Connect with us

ព័ត៌មានជាតិ

ស្នងការ​នគរបាល​ខេត្តកោះកុង បំភ្លឺ​ករណី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ ស្លាប​ប៉ា​កា​ទេវរាជ​រិះគន់ថា ​ចាក់​វ៉ាក់សាំង​ជា គម្រោង​ប្លន់​អាយុជីវិត​ប្រជាជន

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ បាន​បកស្រាយ​បំភ្លឺ​ជុំវិញ​ករណី​មាន​បុរស​ម្នាក់ ​ដែលជា​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ​ស្លាប​ប៉ា​កា​ទេវរាជ បង្ហោះ​រិះគន់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​របស់​ចិន​ ជា​ការរៀប​គម្រោង​ប្លន់​អាយុជីវិត​ប្រជាជន និង​ថែមទាំង​តាំង​ខ្លួន​ជា​ខ្សែលោហិត​រាជវង្ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង បដិសេធ​ទាំងស្រុង​ចំពោះ​ការ​បង្ហោះ​រិះគន់​ជុំវិញ​បុគ្គល​ឈ្មោះ ផុន កុល​ចំរើន ដែល​ជា​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ស្លាប​ប៉ា​កា​ទេវរាជ លើ​សកម្មភាព​របស់គេ​បាន​បង្ហោះ​រិះគន់​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុងមាន​តម្រូវការ​ចង់បាន​ខ្ពស់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។ ដោយ​មានការ​បទបញ្ជា​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង​កិច្ចសហការ​ជួយ​នឹង​នាយកដ្ឋាន​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា លោក គង់ មនោ ក៏បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​អធិការនគរបាល​ស្រុកស្រែ​អំបិល​ ចុះ​ពិនិត្យ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​។ បន្ទាប់ពី​ជនសង្ស័យ​ឈ្មោះ កុល​ ចំរើន អាយុ​៣២​ឆ្នាំ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១​ បាន​បង្ហោះ​និយាយ​រិះគន់​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត លើ​កឡើង​ថា បុគ្គល​ឈ្មោះ ផុន កុល​ចំរើន បង្ហោះ​រៀបរាប់ថា ចាក់​វ៉ាក់សាំង​របស់​ប្រទេស​ចិន​មិនទាន់មាន​ការទទួលស្គាល់​ ដោយ​អង្គការ​សុខភាព​ពិភពលោក ការចាក់​វ៉ាក់សាំង​យក​កាត គឺជា​ការរៀប​គម្រោង​ប្លន់​អាយុជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ និង​តាំង​ខ្លួន​សែ​លោហិត​រាជវង្ស​ព្រះអង្គម្ចាស់ ស៊ី វុត្ថា ដែលជា​បុត្រា​របស់​ព្រះ​អង្គឌួងជាដើម​។

បន្ថែម​លើ​នេះ លោកស្នងការ​នគរបាលខេត្តកោះកុង ក៏បានអំពាវនាវ​ដល់​មហាជន​ទាំងអស់ មេត្តា​កុំ​បន្ត​ចាញ់​បោក​ការបង់​ថវិកា​ចូល​តាម​សំណេរ​របស់​បុគ្គល កុល​ ចំរើន ចំពោះ​វីដេអូ​របស់គេ​ដែល​បាន​បង្ហោះ​តាម​វេ​លុយ​លេខ​កុង​ធនាគារ​ABA​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​នេះ​។

​ដោយឡែក​លោក ទិ​ត្យ សុ​ផា មុខរបរ​បើក​កន្លែង​ព្យាបាល​ជំងឺ​ទូទៅ រស់នៅ​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ជា​ឪពុក​បង្កើត​របស់​ឈ្មោះ ផុន កុល​ចំរើន ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ផេ​ន​ឈ្មោះ​ស្លាបប៉ាកកា​ទេវរាជ ក៏​ចេញមុខ​ដើម្បី​សុំទោស​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន និង​សាធារណជន​ទូទៅ មេត្តា​ក្តី​យោគយល់​អនុគ្រោះ​ចំពោះ​ទង្វើ​មិនគួរ​គាប់​របស់​កូន​ដែលមាន​ជំងឺ​ប្រសាទ​ប្រចាំកាយ​។ ដូច្នេះ​កុំ​មានការ​ភ័ន្តច្រឡំ ឬ​ចាត់ទុក​ពាក្យសម្តី​មិន​គប្បី​ដែល​ឈ្មោះ កុល​ចំរើន រឿង​ផ្លូវការ​បន្តទៀត​។ មូលហេតុ​ដែល​កូន​របស់គាត់​បង្ហោះ​យ៉ាង​ដូច្នេះ ព្រោះ​តែមាន​ជំងឺ​ប្រសាទ​ប្រចាំកាយ​សតិ​មិន​គ្រប់គ្រាន់​ចាប់ពី​តាំង​ប្រពន្ធ​របស់លោក​ស្លាប់ចោល​កាលពី​ឆ្នាំ​២០១៥ ដោយ​ក្រោយ​ភរិយា​​លោក​ស្លាប់​បាន​៣​ទៅ​៤​ខែ​ឈ្មោះ ផុន កុល​ចំរើន ចេះតែ​និយាយស្តី​បែប​រវើរវាយ​ស្មារតី​មិន​នឹងន​និយាយ​តែ​ផ្ដេសផ្ដាស​ខុសធម្មតា​។

​បើតាម​លោក ទិ​ត្យ សុ​ផា ដែល​ជា​ឪពុក​បង្កើត​របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ស្លាបប៉ាកកា​ទេវរាជ បាន​នាំ​រូបគេ​ទៅពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ​សុខភាព ហើយ​គ្រូពេទ្យ​បាន​បញ្ជាក់ថា កូន​របស់គាត់​ពិតជា​មាន​ជំងឺ​សរសៃ​ប្រសាទ​ប្រាកដ​មែន តម្រូវឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី​ប្រើប្រាស់​ជា​បន្តបន្ទាប់​។ ក្រោយពេល​អនុវត្ត​ការ​ថ្នាំលេប​ព្យាបាល​អស់​តាម​ចំនួន រូបលោក​ជា​ឪពុក​និយាយ​លួងលោម​កូន ដើម្បី​ទៅយក​ថ្នាំ​បន្ត​ពី​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ ក៏ប៉ុន្តែ​ត្រូវ​អ្នកជំងឺ​គេចវេះ​មិន​ទៅ អំឡុង​ពេលនោះ​អារម្មណ៍​របស់​កូនប្រុស​គាត់​ចេះតែ​និយាយ​គ្មាន​ការពិចារណា​ពុំ​ដឹង​ខុសត្រូវ​។

​ទាក់ទិន​នឹង​ការ​បង្ហោះ​ហ្វេ​ក​ប៊ុ​ក​រិះគន់​សារ ឬ​អធិប្បាយ​នានា​រយៈពេល​ចុងក្រោយ​នេះ បុគ្គល​ឈ្មោះ ផុន កុល​ចំរើន ពុំបាន​រួមរស់​នៅ​ជាមួយ​ក្រុមគ្រួសារ​បងប្អូន​ឡើយ ព្រោះតែ​ការមិន​ស្តាប់​ការអប់រំ​ណែនាំ​របស់​ឪពុក និង​កិច្ចសន្យា​លើ​ទី​១​ជាមួយ​សមត្ថកិច្ច​នគ​របាល រូបគេ​ក៏​សុំ​ចិត្ត​ទៅធ្វើ​ខ្ទម​មួយ​នៅ​កណ្តាល​វាលស្រែ​ដែល​ឆ្ងាយ​ពី​ផ្ទះ​តែម្នាក់ឯង​។ លុះ​៦​ថ្ងៃ​ក្រោយមក​គិត​ត្រឹម​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​ថ្មីៗ​នេះ កម្លាំង​នគរបាល​ស្រុកស្រែ​អំបិល ចុះទៅ​ដល់ផ្ទះ​របស់​បុគ្គ​ល​ឈ្មោះ កុល​ចំរើន គឺ​ជួប​តែ​ឪពុក​ទេ ចំណែក​កូន​គាត់​បាត់​ដំណឹង​សូន្យឈឹង មិន​ដឹង​ទៅ​ទីណា​ទេ ទោះ​ឪពុក​ព្យាយាម​ទាក់ទង​ទៅ​កូនស្រី​របស់លោក​នៅឯ​ភ្នំពេញ ក៏​កូនស្រី​និយាយថា​ មិនបាន​ឃើញ​រូប​បងប្រុស​ដែរ​។

​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ គឺ​លោក ទិ​ត្យ សុ​ផា បាន​សន្យា​ថា​នឹង​ខិតខំ​ស្វែងរក​កូន​របស់ខ្លួន​ឱ្យឃើញ ដើម្បី​នាំយកមក​ផ្ទះ​វិញ ដោយសារ​កូន​គាត់​ម្នាក់​នេះ​ មាន​សតិ​មិន​ប្រក្រតី​ហើយ​ឈប់​ឱ្យគេ​ប្រើ​ទូរសព្ទ​ស្មា​ត​ហ្វូ​ន​បន្តទៀត ព្រមទាំង​ប្រគល់ឱ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​លើក​ទី​២ ក្នុង​ករណី​មិន​គោរព​កិច្ចសន្យា​ណែនាំ​ទេ​នោះ​នឹង​អនុវត្ត​ទៅតាម​វិធានការ​ច្បាប់​៕

​អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម