Connect with us

ព័ត៌មានជាតិ

គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កំពត​ផត ​កំពុង​ឈូស​ឆាយ​លើ​ដី​របស់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត

បានផុស

នៅ

កំពត ៖ ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ ថា​ក្រុមហ៊ុន​កំពត​ផត បាន​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​ឈូសឆាយ​លើ​ដី​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា​ឆ្នាំ២០២១​នេះ អភិបាលរង​ស្រុក​ទឹកឈូ​បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង​ចម្រុះ​ចុះទៅ​ធ្វើការ​ហាមឃាត់​បញ្ឈប់​សកម្មភាព​ឈូសឆាយ​សិន រង់ចាំ​ការ​ដោះស្រាយ​ឲ្យ​ជ្រះស្រឡះ​។​ ប៉ុន្តែ​ក្រោយ​ផ្អាក​គ្រឿងចក្រ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង ក្រុមហ៊ុន​ក៏​បញ្ជា​ឲ្យ​ឈូសឆាយ​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរង​ស្រុក​ទឹកឈូ លោក អ៊ឹម ចាន់​សោធន បាន​មានប្រសាសន៍ថា ការ​ចុះមក​ហាមឃាត់​សកម្មភាព​ឈូសឆាយដី​នៅ​ចំណុច​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត នាពេលនេះ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ បាន​ចោទប្រកាន់ថា ក្រុមហ៊ុន​កំពត​ផត​កំពុង​ធ្វើ​សកម្មភាព​រំលោភ​លើដីរ​បស់​ខ្លួន​។

​លោក​អភិបាលរង​ស្រុក បាន​បន្ត​ថា ​ការ​ចុះ​មក​ពេលនេះ ដើម្បី​ហាមឃាត់​សកម្មភាព​គ្រឿងចក្រ​សិន ដោយ​រង់ចាំ​ការ​ដោះស្រាយ ពី​សំណាក់​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ រួចរាល់​ទើប​អាច​បន្ត​ធ្វើ​សកម្មភាព​បាន ចំពោះ​ករណីនេះ​លោក​នឹង​ធ្វើ​របាយការណ៍​ជូនទៅ​ថ្នាក់ដឹកនាំ ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​បន្តទៀត។

លោក អ៊ឹម ចាន់​សោធន បាន​បញ្ជាក់ដែរ​ថា ក្រុមហ៊ុន​កំពត​ផត​ហាក់​មាន​ចេតនា​មិន​ចង់​ចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ​នោះ​ទេ ហើយ​កន្លងមក អាជ្ញាធរ​បាន​កោះ​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ជាច្រើន​សារ ឲ្យ​ចូលរួម​ពិភាក្សា​ដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ តែ​ត្រូវ​ខាង​ក្រុមហ៊ុន​បដិសេធ ហើយ​ចេះតែ​បន្តធ្វើ​សកម្មភាព​ឈូសឆាយ​លើ​ដី​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់ និង​នៅក្បែរនោះ​រហូត​គ្មាន​ក្រែង​រអា ព្រោះ​អះអាងថា​ជា​ដី​របស់​ក្រុមហ៊ុន។

តំណាង​ប្រជាពលរដ្ឋ​១៩​គ្រួសារ បាន​ប្រាប់​ឲ្យ​ដង​ថា ដី​របស់​ពួកគេ​មាន​ប័ណ្ណ​កាន់កាប់​ត្រឹមត្រូវ និង​បាន​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​។ ហើយ​ពី​មុន​មក​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ប៉ុន្តែ​ចាប់ពី​ដី​កំពត​ឡើងថ្លៃ​នៅ​ឆ្នាំ​២០១៩​រហូតមក ក្រុមហ៊ុន​ចេះតែ​វាទ​ព្រំ​របស់​ខ្លួន​កាន់តែ​ធំ​ទៅៗ រំលង​ភ្នំ ឆ្លង​អូរ រហូតមកដល់​ដី​របស់​ពួកគេ​ទៀត។ ជាមួយ​នេះ ពួកគាត់​ស្នើសុំ​ឲ្យ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​អ្នកពាក់ព័ន្ធ ជួយ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​មិន​ត្រឹមតែ​បំផ្លាញ​ដំណាំ និង​វាយ​កម្ទេច​របង​ព្រំដី​នោះ​ទេ​ថែមទាំង យក​គ្រឿង​ចក្រ​មក​ឈូសឆាយ​តាម​អំពើ​ចិត្ត​ទៀតផង។

ជុំវិញ​ករណី​ដដែល បើ​តាម​ការ​បញ្ជាក់​ពី លោក​អភិបាលរង​ស្រុក​ទឹកឈូ​បានបញ្ជាក់​បន្ថែម​ថា ដី​របស់​ក្រុមហ៊ុន​ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ៥៨​គ្រួសារ ស្ថិតនៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ អំឡុង​ឆ្នាំ​២០១៥ និង​មាន​គំនូស​ប្លង់​កំណត់​ព្រំ​ត្រឹមត្រូវ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​ជាច្រើន​នាក់ បាន​ដាក់​ពាក្យ​ប្តឹង​ដល់​អាជ្ញាធរ ដោយ​ចោទប្រកាន់ថា​ក្រុមហ៊ុន​កំពត​ផត បាន​ប្រើ គ្រឿង​ចក្រ​ឈូសឆាយ​លើដី​របស់​ពួកគេ​។

​តាម​ប្រភពពី​ប្រពល​រដ្ឋ​មាន​លំនៅឋាន​ក្បែរ​ទីតាំង​ដី​ជម្លោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ការចុះទៅ​ហាមឃាត់​មិនបាន​ប៉ុន្មាន​ម៉ោង​ផង ខាង​ក្រុមហ៊ុន​ក៏បាន​បញ្ជា​គ្រឿងចក្រ​ឲ្យ​មក​ឈូសឆាយ​ឡើងវិញ​តែ​ដដែល​ហ្នឹង មើល​ទៅខាង​ក្រុមហ៊ុន​ហាក់​មិន​ខ្លាចញញើត​អ្វី​ទាំងអស់​។ ចំពោះ​សកម្មភាព​បែបនេះ គេ​សង្ស័យថា​ក្រុមហ៊ុន​កំពត​ផត ប្រហែល​ជាមាន​ខ្នងបង្អែក​មិន​ស្តើង​នោះទេ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម