រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រែក្លាយក្រុង​សួង ជាទីក្រុងទេសចរគ្មានផ្សែងបារី​ក្នុង​ឆ្នាំ ២០២១ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រែក្លាយក្រុង​សួង ជាទីក្រុងទេសចរគ្មានផ្សែងបារី​ក្នុង​ឆ្នាំ ២០២១

Published

on

ខេត្តត្បូងឃ្មុំ÷ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាស្ដីពី(បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ ១៩) ក្នុងនោះក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលខេត្ត ប្រធាន/អនុប្រធាមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនិងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជនវិស័យទេសចរណ៍ ឲ្យចូលរួមផ្សព្វផ្សាយបរិស្ថានគ្មានផ្សែងបារីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងការលើកកម្ពស់សុវត្ថិភាពសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា កិច្ចប្រជុំនេះក៏នឹងបង្ហាញ និងណែនាំពីផលប៉ះពាល់នៃការជក់បារីដែលងាយរងគ្រោះក្នុងការទទួលការ​ឆ្លង​ជំងឺ​កូវីដ១៩ និងផ្ដល់នូវវិធានវាយតម្លៃដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍និងជាពិសេសគ្រោងជំរុញទីក្រុងសួង ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីក្នុងបំណាច់ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្ដម ហោ សារុន បន្តថា ស្ថិតក្នុងបរិបទនៃការរីករាលដាលចម្លងជំងឺវីរុសរលាកសួតប្រភេទថ្មីកូវីដ១៩ កម្ពុជាក៏ដូចជា ពិភពលោកទាំងមូល បានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលក្នុងនោះវិស័យទេសចរណ៍ ក៏រងផលប៉ះពាល់ខ្លាំងជាងគេ។ ដើម្បីឆ្លើយតបទៅនឹងសភាពការ បច្ចុប្បន្នក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែង រៀបចំវិធានការសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មទាំង៦ រួមមានវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការដឹកជញ្ជូនផ្លូវគោក វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការដឹកជញ្ជូនផ្លូវទឹក វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍មូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញខ្លី និងការចូលរួមមតិពីអង្គប្រជុំ និងជាពិសេសការពិភាក្សាជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតឲ្យក្លាយទៅជាទីក្រុងទេសចរណ៍ ដែលគ្មានផ្សែងបារីនៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ដោយដំណាក់កាលដំបូងរដ្ឋបាលខេត្ត ជំរុញការចាប់ផ្ដើមចេញពីក្រុងស្វាយរៀង នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងអាងហែលទឹក ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងតំបន់ប្រវត្តិសាស្រ្តក្នុងខេត្ត ៕

អត្ថបទ៖ សាន វិឡែម

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម