Connect with us

ព័ត៌មានជាតិ

ខណ្ឌ​ណា​បើកដៃ​ឱ្យមាន​ការបើក​ក្លឹប​កម្សាន្ត ជួបជុំគ្នា​ផឹកស៊ី និង ច្រៀង​រាំ​សប្បាយ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ថ្នាក់លើ

បានផុស

នៅ

ភ្នំពេញ ​៖ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ​ក្នុងករណី​អធិការ​ខណ្ឌ​ទាំង​១៤ បណ្តែតបណ្តោយ​ឲ្យមាន​កា​របើក​ក្លឹប​កម្សាន្ត ជួបជុំគ្នា​ផឹកស៊ី ច្រៀង​រាំ​សប្បាយ​ល្មើស​វិធាន​ក្រសួងសុខាភិបាល គឺ​ទទួលខុសត្រូវ​ចំពោះមុខ​ថ្នាក់លើ ហើយ​កុំ​ឆ្លើយថា បទល្មើស​កើត​ហើយ​ថា មិនដឹង​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាន​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ​នេះ​ធ្វើឡើង​បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា កន្លងទៅ​ថ្មីៗ​នេះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចេញ​ស្រាវជ្រាវ​និង​ត្រួតពិនិត្យ​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​មួយកន្លែង ក្នុង​ខណ្ឌដូនពេញ យីហោ LOVE កាលពី​យប់​អធ្រាត្រ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ឃាត់ខ្លួន​ជនបរទេស​និង​ជនជាតិខ្មែរ​ជាច្រើន​នាក់ រួម​និង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​ទៀតផង ខណៈ​ទីតាំង​នោះ​បានធ្វើ​សកម្មភាព​ប្រមូលផ្តុំ​ជួបជុំគ្នា​ផឹកស៊ី ច្រៀង​កម្សាន្ត និង​មានការ​ប្រើប្រាស់​គ្រឿងញៀន​។

ជាង​នេះ​ថែមទៀត ក្នុង​ប្រតិបត្តិ​ការ​ចុះ​ត្រួតពិនិត្យ​និង​ល្បាត​តាម​ភូមិសាស្ត្រ​នានា​ក្នុង​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ កន្លង ក៏​ធ្លាប់​បាន បង្ក្រាប​ក្លឹប​កម្សាន្ត​ដែលមាន​ការ​ប្រមូលផ្តុំ​ជួបជុំគ្នា​ផឹកស៊ី ច្រៀង​ខារ៉ាអូខេ ជា​បន្តបន្ទាប់​ផងដែរ​ដូចជា​នៅ​ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តាម​បណ្តា​ខណ្ឌ​ផ្សេងទៀត​ផងដែរ​។

ការបង្កើន​ការចេញ​ល្បាត​ត្រួតពិនិត្យ​ពង្រឹង​សន្តិសុខ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​សំណាក់​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​រាជធានី​ភ្នំពេញ ជា​ជាពិសេស​ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​វិធាន​ក្រសួងសុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប​លើ​ការងារ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ ខណៈ​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​១៩ នៅក្នុង​សហគមន៍​រាជធានី​ភ្នំពេញ នៅតែមាន​សភាព​ស្មុគស្មាញ​ហើយ​បន្ត​ឆ្លង​រាលដាល មិនទាន់មាន​សភាព​ធូរស្បើយ​នៅឡើយ​នោះទេ​។

វិធាន​ការ​ចុះ​ល្បាត​ត្រួតពិនិត្យ​នៅពេល​យប់​អនុវត្ត​ជាប្រចាំ​ពី​សំណាក់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​នោះ​ផង​ទៀត ក៏​គេ​មើលឃើញ​ថា ក៏បាន​ចុះ​អប់រំ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ប្រមូល​ផ្តុំ​ជួប​ផឹកស៊ី​នៅ​តាម​ផ្ទះ តាម​រោង​សិប្បកម្ម ការដ្ឋាន​សំណង់ ដែល​ស្រែកច្រៀង​ឡូឡា​ដាស់​បាស់​ប៉ះពាល់​រំខាន​ដំណេក​និង​ការរស់នៅ​របស់​អ្នកជិតខាង និង​ការជួប​ជុំ​នោះ​ក៏​មាន​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ណែនាំ​ឱ្យ​បញ្ឈប់​នៃ​ការ​ជួបជុំ​ផឹកស៊ី​ផងដែរ។

ក្នុង​កិច្ច​ការងារ​នៃ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​រាជធានី​ភ្នំពេញ ជាពិសេស​ការបើក​លួចលាក់​ក្លិប​កម្សាន្ត ខារ៉ាអូខេ ដែលជា​សកម្មភាព​ផ្ទុយ​និង​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​វិធាន​ក្រសួងសុខាភិបាល នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ zoom meeting ស្តីពី​ការត្រួតពិនិត្យ​លទ្ធផល​សកម្មភាព​អនុវត្ត​ការងារ​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ លើ​ការងារ​ការពារ​សន្តិសុខ​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​កាលពី​អំឡុង​ខែមិថុនា​កន្លងទៅនេះ​។

សូម​បញ្ជាក់​ថា ក្នុង​អំឡុង​ដែល​រាជធានី​ភ្នំពេញ នៅតែមាន​ហា​និភ័យ​ឆ្លង​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ គេ​សង្កេតឃើញថា ការលួចបើក​ក្លិប​កម្សាន្ត ខារ៉ាអូខេ ជួបជុំ​ផឹកស៊ី​ខ្លះ​នៅតែ​កើតមាន ដោយ​លួចលាក់ តាម​បណ្តា​ខណ្ឌ​មួយចំនួន​ដោយ​មិន​គោរព​វិធាន​ក្រសួងសុខាភិបាល ហើយ​ត្រូវបាន​រង​ការ​បង្ក្រាប​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់​រួចហើយ​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម