Connect with us

ព័ត៌មានជាតិ

ច្បាស់ហើយ! លោកស្រី ឱ វណ្ណឌីន បកស្រាយ ហេតុអ្វីកម្ពុជាទិញវ៉ាក់សាំង​កូវីដ-១៩ពីចិន មិនទិញរបស់អាមេរិក?

បានផុស

នៅ

បន្ទាប់ពីមានការលើកឡើងថា កម្ពុជាទិញវ៉ាក់សាំងកូវីដ-១៩តែពីសារណរដ្ឋមានិតចិន មិនទិញវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិកនោះ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបកស្រាយពីមូលហេតុដើម្បីឆ្លើយតបចំពោះការលើកឡើង និងចម្ងល់ទាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា មិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនចង់រកវ៉ាក់សាំងពីប្រទេសដទៃនោះទេ តែរកទិញមិនបាន។ លោកស្រី បានបញ្ជាក់ថា ប្រទេសដែលផលិតវ៉ាក់សាំងខ្លះអាត្មានិយម ផលិតវ៉ាក់សាំងបាន គឺទុកចាក់តែពលរដ្ឋរបស់ពួកគេ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អ្នកខ្លះសួរថា ហេតុអ្វីបានជាទៅទិញតែពីចិន ម៉េចក៏អាមេរិកអី មិនទិញ? មិនមែនមិនចង់ទិញទេ តែទិញវាមិនបាន។”

លោកស្រី មានប្រសាសន៍បញ្ជាក់ថា៖ “វ៉ាក់សាំងនេះ វាមានប្រសិទ្ធភាព និងគុណភាពដូចគ្នា បើយើងមិនទិញពីចិន តើយើងទៅទិញពីណា? បើប្រទេសធំៗមួយចំនួន គាត់ផលិតមក គាត់ចាក់ជូនប្រជាពលរដ្ឋគាត់សិន គាត់អត់មានលក់ទៅឱ្យប្រទេសណា គាត់ចាក់ឱ្យប្រជាពលរដ្ឋគាត់សិនហ្នឹង!”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានអះអាងថា វ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា គឺមានប្រសិទ្ធភាពដូចវ៉ាក់សាំងដទៃទៀតផងដែរ។ មុននឹងការសម្រេចដាក់ឱ្យប្រើប្រាស់បន្ទាន់ចំពោះវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ក៏ដូចជាវ៉ាក់សាំងដទៃទៀត គឺអង្គការសុខភាពពិភពលោក បានសិក្សាស្រាវជ្រាវច្បាស់លាស់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ខ្ញុំសូមជម្រាបថា មុននឹងអង្គការសុខភាពពិភពលោកគេដាក់នូវវ៉ាក់សាំងឱ្យប្រើប្រាស់ គឺអង្គការសុខភាពពិភពលោក ដែលយើងហៅថា WHO បានសិក្សាហ្មត់ចត់ណាស់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំង។ អ៊ីចឹងវ៉ាក់សាំងអីក៏ដោយ ទោះបីវ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ ភីហ្វាយស័រ ចនសុនចនសុន អាស្ត្រាហ្សេនីកា ឬក៏ម៉ូដេណា គឺសុទ្ធសឹងជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាព មានសុវត្ថិភាព ប្រើប្រាស់នៅលើមនុស្ស”។ 

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានធ្លាប់បានបញ្ជាក់ហើយដែរថា បើគ្មានការជួយផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសចិនទេនោះ កម្ពុជា មិនអាចសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនោះឡើយ សូម្បីតែ២០ភាគរយ ក៏មិនបានផង។

មកដល់ពេលនេះ ប្រទេសកម្ពុជា មានវ៉ាក់សាំងកូវីដ-១៩ ១៦លានដូសហើយ រួមមាន វ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលជាផលិតផលរបស់ចិន និងវ៉ាក់សាំង អាស្ត្រាហ្សេនីកា ផលិតផលរបស់សហរដ្ឋអាមេរិក។ គិតត្រឹមយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,០៦១,៣០៥នាក់ ឬស្មើនឹង ៦០.៦១% នៃលទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់។

នៅថ្ងៃនេះផងដែរ លោកស្រី ឱ វណ្ណឌីន បាននាំយកថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារផ្សេងទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទី៦លាន ដែលបានទៅលើ លោកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២៩ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម