Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​បាត់ដំបង ចាប់ផ្តើម​ដាក់​បម្រាម​គោចរ​ហើយ

បានផុស

នៅ

​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ចាប់​ផ្ដើម​ដាក់​បម្រាម​គោចរ​ហើយ កាល​ពី​យប់​ថ្ងៃទី​៤ ខែ​សីហានេះ​តទៅ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ ចូល​ក្នុង​សហគមន៍ ខណៈ​តួលេខ​អ្នក​ឆ្លង​កូ​វីដ ប្រចាំថ្ងៃ​នៅតែមាន​អត្រា​ខ្ពស់​នៅឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​ថ្លែងថា ការអនុវត្ត​បម្រាម​គោចរ​នេះ គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ព្រោះ​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ​អត្រា​នៃ​អ្នក​ឆ្លង​ជំងឺ​ក្នុង​ខេត្ត​បាត់ដំបង​នៅ​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ​។ នៅក្នុង​ឱកាស​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ណែនាំ​ដល់​អ្នកលក់ដូរ​ក្នុងពេល​រាត្រី លោក​អភិបាលក្រុង បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​យុវជន​សូម​ចូលរួម​អនុវត្ត​បម្រាម​គោចរ​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា បើ​មិន​ស្ដាប់​តាម​នោះ​ទេ អាជ្ញាធរ​នឹង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​។

​គួររំលឹកថា រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​សេចក្ដីសម្រេច​ដាក់ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០២១ នេះ​តទៅ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។​

​សេចក្ដីសម្រេច​នេះ បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​នៃ​ការដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ អាជីវកម្ម នៅ​ចន្លោះ​ម៉ោង​៩​យប់​រហូតដល់​ម៉ោង​៣ ទៀបភ្លឺ​។ ក្នុងករណី​រកឃើញថា បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ​ដែល​បំពាន​វិធានការ​នេះ​ ត្រូវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ស្របតាម​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺ​កាច​សាហាវ ដែល​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​។

​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា រហូតមកដល់​ពេលនេះ ខេត្ត​បាត់ដំបង បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៣,៨២១​នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​២,២៣១​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ១,៥៤៥​នាក់ និង​ស្លាប់​៤៥​នាក់​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម