Connect with us

ព័ត៌មានជាតិ

ទារិកាកើតក្នុងត្រកូលអ្នកក្រីក្រ ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា​ដោយសារតែសុខភាពខ្សោយ

បានផុស

នៅ

ភាពលំបាករបស់កម្មការិនីកាត់ដេរម្នាក់ដែលគ្មានលុយទៅសម្រាលកូនក្នុងមន្ទីរពេទ្យហើយសុខចិត្តសម្រាលកូនក្នុងបន្ទប់ជួលទាំងផ្សងព្រេងគ្រោះថ្នាក់នោះ មកដល់ពេលនេះកូនស្រីរបស់នាងត្រូវបានគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផាវិញ ដោយស្ថានភាពទារិកាខ្សោយកម្លាំងខ្លាំងពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឱ្យកម្ពុជាថ្នីដឹងតាមរយៈទូរសព្ទ័ នៅថ្ងៃទី ២៦ខែកក្កដានេះថា ខណៈនេះគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានសម្រេចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ​គន្ធបុប្ផានារសៀលថ្ងៃទី២៦ខែកក្កដានេះព្រោះតែទារិកាមានសុខភាពខ្សោយទៅៗ។ចំណែកម្តាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅនៅឡើយ។

លោក សេង វ៉ាន់ថា បានបញ្ជាក់ពីរឿងរ៉ាវដ៏កំសត់របស់គ្រួសារក្រីក្រមួយនេះថា កាលពីវេលាម៉ោង១៨៖៣០​នាទីព្រលប់ថ្ងៃទី២៤ខែកក្កដាកន្លងទៅនេះមានស្ត្រីម្នាក់ឈ្មោះគឹម សុខមាន រីឯប្តីឈ្មោះ ចាន់ ពិសី រស់នៅក្នុងបន្ទប់ជួលលេខ១៦ ក្រុម៥ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញបាន​ឈឺ​ពោះរហូតដល់សម្រាលបានទារិកាម្នាក់ហើយប្រជាពលរដ្ឋដែលរស់នៅក្បែបន្ទប់ជួលបានសុំកិច្ចអន្តរា​គមន៍​ពីអាជ្ញាធរឲ្យជួយសង្រ្គោះដល់ស្ត្រីដែលកំពុងសម្រាលដោយគ្មានគ្រូពេទ្យជួយតាមលក្ខណៈបច្ចេកទេសដែលក្នុងនោះគឺមានតែប្តីនៅចាំទាញក្បាលកូននៅចុងជើងប្រពន្ធ។

ហើយបន្ទាប់ពីទទួលបានពត័មាននេះភ្លាមលោកចៅសង្កាត់ស្ទឹងមានជ័យ២និងរូបលោកចៅរងទី១បានចុះ​ទៅ​ដល់បន្ទប់ជួលព្រមទាំងសុំរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅឲ្យមកដឹកយកទាំងម្តាយទាំងកូនយកទៅធ្វើការសង្រ្គោះជីវិតព្រោះម្តាយនិងកូនកាន់តែខ្សោយទៅៗ។

បើតាមការរៀបរាប់ពីឈ្មោះ ចាន់ ពិសី ដែលត្រូវជាប្តីបានប្រាប់ថា ខ្លួនគ្មានថវិកាយកប្រពន្ទទៅសម្រាលកូននៅមន្ទីរពេទ្យទើបសម្រេចចិត្តសម្រាលនៅបន្ទប់ជួលតែម្តងទៅ ព្រោះគ្មានលទ្ធភាព។

ក្នុងនោះលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ក៏សុំអំពាវនាវដល់សប្បុរសជនដែលមានលទ្ធភាពសូមជួយឧបត្ថម្ភដល់គ្រួសារនេះផង។

ព្រោះមកដល់ពេលនេះគាត់គ្មានលុយកាក់ជាប់ខ្លួននោះទេហើយក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅស្ថិតនៅខាងត្បូងសាលាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម