Connect with us

ព័ត៌មានជាតិ

ឈ្មួញនាំសត្វក្របីឆ្លងដែនទៅប្រទេសវៀតណាម ផ្គើននឹងបំរាមអាជ្ញាធរ

បានផុស

នៅ

ខេត្តស្វាយរៀង៖ គេឃើញមានឈ្មួញលួចនាំសត្វក្របីរស់ជាច្រើនក្បាលឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀង ខណៈអាជ្ញាធរខេត្តកំពុងមមាញឹកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសបញ្ហាមនុស្សចំណាកស្រុកចេញចូលប្រទេសជិតខាង ដែលប្រឈមនឹងការឆ្លងវីរូសកូវីដ-១៩ ចូលមកសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឈ្មួញនាំសត្វក្របីរស់ឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចព្រំដែនច្រករបៀងក្រឡោងខុស ស្ថិតក្នុងភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ជាប់ច្រកព្រំដែនក្រឡោងខុស ស្រុកយិនហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម។

បើតាមបុរសម្នាក់ដែលជាអ្នកដឹកក្របីតាមរ៉ឺម៉កបានឱ្យដឹងថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកសត្វក្របី ឱ្យដង្ខៅក្របី ឈ្មោះ អាន រស់នៅភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ឆ្លងដែនទៅប្រទេសវៀតណាម ចំពោះតម្លៃក្របីលក់ឱ្យវៀតណាម១ក្បាលប៉ុន្មាន ខ្លួនមិនដឹងទេ។

ប្រភពបន្តទៀតថា ក្នុងមួយថ្ងៃជាមធ្យមឈ្មួញដឹកក្របីទៅប្រទេសវៀតណាមប្រមាណ១០ទៅ២០ក្បាល ហើយមានក្រុមហ៊ុនចំនួនពីរទៅបីក្រុមហ៊ុនផ្សេងទៀត ក៏មាននាំសត្វក្របីរស់រាប់សិបក្បាលឆ្លងដែនទៅប្រទេសវៀតណាមតាមច្ររបៀងក្រឡោងខុស នេះដែរ គឺនាំចេញនៅពេលយប់ក្នុងកំឡុងម៉ោង៧ម៉ោង​ ឬ៨យប់។

ការណ៍នេះជាហេតុធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩ មកសហគមន៍ ដោយបច្ចប្បន្ននៅខេត្តឡុងអាន ប្រទេសវៀតណាម កំពុងមានផ្ទុះជំងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ។

ប្រជាពលរដ្ឋរស់នៅទីនោះ បានលើកឡើងដែរថា មានអ្នកដឹកសាច់ជ្រូក ពោះគោ ពោះជ្រូក គ្រឿងក្នុងមាន់ទា ត្រីសាច់ពីប្រទេសវៀតណាម តាមម៉ូតូចូលមកតាមច្រករបៀងក្នុងស្រុកកំពង់រោទ៍ជាច្រើនរាល់ថ្ងៃ។

ទាក់ទិនករណីនេះ មន្ត្រីនគបាលវរៈការពារព្រំដែន ប៉ុស្តិ៍ច្រករបៀងក្រឡោងខុស បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សត្វក្របីប្រមាណ១០ក្បាលដែលឈ្មោះ អាន ដឹកឆ្លងដែនទៅប្រទេសវៀតណាមនេះគឺ ជាក្របីទិញពីប្រជាពលរដ្ឋក្នុងស្រុកចិញ្ចឹមជាលក្ខណៈគ្រួសារ ហើយលក់ដើម្បីផ្គត់ផ្គង់ជីវភាព។

ចំពោះរឿងរ៉ាវនេះដែរ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៍ បានមានប្រសាសន៍ថា ករណីឈ្មួញលួចនាំសត្វក្របីរស់ចេញទៅប្រទេសវៀតណាម ក្នុងភូមិសាស្រ្តឃុំបន្ទាយក្រាំងនេះ លោកមិនបានដឹងទេ ហើយបើមានការនាំសត្វក្របីឆ្លងដែនមែននោះ គឺពាក់ពន្ធ័សមត្ថកិច្ចនគបាលវរៈការពារព្រំដែន ដែលឈរជើងនៅច្រករបៀងនោះ ដែលរដ្ឋបាលខេត្តបានចេញសេចក្តីណែនាំឱ្យសមត្ថកិច្ចទប់ស្កាត់ និងរឹតបន្តឹងការធ្វើចរាចរណ៍មនុស្ស និងការនាំសត្វ ចេញចូលតាមច្រករបៀងពីប្រទេសជិតខាង (សត្វគោ ក្របី ជ្រូក សាច់សត្វ និងផលិតផលធ្វើពីសាច់សត្វ) លោកនឹងចាត់មន្ត្រីឱ្យចុះទៅពិនិត្យស្រាវជ្រាវករណីនេះ។

លោកអភិបាលស្រុកកំពង់រោទ៍ បន្តទៀតថា ចំណែកបន្លែត្រីសាច់ ដែលប្រជាពលរដ្ឋដឹកបន្តិចបន្តួចគឺគ្រាន់តែសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃនៅក្នុងខេត្ត ដែលដោះដូរទំនិញគ្នាទៅវិញទៅមកដែលរស់នៅតាមតំបន់ព្រំដែនគឺ មានពិតប្រាកដមែន។

ពាក់ព័ន្ធនឹងករណីនេះ លោក យ៉ន សុផល  នាយប៉ុស្ត៍វរៈការពារព្រំដែនសំយ៉ោង បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា លោកមិនបានជ្រាបករណី ឈ្មួញឈ្មោះ អាន នាំក្របីឆ្លងដែនទៅប្រទេសវៀតណាមនេះទេ ដោយមន្ត្រីប្រចាំការនៅច្រករបៀងក្រឡោងខុស មិនទាន់រាយការណ៍ជូនលោក។ ហើយលោកកំពុងជាប់រវល់ប្រជុំ ចាំល្ងាចលោកនឹងសួរទៅមន្ត្រីរបស់លោក ឱ្យទាក់ទងជាមួយក្រុមហ៊ុនដែលនាំក្របីឆ្លងដែនទាំងនោះ ថាមានអាជ្ញាបណ្ណ ឬច្បាប់នាំចេញដែរឬទេ បើមាន លោកនឹងដកលិខិតឯកសារពិនិត្យ និងផ្តល់ព័ត៌មាននៅ​ពេល​ក្រោយ។

ចំពោះមហាជនសង្ឃឹមថា អាជ្ញាធរមានវិធាការ រឹតបន្តឹងបង្ការទប់ស្កាត់បទល្មើស និងអ្នកពាក់ព័ន្ធដើម្បីសុវត្ថភាព សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម