ព័ត៌មានជាតិ
ស្ត្រីមានផ្ទៃពោះម្នាក់អោបឯកសារសុំឲ្យសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌
សំណុំរឿងលក់ដីមួយកន្លែងនៅខេត្តសៀមរាប បានធ្វើឲ្យស្ត្រីពោះធំម្នាក់ រស់នៅខេត្តសៀមរាប បានប្តឹងទៅសាលាឧទ្ធរណ៍ឲ្យជួយរកយុត្តិធម៌ បន្ទាប់ពីអះអាងថា បានជួបរឿងអយុត្តិធម៌ ដោយសារគ្រាន់តែរឿងលក់ដីរបស់ខ្លួនឯងសោះ និងបានស្នើសុំក្តីមេត្តាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាស្ថាប័ន រួមមាន រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លោក ដួង តារា អាជ្ញាធរខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ជួយរកយុត្តិធម៌ឲ្យលោកស្រីផង។
តាមពាក្យបណ្ដឹងដែលបានដាក់ចូលសាលាឧទ្ធរណ៍ ហើយដែលកម្ពុជាថ្មី ទើបទទួលបាននៅថ្ងៃទី០៥ ខែសីហា នេះ លោកស្រីឈ្មោះ សឿម សារៀប អាយុ២៩ ឆ្នាំ មានទីលំនៅភូមិបុស្សធំ ឃុំខ្នាពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបរាប់ថា លោកស្រីមិនបានបំពានកិច្ចសន្យា ឬមិនគោរពកិច្ចសន្យានោះទេ ក៏ប៉ុន្តែលោកចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប ដែលបានកាត់ក្តីលើសំណុំរឿងនោះ ឲ្យលោក ស៊ុន សុជាតិ ឈ្នះក្តីនោះ គឺពិតជាអយុត្តិធម៌ចំពោះលោកស្រីខ្លាំងណាស់ ពីព្រោះលោកចៅក្រមមិនបានយកចិត្តទុកដាក់ពិចារណាលើអ្នក ដែលមានឆន្ទៈមិនស្មោះត្រង់ មិនគោរពកិច្ចសន្យា និងមិនអនុវត្តតាមកិច្ចសន្យាទិញលក់ដីនោះឡើយ ទោះបីជាលោកស្រីខិតខំបង្ហាញភស្តុតាង និងពន្យល់យ៉ាងណាក៏ដោយ។
លោកស្រី សឿម សារៀប បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថា តាមគម្រោងសាលាឧទ្ធរណ៍ នឹងកាត់ក្តីនៅថ្ងៃទី១១ ខែសីហា ខាងមុខនេះ ប៉ុន្តែដោយសារការបិទខ្ទប់ ក្រោយពីមានការរីករាលដាល នៃជំងឺកូវីដ១៩ មេធាវីរបស់លោកស្រីក៏បានដាក់ពាក្យសុំពន្យារពេល តែលោកស្រីមិនចង់ពន្យារពេលទេ ដោយសារតែពេលនេះ លោកស្រីកំពុងតែមានផ្ទៃពោះ ហើយប្រសិនបើពន្យារពេល នឹងធ្វើឲ្យកៀកថ្ងៃដែលលោកស្រីសម្រាលកូន ធ្វើឲ្យកាន់តែពិបាក។
លោកស្រី សឿម សារៀប បានរៀបរាប់ដែរថា ដីនោះមានទំហំ៦ហិកតា ដែលមានតម្លៃសរុបទាំងអស់ជាង១០ ម៉ឺនដុល្លារ ហើយដីទាំងអស់នោះ មិនមែនជាដីរបស់លោកស្រីតែម្នាក់ទេ ជាដីរបស់ម្ដាយ និងបងប្អូន ហើយបានផ្ដល់ប្រគល់សិទ្ធិឲ្យលោកស្រីជាអ្នកឈរតំណាងក្នុងការលក់ដូរនេះ។ លោកស្រីសម្តែងការឈឺចាប់ ដោយសាតែរឿងនោះ កើតតាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ទៅហើយដោះស្រាយមិនទាន់ចេញ ធ្វើឲ្យវល់រកស៊ីអីក៏មិនកើត។
បើតាមលោកស្រី សឿម សារៀប រឿងហេតុកើតឡើង ដោយសារតែលោកស្រីបានលក់ដីមួយកន្លែងឲ្យគេ ពីព្រោះត្រូវការលុយយកទៅរកស៊ី ហើយដល់ថ្ងៃកំណត់អ្នកទិញនោះ មិនព្រមប្រគល់លុយ ដូច្នេះវាត្រូវដាច់លុយកក់។ ក្រោយមកអ្នកទិញនោះ ក៏បានមកសម្របសម្រួល តែលោកស្រីមិនព្រមទទួលយកការសម្របសម្រួលនោះទេ។ ពីព្រោះលោកស្រីបានយកលុយកក់នោះ ទៅកក់ដីគេបន្តដែរ ហើយក៏បានដាច់ដូចគ្នា។
លោកស្រីបន្តថា នៅពេលមិនទទួល គាត់ក៏ទៅប្ដឹងលោកស្រីនៅតុលាការខេត្តសៀមរាប ធ្វើឲ្យលោកស្រីចាញ់ក្តីនៅខេត្តសៀមរាប ហើយដោយសាតែរងភាពអយុត្តិធម៌ លោកស្រីក៏បានប្ដឹងបន្តទៅសាលាឧទ្ធរណ៍។
លោកស្រី សឿម សារៀប ឲ្យដឹងដែរថា អ្នកដែលទិញដីរបស់លោកស្រីនោះ មានគ្នាមួយក្រុម អ្នកកាន់លុយ ចាយលុយផ្សេង តែអ្នកប្ដឹងផ្សេងទៀត ហើយអ្នកដែលប្ដឹងលោកស្រីនោះ គឺជាអនុប្រធានសុរិយោដីខេត្ត។ បើតាមលោកស្រី សឿម សារៀប ឈ្មោះ ឃឹម វិចឹត្រ គឺជាអ្នកដែលមកទិញ លក់ កក់ដីនេះមុនគេ ហើយនិងធ្វើកិច្ចសន្យាលើកទី១ និង២ ហើយគាត់ក៏ជាអ្នករៀបរៀងសរសេរកិច្ចសន្យាទាំងអស់ផងដែរ និងបាននិយាយបញ្ចុះបញ្ចូលអោយលោកស្រី ព្រមលក់ដីអោយ ប៉ុន្តែបែរជាលេចចេញអ្នកផ្សេង ជាអ្នកប្តឹងទៅវិញ។
លោកស្រីបានបញ្ជាក់ថា ការទិញលក់នេះតាំងពីដើមរហូតដល់ចប់មានភាពមិនប្រក្រតី គឺតាមលក្ខណៈរៀបគម្រោងធ្វើស៊ីយើងតែម្ដង មិនមែនទិញលក់ធម្មតាដូចគេដូចឯងនោះទេ។
រហូតមកដល់ពេលនេះ កម្ពុជាថ្មីនៅមិនទាន់អាចស្វែងរកការបញ្ជាក់បំភ្លឺពីអ្នកពាក់ព័ន្ធ ដើម្បីបកស្រាយលើបញ្ហានេះបាននៅឡើយទេ ហើយនៅពេលមានការវិវត្តថ្មី កម្ពុជាថ្មី នឹងផ្សាយបន្តទៀត។
គួររំលឹកថា ជម្លោះលើបញ្ហាដីធ្លីនៅតែជាបញ្ហាមួយគួរឲ្យបារម្ភនៅឡើយ បើទោះបីជារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងដែនដី បានខិតខំដោះស្រាយយ៉ាងណាក្តី ហើយសង្ឃឹមថា តាមរយៈយន្តការផ្សេងៗ នឹងអាចបញ្ចប់បញ្ហាជម្លោះដីធ្លីនេះ កុំឲ្យអំពល់ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?