ក្រសួង​ជំនាញ​សម្រេច ដាក់​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការបន្ធូរបន្ថយ និង​លើកលែងទោស​ទៅ​សម្តេច​តេ​ជោ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ក្រសួង​ជំនាញ​សម្រេច ដាក់​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការបន្ធូរបន្ថយ និង​លើកលែងទោស​ទៅ​សម្តេច​តេ​ជោ

Published

on

ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី ការបន្ធូរបន្ថយ​ទោស និង​លើក លែង​ទោស ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ចំណុះ​ក្រសួងមហាផ្ទៃ ព្រមទាំង​តំណាង​ពី​ក្រសួង ស្ថាប័ន មួយចំនួន​ផងដែរ​។

ទាក់ទង​បញ្ញា​នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ថា ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ បានសម្រេច​ឯកភាព​គ្នា​ដាក់​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការ​បន្ធូរបន្ថយ​លើកលែងទោស ស្នើសុំ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​នេះ​។

​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស មាន ៦​ជំពូក និង​មាន ១៩​មាត្រា​។
បើតាម​លោក​គឹម សន្តិភាព គោលបំណង​នៃ​ការរៀបចំ​ព្រះរាជក្រឹត្យ ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស គឺ​ដើម្បី​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ទណ្ឌិត ដែល​បាន​អប់រំ​កែប្រែ​ខ្លួន​នៅក្នុង​ពន្ធនាគារ ក្នុង​រយៈ ពេល​នៃ​ការអនុវត្ត​ទោស​។

​លោក គឹម សន្តិភាព បញ្ជាក់​ថា លទ្ធផល​នៃ​កិច្ចប្រជុំ គឺមាន​ការកែសម្រួល ហើយ​ចុងក្រោយ​ក៏បាន​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង​មួយ​ហើយ បន្ទាប់មក​នឹង​ស្នើសុំ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការ​បន្ធូរបន្ថយ និង​លើកលែងទោស​៕
ដោយ ៖ កោះ​កែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម