ព័ត៌មានជាតិ
ក្រសួងរ៉ែនិងថាមពល សម្រេចពិន័យក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ ជាង២០ម៉ឺនដុល្លាររឿងលួចធ្វើអាជីវកម្មមុនមានអាជ្ញាប័ណ្ណ
ក្រសួងរ៉ែនិងថាមពល បានសម្រេចផាកពិន័យក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ ជាប្រាក់ប្រមាណ ៨២១ ១៧១ ០០០រៀល ស្មើនិង២០៥ ៣១៨ដុល្លារអាមេរិក នៅក្នុងសំណុំរឿងលួចធ្វើអាជីវកម្ម មុនពេលមានអាជ្ញាប័ណ្ណនិងច្បាប់អនុញ្ញាត។

ក្នុងករណីដែលក្រុមហ៊ុនយឺតយ៉ាវ ឬមិនព្រមបង់ប្រាក់ពិន័យតាមកាលកំណត់ ក្រសួងរ៉ែនិងថាមពល នឹងបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណអោយក្រុមហ៊ុនតាមការស្នើសុំ។ នេះបើយោងតាមឯកសារដែលចុះហត្ថលេខារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានជម្រាបទៅលោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដែលកម្ពុជាថ្មីទើបទទួលបាន។

នៅក្នុងលិខិតរបស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពល បានទទួលរួចហើយនូវលិខិតរបស់លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ ចុះថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២១ ស្នើបដិសេធលិខិតលេខ ៣៣៨ រថ កព ចុះថ្ងៃទី ២០ឧសភា ឆ្នាំ២០២០ របស់មន្ទីររ៉ែនិងថាមពលខេត្តកំពត និងលិខិតលេខ ០១១០ រថ អរស ចុះថ្ងៃទី ២១មករា ឆ្នាំ២០២១ របស់ក្រសួងរ៉ែនិងថាមពល ស្នើសុំឲ្យក្រសួងបង្កើតក្រុមការងារស្រាវជ្រាវលើទីតាំងជាក់ស្ដែងធ្វើអាជីវកម្មដីក្រហមនៅភ្នំថ្កូវ ស្ថិតនៅភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។


ករណីនេះក្រសួងរ៉ែនិងថាមពល បានចេញលិខិតលេខ ០១១០ រថ អរស ចុះថ្ងៃទី ២១មករា ២០២១ ដោយមានខ្លឹមសារបញ្ជាក់ថា ៖ ក្រុមហ៊ុនបានកាយយកអាចដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណអស់បរិមាណចំនួន ៥១ ៣២៩,៥០ម៉ែត្រគូប ល្មើសនិងមាត្រា៣៥ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការគ្រប់គ្រងអាជីវកម្មធនធានរ៉ែ ត្រូវរងការផាកពិន័យចំនួនស្មើនិង២ដងនៃចំនួនប៉ាន់ស្មានលើផលិតផលរ៉ែ ដែលបានជីកយកស្មើនិងទឹកប្រាក់ ៨២១ ២៧២ ០០០រៀល។
ក្រសួងទុករយៈពេល១៥ថ្ងៃគិតពីថ្ងៃចុះហត្ថលេខានៃលិខិត០១១០ រថ អរស ដើម្បីឲ្យក្រុមហ៊ុនតវ៉ាជាលាយល័ក្ដអក្សរ ផុតពីនេះក្រសួងនិងចេញលិខិតធ្វើការផាកពិន័យពុំទុកពេលតវ៉ទៀតឡើយ និងសម្រេចផាកពិន័យដូចខាងក្រោម៖
កំណត់យកតម្លៃប៉ាន់ស្មានដីក្រហមស្មើ ៨ ០០០ ក្នុង១ម៉ែត្រត្រីគុណ ។
៨ ០០០ គុណនិង ៥១ ៣២៩.៥០គុណ២ ស្មើ ៨២១ ២៧២ ០០០ រៀល ។
លោក អេង អូន ត្រូវមកទំនាក់ទំនងការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែនៃនាយកដ្ឋានផែនការសេដ្ឋកិច្ចធនធានរ៉ែនៃទីស្ដីការក្រសួងដើម្បីទទួលយកលិខិតបញ្ជាបង់ប្រាក់ និងត្រូវបង់ប្រាក់មិនឲ្យលើសពី៣០ថ្ងៃ ។ ក្នុងករណីមិនអនុវត្តតាមកាលកំណត់ ក្រសួងនឹងសម្រេចបដិសេធការស្នើសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននៅលើតំបន់ខាងលើ និងបន្តចាត់វិធានការតឹងទារបំណុលតាមនីតិវិធីច្បាប់ជាធរមាន។ ប្រភពព័ត៌មានពីក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា ទោះបីមានការព្រមានធ្ងន់ៗ តែក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវរបស់លោក អេង អូន នៅមិនទាន់បង់ប្រាក់ពិន័យទេ ថែមទាំងមានចេតនាគេចវេះការទទួលខុសត្រូវបង់ពន្ធទៀតផង។ លោក អេង អូន ត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍ ភ្នំថ្កូវ ស្រុកកំពង់ត្រាច ខេត្តកំពត។

ពាក់ព័ន្ធនិងការលួចធ្វើអាជីវកម្មរ៉ែដីក្រហមនៅភ្នំថ្កូវ ប្រភពព័តិមានពីខេត្តកំពតបានឲ្យដឹងថា មានអភិបាលរងខេត្តម្នាក់ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចដកតំណែង ដោយសារជាប់ពាក់ព័ន្ធនិងទ្រព្យសម្បត្តិរដ្ឋនិងការឃុបឃិតគ្នាជាមួយឈ្មួញបំផ្លាញធនធានធម្មជាតិនៅខេត្តកំពត៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


