Connect with us

ព័ត៌មានជាតិ

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ៖ ចាក់វ៉ាក់សាំងដល់កុមារ គឺពិត ជាល្អចំពោះសិស្ស ស្ថាប័នអប់រំ និងសុខុមាលភាពទូទៅ

បានផុស

នៅ

អ្នកជំនាញផ្នែកសុខភាព បានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុពី១២ឆ្នាំ ដល់​១៧​​ឆ្នាំ គឺជាចំណុចដ៏ល្អមួយ ដែលអាចឲ្យពួកគេមានប្រព័ន្ធការពារ ដូចមនុស្សពេញវ័យដែរ។ ម្យ៉ាងទៀត នៅពេល​បានចាក់វ៉ាក់ដល់កុមាររួចរាល់ នឹងធ្វើឲ្យឪពុក-ម្ដាយ និងអាណាព្យាបាលសិស្ស មានទំនុកចិត្តខ្លាំងក្នុងការបញ្ជូនកូន របស់ពួកគេទៅរៀន នៅពេលដែលសាលារៀនចាប់ផ្ដើមបើកដំណើរការឡើងវិញ។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០​២១ខាងមុខ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព។ ក្រសួងសុខាភិបាល ក៏បានជូនព័ត៌មាន កាលពីថ្ងៃម្សិលមិញដែរថា យុទ្ធនាការ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ​ និងយុវវ័យ មានអាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែ​សីហា ឆ្នាំ២០២១ ដែលចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈដ្ឋានជាច្រើន បានប្រកាសគាំទ្រ នូវការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យនាពេល​នេះ ហើយរំពឹងថា សកម្មភាពនានានៅក្នុងសង្គម នឹងអាចប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខ ជាពិសេសការ​បើកដំណើរការសាលារៀន ដែលជាកន្លែងបណ្ដុះបណ្ដាលដ៏សំខាន់​​សម្រាប់កុមារ និងយុវវ័យ។

លោកឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​​អ្នកជំនាញ​ផ្នែក​សុខ​ភាពទូទៅ​ ​និង​សាធារណៈ ដែលតែងតែចែក​រំលែក​អំពី​វិធីសាស្ត្រថែរក្សាសុខភាព នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី២៧ ខែកក្កដាថា ចំពោះការចាក់វ៉ាក់សាំង ដល់កុមារពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ជាចំណុចដ៏ល្អមួយ ដែលធ្វើក្មេងៗ​មាន​ប្រព័ន្ធការពារដូចគេដូចឯងដែរ ហើយប្រសិនបើពួកគេមានប្រព័ន្ធការពារនោះ យើងអាចឆាប់​បើកដំណើរការ​សាលា​រៀនវិញបាន។

លោកថា សាលារៀន ជាកន្លែងសំខាន់ណាស់ ពោលគឺជាកន្លែងបណ្ដុះបណ្ដាលចំណេះដឹង។ ប្រសិនបើមា​នកា​រ​ផ្អាក​​ដំណើរការសាលារៀនយូរពេកនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗ។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងយ៉ាងដូច្នេះថា «ចឹងបើយើងចាក់វ៉ាក់សាំង សម្រាប់ឲ្យក្មេងអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅថ្ងៃទី១ ខែ​សីហានេះ ខ្ញុំគិតថា ប្រជាពលរដ្ឋយើងនឹងមានទំនុកទុកចិត្តខ្លាំង ក្នុងការឲ្យកូនទៅរៀនឡើងវិញ»។

អ្នកជំនាញផ្នែកសុខភាពរូបនេះ បានលើកឡើងទៀតថា ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើងនៅកម្ពុជា ពីខែកុម្ភៈ​ឆ្នាំ​២០​២១មក គឺសាលារៀនបានផ្អាកដំណើរការយូរណាស់មកហើយ។ ការខកខាន ការសិក្សានៅសាលារៀន ធ្វើឲ្យ​មា​នការប៉ះទង្គិចច្រើន ដល់ការសិក្សារបស់ក្មេងៗ។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE)ផងនោះ បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋយើង ទាំងក្មេង ទាំង​ចាស់នៅទូទាំងប្រទេស ហើយធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ។ លើសពីនេះទៀត ក៏នឹងធ្វើឲ្យសកម្មភាព​សេដ្ឋកិ​ច្ចដំណើរការឡើងវិញ ធ្វើឲ្យវិស័យអប់រំបានបើកដំណើរការឡើងវិញ ដែលធ្វើឲ្យក្មេងៗមានឱកាសចូលរៀន ព្រម​ទាំងដំណើរការប្រទេសជាតិ បានធម្មតាឡើងវិញផងដែរ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ទៀតថា «ខ្ញុំគិតថា វាជាចំណុចសំខាន់ ទាក់ទងនឹងការចាក់វ៉ាក់សាំងនេះ ពីព្រោះបើយើងបានចាក់មែន គឺវាពិតជាល្អចំពោះសិស្ស និងចំពោះស្ថាប័នអប់រំ ក៏ដូចជាសុខុមាលភាពទូទៅ​ផងដែ​រ​»។

មន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា នៅពេលបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំរួចរាល់នាពេលខាងមុខ នោះនឹងមានឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញ ជាជំហានៗ។

លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី កាល​ពីដើមសប្ដាហ៍នេះថា «ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ»។

គួររំលឹកដែរថា កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពានាវដល់មាតាបិតា ក៏ដូចជាអាណាព្យាបាល ត្រៀមខ្លួនដើម្បីនាំកូនចៅរបស់ខ្លួន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នាពេលខាងមុខ ដោយសម្ដេចតេជោ ចង់ឲ្យមានភាពស៊ាំនៅក្នុងសង្គម ដែលនាំទៅដល់ការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច ជាពិសេសគឺសាលារៀន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម