ព័ត៌មានជាតិ
កសិករជំនាញកម្ពុជា នឹងអាចមានឱកាស ទៅធ្វើការក្នុងកសិដ្ឋាន នៅប្រទេសអូស្រ្តាលី
អ្នកគ្រប់គ្រងក្រុមហ៊ុនអូស្ត្រាលីមួយ បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួន បានធ្វើទំនាក់ទំនង ជាមួយម្ចាស់កសិដ្ឋានធំៗ នៅប្រទេសអូស្រ្តាលី ដើម្បីទទួលយកកសិករកម្ពុជា ទៅបម្រើការនៅក្នុងកសិដ្ឋាន នៅប្រទេសអូស្រ្តាលី ជាមួយលក្ខខណ្ឌការងារល្អប្រសើរ។
ការអះអាងនេះ គឺនៅក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។ ជំនួបនេះ បានពិភាក្សាលើប្រធានបទស្តីពី «ការជំរុញការអភិវឌ្ឍផលិតកម្មដំណាំសាកវប្បកម្មសរីរាង្គ និងការផ្តល់ឱកាសឲ្យកសិករ អាចទៅបម្រើការ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ បន្លែ និងផ្លែឈើនៅប្រទេសអូស្រ្តាលី»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ និងចូលរួមអបអរចំពោះសមិទ្ធផល ដែលក្រុមហ៊ុនសម្រេចបាន និងជាពិសេសគាំទ្រចំពោះបំណងរបស់លោក Robert K.Chelliah នៅពេលអនាគតនាំយកកសិករកម្ពុជា ដែលមានសមត្ថភាព (កាយសម្បទា និងបទពិសោធន៍កសិកម្ម) ទៅបម្រើការនៅក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលី ដើម្បីពង្រីកសមត្ថភាពរបស់ពួកគេ លើបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ បន្ទាប់នាំយកត្រឡប់មកវិញនូវរាល់ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃមកអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។
ករណីនេះ លោករដ្ឋមន្ត្រី បានលើកសំណើឲ្យក្រុមហ៊ុនពិនិត្យ ពិចារណាចំពោះនិស្សិតកសិកម្មកម្ពុជា ដូចដែលកម្ពុជា បាននិងកំពុងអនុវត្ត ជាមួយប្រទេសអ៊ីស្រាអែលផងដែរ។ ចំពោះមុខលោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យក្រុមហ៊ុនសហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម រៀបចំសេចក្តីព្រាងអនុស្សរណ: នៃការយោគយល់គ្នា (MOU) ស្តីពី កិច្ចសហប្រតិបត្តិការ នៃការបណ្តុះបណ្តាលធនធានមនុស្ស ដោយចែកចេញជាពីរដំណាក់កាល ៖ ទី១- ជ្រើសរើសកសិករ មកធ្វើការបណ្តុះបណ្តាល ជំនាញកសិកម្ម ច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ និងភាសាអង់គ្លេសបឋមជាមួយក្រុមហ៊ុនផ្ទាល់។ និងទី២- ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល បញ្ជូនកសិករទៅបម្រើការ ក្នុងកសិដ្ឋាន នៅប្រទេសអូស្រ្តាលីតែម្តង។
លោក Robert K.Chelliah បានសម្តែងការគាំទ្រលើសេចក្តីព្រាង MOU នេះ ហើយប្តេជ្ញាចិត្តថា ក្រុមហ៊ុន នឹងខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការនាំយកកសិករកម្ពុជា ទៅស្វែងរកបទពិសោធន៍ល្អៗ ទាក់ទងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសអូស្រ្តាលី នាពេលអនាគតដ៏ខ្លី។ លោក Robert K.Chelliah ក៏បានឲ្យដឹងដែរថា ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលី បានប្រកាសបង្កើតកម្មវិធី ផ្តល់ទិដ្ឋាការកសិកម្ម ដែលផ្តល់ឱកាសការងា រជូនកសិករមកពីបណ្តាប្រទេសសមាជិកអាស៊ាន។
ក្នុងការត្រៀមខ្លួនជួយកសិករកម្ពុជា ក្រុមហ៊ុនបានធ្វើទំនាក់ទំនង ជាមួយម្ចាស់កសិដ្ឋានធំៗ នៅប្រទេសអូស្រ្តាលីដើម្បីទទួលយកកសិករកម្ពុជា ជាមួយលក្ខខណ្ឌការងារល្អប្រសើរ ធានាបាននូវការការពារផល ប្រយោជន៍ហិរញ្ញវត្ថុ និងសុខុមារភាព របស់ពលករស្របច្បាប់ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍ កសិដ្ឋានកសិកម្មសរីរាង្គ លើផ្ទៃដី ២២ហត នៅតំបន់អភិវឌ្ឍតេជោសែន ក្នុងស្រុកឈូក ខេត្តកំពត។ កសិដ្ឋានបានដាំដំណាំ សម្រាប់កែច្នៃជាអាហារបំប៉នសុខភាព ដូចជា៖ ម្រុំ ស្លឹកគ្រៃ និងខ្ញីខ្មៅ ដែលផលិតផលទាំងអស់នេះ កំពុងមានទីផ្សារខ្ពស់នៅក្រៅប្រទេស។
រាល់បច្ចេកទេសដាំ និងកែច្នៃ ក្រុមហ៊ុនត្រូវវាយតម្លៃ និងទទួលស្គាល់អនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធ រួមមាន៖ ស្តង់ដារសហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី កាណាដា។ល។ តាមអ្វីដែលលោក ងិន ឆាយ បានជម្រាបជូនលោករដ្ឋមន្រ្តី ថា ពិធីចុះអនុស្សរណ:នេះ នឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ ដោយនឹងអញ្ជើញឯកអគ្គរដ្ឋទូតអូស្រ្តាលី ចូលរួមផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ