ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ គណបក្សនានា គួរតែពង្រឹងខ្លួនឯងឲ្យបានរឹងមាំ ដើម្បីត្រៀមចូលរួម ការបោះ ឆ្នោតខាងមុខ
មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គណបក្សនយោបាយនានានៅកម្ពុជា គួរតែពង្រឹងខ្លួនឯងឲ្យបានរឹងមាំ ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោត នាពេលខាងមុខ ជាជាងនាំគ្នារៀបចំការតស៊ូមតិណាមួយ ដែលពុំសូវមានអត្ថប្រយោជន៍។
ការលើកឡើងនេះ គ្រាដែលមានគណបក្សមួយ គឺគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានប្រកាស អញ្ជើញគណបក្សនយោបាយនានា ជួបពិភាក្សាអំពីលទ្ធភាពសហការគ្នា ធ្វើការតស៊ូមតិលើការកែទម្រង់ ការបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃច័ន្ទកន្លងទៅនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានបង្ហាញការគាំទ្រ អនុសាសន៍របស់អង្គការសង្គមស៊ីវិល អំពីលក្ខខណ្ឌអប្បបរមា សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ ហើយក៏បានបញ្ជាក់ថា គណបក្សរបស់ខ្លួនទាមទារឲ្យ មានការប្រកួតប្រជែង ក្នុងការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី យុត្តធម៌ ដែលទទួលយកបាន ពីសំណាក់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា ការជួបជុំពិភាក្សា ឬក៏ការតស៊ូមតិណាមួយនោះ គឺជាសិទ្ធិសេរីភាព របស់គណបក្សនយោបាយនានា ។ តែយ៉ាងណាចៀសវាងធ្វើសកម្មភាព ឬអំពើទាំងឡាយណា ដែលអាចបំពាននឹងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ ស្ដីពី គណបក្សនយោបាយ និងច្បាប់ ស្ដីពី ការបោះឆ្នោត។ ដូច្នេះប្រសិនបើសកម្មភាព របស់គណបក្សនយោបាយទាំងនោះ ធ្វើឡើងក្នុងក្របខណ្ឌ ដែលច្បាប់បានកំណត់ គឺមិនមានបញ្ហាអ្វីឡើយ ហើយជាសិទ្ធិសេរីភាព របស់ពួកគេ។
លោក ជិន ម៉ាលីន បានលើកឡើងបន្តថា សិទ្ធិសេរីភាពផ្នែកនយោបាយ គឺត្រូវបានធានាយ៉ាងពេញលេញ តាមរយៈការបង្កើតអង្គការ-សមាគម និងការបង្កើត គណបក្សនយោបាយថ្មីៗជាច្រើន ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោត នាពេលខាងមុខ។
មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងលើកឡើងទៀតថា «អញ្ចឹងគណបក្សទាំងអស់នេះ គួរតែធ្វើម៉េចពង្រឹងខ្លួនឯងឲ្យបានរឹងមាំ ដើម្បីត្រៀមខ្លួនចូលរួម ក្នុងការបោះឆ្នោត ហើយធ្វើសកម្មភាព ដើម្បីទាញ យកប្រជាប្រិយភាព ជាជាងការជួបជុំគ្នា ធ្វើការតវ៉ា ឬក៏តស៊ូមតិអីផ្សេងៗ ដែលវាពុំមានប្រយោជន៍អីប៉ុន្មាន សម្រាប់គណបក្សទាំងអស់នោះទេ មានតែការពង្រឹងខ្លួនឯង កសាងប្រជាប្រិយភាព និងទាក់ទាញសណ្ដានចិត្តប្រជាពលរដ្ឋ ដើម្បីអាចទទួលបានសំឡេងគាំទ្រច្រើន ក្នុងការបោះឆ្នោតខាងមុខ ហើយអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមនីតិវិធីនៃច្បាប់ ដែលមានធរមាន ជាពិសេសច្បាប់ ស្ដីពី ការបោះឆ្នោត និង ច្បាប់ ស្ដីពី គណ បក្សនយោបាយ»។
ចំណែកលោកបណ្ឌិត ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា គ.ជ.ប ជាស្ថាប័ន ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ ហើយក៏ជាស្ថាប័ន ដែលអនុវត្តច្បាប់ផងដែរ។ ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ប្រសិនបើច្បាប់តម្រូវយ៉ាងណា គឺអនុវត្តយ៉ាងនោះហើយ។ លោកថា គ.ជ.ប តែងតែប្រកាន់ខ្ជាប់ នូវអព្យាក្រឹត្យភាពរបស់ខ្លួន ដោយផ្អែកទៅលើច្បាប់។
បើតាមលោក ហង្ស ពុទ្ធា អ្វីដែល គ.ជ.ប បានធ្វើកន្លងមក ជាពិសេសតួនាទី ក្នុងការចាត់ចែងរៀបចំ ការបោះឆ្នោតគឺ គ.ជ.ប បានអនុវត្តយ៉ាងត្រឹមត្រូវ ហើយរាល់លទ្ធផល នៃការបោះឆ្នោត បើទោះបីជាមានភាពមិនប្រក្រតីតិចតួច ដែលរងការចោទប្រកាន់ ពីក្រុមណាមួយនោះក៏ដោយ។ ប៉ុន្តែក៏ទទួលបានការគាំទ្រ មតិភាគច្រើនលើសលប់ ជាពិសេសពីអ្នកបោះឆ្នោត ក៏ដូចជាគណបក្សនយោបាយ ដែលចូលរួមនៅក្នុងការបោះ ឆ្នោត៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ