Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថានគ្រោងបង្កើតស្លាកយីហោ “ស្រូវមិត្តក្រៀល” ដើម្បីលើកកម្ពស់ជីវភាពសហ គមន៍ និងអភិរក្សសត្វក្រៀល

បានផុស

នៅ

ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈពេលទស្សនកិច្ចពិនិត្យមើលគម្រោងស្រូវមិត្តក្រៀល និងពិធីផ្តល់អំណោយបន្ទាន់ជូនពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែលរស់នៅជុំវិញតំបន់ការពារទេសភាព អន្លង់ព្រីងក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ 

លោកថា សត្វក្រៀល ដែលជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា កិច្ចផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កសិករនៅមូលដ្ឋាន ថែមទាំងផ្តល់សារៈសំខាន់ ដល់សត្វក្រៀល និងសត្វស្លាបតំបន់ដីសើមផ្សេងទៀតដែលមានវត្តមាននៅតាមវាលស្រែ។ 

លោកថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបាននឹងកំពុងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាននៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរពលក្ខខណ្ឌមិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុល ដើម្បីចាប់សត្វស្លាប  មិនពង្រីកដីដំណាំរបស់ខ្លួនលើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្រើថ្នាំពុលកសិកម្ម និងជីគីមីឡើយ។

បើតាមលោក នេត្រ ភក្ត្រា ចំពោះស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា ៥០ ភាគរយ ត្រូវបានច្រូត និងវេចខ្ចប់ដាក់លក់លើទីផ្សារ និងដោយឡែកប្រមាណ ៥០ ភាគរយទៀត ត្រូវបានរក្សាទុកក្នុងស្រែ ដើម្បីជាចំណីបន្ថែមដល់សត្វក្រៀល និងជាចំណីរបស់ប្រភេទសត្វស្លាបផ្សេងទៀត។ លោកបញ្ជាក់ទៀតថា ការការពារ និងអភិរក្សសត្វក្រៀលទទួលបានជោគជ័យ លុះត្រាតែមានការគិតគូរពីជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។

ក្រសួងបរិស្ថាននឹងបន្តធ្វើការជាមួយអង្គការពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារសម្រាប់ស្រូវមិត្តក្រៀលនេះ ដើម្បីធ្វើឱ្យការសាកល្បងនេះទទួលបានជោគជ័យ ដែលអាចឈានទៅដល់ការជំរុញ និងលើកទឹកចិត្តប្រជាកសិករ​នៅតំបន់នេះ ចូលរួមដាំស្រូវមិត្តក្រៀលនេះ ហើយលក់បានក្នុងតម្លៃខ្ពស់ ព្រោះបានផ្សារភ្ជាប់នឹងការអភិរក្សជីៅវៈចម្រុះជាពិសេសចូលរួមក្នុងការការពារនិងអភិរក្សប្រភេទសត្វ កម្រៗដែលងាយរងគ្រោះអាចបន្តស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ចំណែកលោក ប៊ូ វរសក្ស នាយកស្តីទីរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងជានាយកកម្មវិធីប្រចាំកម្ពុជារបស់អង្គការជីវិតសត្វស្លាបអន្តរជាតិបានថ្លែងថា យើងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងគោលបំណងដើម្បីធានាថា តំបន់ការពារទេសភាពអន្លង់ព្រីងនៅតែបន្តដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់សត្វក្រៀលកុំឱ្យផុតពូជ។ យើងត្រូវធ្វើឱ្យវាលស្រែនៅជុំវិញតំបន់នេះ ក្លាយជាទីជម្រក និងជាកន្លែងផ្តល់ចំណីដ៏មានសុវត្ថិភាពដល់ពួកវា។ 

មកដល់ពេលនេះ យើងបានជួលដីធ្វើស្រូវមិត្តក្រៀលជាមួយនឹងប្រជាសហគមន៍ចំនួន១៦ គ្រួសារ ដែលមានផ្ទៃដីទំហំ១៧ ហិចតា រយៈពេល១០ឆ្នាំ ដើម្បីសាកល្បងដាំស្រូវឱ្យក្រៀលស៊ី និងផ្តល់ប្រាក់ចំណូលបន្ថែមដល់សហគមន៍មូលដ្ឋាន។ បើតាមលោក ប៊ូ វរសក្ស ប្រជាពលរដ្ឋនៅតំបន់នេះបានចូលរួមជាមួយគម្រោង ស្រូវមិត្តក្រៀល ហើយចំនួនកសិករដែលនឹងអនុវត្តគម្រោងនេះនឹងមានចំនួនកើនឡើងក្នុងឆ្នាំខាងមុខ។

រីឯលោក Marc Hoogeslag អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ IUCN-Netherland បាននិយាយថា ដើម្បីកាត់បន្ថយសម្ពាធពីការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត គឺតម្រូវឱ្យយើងស្វែងរកតុល្យភាពរវាងតម្រូវ​ការរបស់មនុស្សនិងសត្វ។

ការធ្វើស្រូវមិត្តក្រៀលសម្រាប់ការអភិរក្សនៅតំបន់ការពារទេសភាពអន្លង់ព្រីងនេះ គឺជាគម្រូដ៏ល្អមួយដែលផ្តល់ផលប្រយោជន៍ដល់កសិករ ព្រមទាំងលើកទឹកចិត្តដល់ពួកគាត់ក្នុងការចូលរួមការអភិរក្សសត្វស្លាបព្រៃ ដែលកំពុងរងគ្រោះនៅលើសកលលោកផងដែរ។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត មានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តកំពត បានយកចិត្តទុកដាក់ នៅក្នុងការពារថែរក្សាអភិរក្សជីវៈចម្រុះ នៅតំបន់ការពារទេសភាពអន្លង់ព្រីង។ យើងមានមន្ត្រីឧទ្យានុរក្សប្រចាំការ និងចូលរួមសហការជាមួយអាជ្ញារធរមូលដ្ឋាន និងអង្គការដៃគូនានាក្នុងការការពារ អភិរក្ស និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ និងតម្លៃនៃសត្វស្លាបកម្រ ជាពិសេសសត្វក្រៀល។

ការធ្វើស្រូវមិត្តក្រៀលនេះ គឺបានចូលរួមផ្តល់ចំណីបន្ថែមដល់សត្វក្រៀលដែលតែងតែមករកចំណីនៅតំបន់នេះនៅរដូវមិនបន្តពូជ។

លោក វ៉ាន់ បូរ៉ា មេឃុំបឹងសាលាខាងត្បូងបានលើកឡើងថា “ខ្ញុំសូមគាំទ្រដល់គម្រោងធ្វើស្រូវមិត្តក្រៀលនេះ ហើយសង្ឃឹមថា នាពេលអនាគតឃុំយើងខ្ញុំនឹងក្លាយជាតំបន់ដ៏មានសុវត្ថិភាពសម្រាប់សត្វក្រៀលមកពឹងអាស្រ័យ”។

ចំណែក លោក តឹប ខាយ កសិករនៅភូមិកោះចម្ការបានរៀបរាប់ថា ”ខ្ញុំចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលសាកល្បងនេះ ដោយសារបានចំណូលបន្ថែម ហើយការធ្វើស្រូវមិត្តក្រៀលនេះមិនប្រើប្រាស់ជីនិងថ្នាំគីមី ដែលធ្វើឱ្យសត្វក្រៀលមានចំណីស៊ីច្រើនជាងមុន។លើសពីនេះទៅទៀតការធ្វើស្រូវមិត្តក្រៀល អាចជួយដល់ការអភិរក្សសត្វក្រៀល និងទាក់ទាញភ្ញៀវទេចរមកមើលសត្វក្រៀល ទេសភាពធម្មជាតិ និងវប្បធម៌នៅតំបន់យើងទៀតផងដែរ”។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះអង្គការដៃគូ និងប្រជាកសិកររស់នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ដែលបានចូលរួមសហការក្នុងការអភិរក្សសត្វក្រៀលនិងប្រភេទសត្វកម្រផ្សេងទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ  បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រការអនុវត្តគម្រោងស្រូវមិត្តក្រៀល និងទិញអង្ករមិត្តក្រៀល ដើម្បីហូបដែលមានន័យថាបងប្អូនប្រជាពលរដ្ឋបានចូលរួមក្នុងការអភិរក្សសត្វក្រៀលដែលជាប្រភេទ សត្វកម្រ និងសត្វស្លាបផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា សត្វក្រៀលដែលឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Antigone antigone sharpii គឺជាប្រភេទសត្វស្លាបមួយ ដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។ យោងតាមការធ្វើជំរឿនសត្វក្រៀលនៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀលមានប្រមាណ១៩៤ ក្បាលប៉ុណ្ណោះ។

ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាពងកូននៅមានកម្រិតទាប។ លើសពីនេះមានកត្តាគំរាមកំហែងផ្សេងៗដូចជាការបាត់បង់ទីជម្រក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម