រើនហើយដែរ។  

ជាមួយគ្នានេះ ចាប់តាំងពីការសម្រាកព្យបាលកូវីដមក លោកបានស្រកគីឡូអស់៨គីឡូ។ មិនត្រឹមប៉ុណ្ណោះ លោក ផន ផល្លា បានកើតកន្ទួលក្រហមៗ ស្ទើតែពេញខ្លួន ដោយតាមការវិភាគរបស់ក្រុមគ្រូពេទ្យទាំងនៅក្រៅស្រុក និង ក្នុងស្រុក អាចបណ្តាលមកពីការប្រើប្រាស់ថ្នាំច្រើនពេក ឬមកពីការប៉ះពាល់ថ្លើមរបស់លោក ឬអាចមកពីជំងឺសើរស្បែកណាមួយ។ យ៉ាងណាក៏ដោយ ទោះបីជាលោកកំពុងតែ ឡើងអ៊ុតក្រហមបែបដូច្នេះមែន តែវាមិនបង្កផលលំបាកដូចជារមាស់ ឬឈឺចាប់ឡើយ។

លោក ផន ផល្លា បានប្រាប់ទៀតថា រូបលោកនឹងបន្តតាមដានព្យាបាល  ក៏ដូចជាពិនិត្យឈាមដើម្បីឲ្យដឹងកាន់តែច្បាស់ ចំពោះអ្វីដែលកំពុងតែបានកើតឡើងចំពោះរូបលោក ក្រោយពីបានធ្វើចត្តាឡីស័កចប់គ្រប់។ ទោះជាបែបក្ដី លោក ផន ផល្លា បានកត់សំគាល់ឃើញថា ស្ថានភាពរបស់លោក មានលក្ខណៈល្អប្រសើច្រើនណាស់ ដោយលោកអាចគេងបានធម្មតា អាចញុំាអីដឹងរសជាតិមកវិញ ព្រមទាំងអាចហាត់ប្រាណបាន៣០នាទី នៅពេលព្រឹក និង៤៥នាទីនៅពេលល្ងាច។

ចំណែកឯកុមារកំព្រា និងបុគ្កលិក នៅមណ្ឌលកុមារកំព្រាមែកឈើវិញ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បា​ន​ជាពីជំងឺកូវីដ-១៩ ចំនួន១២នាក់ហើយ ដោយនៅសល់៨នាក់ទៀត កំពុងតែសម្រាកព្យាបាលបន្ត នៅមណ្ឌលព្យា​បា​លកោះពេជ្រ ។ រីឯកុមារកំព្រា ៥០នាក់ជាងទៀត រួមទាំងបុគ្គលិក១០នាក់ជាងទៀតនោះ គឺកំពុងតែជាប់ធ្វើចត្តាឡីស័ក នៅក្នុងទីតាំងរបស់មណ្ឌលផ្ទាល់តែម្តង៕ (ដោយ)៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម