ព័ត៌មានជាតិ
ក្រុមការងារជំនាញ ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ ធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក រួមមាន៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ, មន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងពិភាក្សា លើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធ នៃសេចក្តីព្រាងវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ គោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមកនៅកម្រិតទាបបំផុត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យអង្គប្រជុំទាំងមូលចូលរួមផ្តល់ធាតុចូល និងមតិយោបល់ឲ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាត នៃសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដើម្បីពន្លឿន ការរៀបចំសេចក្តីព្រាង វិសោធនកម្មច្បាប់នេះ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួង នាពេលខាងមុខ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន វិសោធនកម្មច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញ សរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀត ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាពេលនេះផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាលើវាក្យសព្ទ មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មីនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាពបញ្ចូលការកំណត់ល្បឿន បើកបរនៅលើផ្លូវល្បឿនលឿន ចូលទៅក្នុងអនុក្រឹត្យ ស្តីពី ការកំណត់ល្បឿន មុនដំណើរការផ្លូវល្បឿនលឿន។
ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថា វិសោធនកម្មច្បាប់នេះ បានធ្វើឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មច្បាប់នេះ ឲ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំ គោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មី ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ និងក្រុមការងារជំនាញ ដែលបានជជែកពិភាក្សាផ្តល់ធាតុចូល និងមតិយោបល់យ៉ាងផុលផុស ក្នុងការខិតខំប្រឹងប្រែង ធ្វើវិសោធនកម្មច្បាប់នេះឲ្យទទួលបានលទ្ធផលល្អប្រសើរ។
តាមក្រសួងសាធារណការ និងដឹកជញ្ជូន រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យ របស់រាជរដ្ឋាភិបាលទៅលើ បទល្មើសចរាចរណ៍ផ្លូវគោក មិនមានបំណងរកប្រាក់ចំណេញទេ។ ប៉ុន្តែរាជរដ្ឋាភិបាល ចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថា គ្រោះមហន្តរាយទាំងនេះ បានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។
ជាងនេះទៅទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បាននឹងកំពុងអភិវឌ្ឍកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក(App) និងដំណើរការរៀបចំ ប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញ សម្រាប់បណ្ណបើកបរ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៣ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ