Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​អាច​និយាយ ៣​ ភាសា កាន់តំណែង​​ជាង​មួយ​ឆ្នាំ ដោះស្រាយ​រឿង​ស្មុគស្មាញ​ស្រេះ​រាប់​ឆ្នាំ​

បានផុស

នៅ

លោក​ជា វ៉ាន់ដេត ជា​ឥស្សរជន​ជាន់ខ្ពស់ និង​ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​បរទេស ធ្លាប់​កាន់​តួនាទី​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន មុន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ទើប​កាន់តែ​តំណែង​ជា​រដ្ឋមន្ត្រី​ប្រៃសណីយ៍​ជាង​មួយ​ឆ្នាំ មន្ត្រី​សកម្ម​រូបនេះ​បាន​សាង​ស្នាដៃ​លេចធ្លោ​និង​បាន​ដោះស្រាយ​រឿង​ការងារ​ចាក់ស្រេះ​ជា​ច្រើន​នៅ​ក្នុង​ក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ត​ទៀត​នេះ កម្ពុជា​ថ្មី​នឹង​បង្ហាញ​ជីវប្រវត្តិ​លោក​ជា វ៉ាន់ដេត រដ្ឋមន្ត្រី​លេចធ្លោ​មួយ​រូប​នៅ​ជួរ​រដ្ឋាភិបាល​ដែលកំពុង​ដឹកនាំ​នៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដើម្បី​ប្រិយមិត្ត​ស្វែង​យល់​ដូច​តទៅ៖

កុមារភាព

លោក ជា វ៉ាន់ដេត កើត​នៅ​ថ្ងៃ ២ ខែ​សីហា ឆ្នាំ​ ១៩៧១ នៅ​ភូមិ​ឈើ​កាច់ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​និង​មាន​បុត្រី ០១ នាក់។

ប្រវត្តិសិក្សា

ក្នុង​ប្រវត្តិ​សិក្សា នៅ​ឆ្នាំ ១៩៩៤ លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​រុស្សី។ នៅ​ឆ្នាំ​១៩៩៧ បញ្ចប់​ថ្នាក់​បណ្ឌិត​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ពី​ប្រទេស​រុស្សី និង​ឆ្នាំ​២០១៦ បញ្ចប់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ពី​សាកលវិទ្យាល័យ​ណាងយ៉ាង​ប្រទេស​សិង្ហបុរី។

ការប្រើប្រាស់ភាសាបរទេស

លោក​ជា​ឥស្សរជន​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​អាច​និយាយ​បាន​ទាំង​ភាសា​រុស្សី ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ជា​ភាសា​កំណើត។

បទពិសោធន៍​ការងារ

មុន​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅ​ដើម​ឆ្នាំ​២០២០ លោក​មាន​បទ​ពិសោធន៍​ការងារ​ក្នុង​វិស័យ​សាធារណៈ​ដូចជា​ជា​ទីប្រឹក្សា និង​ជា​នាយ​ខុទ្ទកាល័យ​ឯកឧត្ដម​សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ជា​សមាជិក​ក្រុម​ប្រឹក្សា​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ការិយាល័យ​​សេដ្ឋកិច្ច នៃ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។ នៅ​វិស័យ​ឯកជន លោក​ធ្លាប់​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ន័រតុន ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​កម្ពុជា (កម្ពុជា​រី) និង​ជា​ស្ថាបនិក​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ (AUPP) ដែល​ជា​គ្រឹះស្ថានអប់រំ​ឯកជន​ដ៏​​ល្បី​បំផុត​ក្នុង​ប្រទេស​កម្ពុជា។

ក្រៅពីតួនាទី​ជា​រដ្ឋមន្រ្តី​នៅ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​ លោក​ក៏ជា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​តាកែវ។

ស្នាដៃ​ការងារ​ធំៗ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​

-ប្រធាន​ក្រុម​ការងារ​បកប្រែ​សាលដីកា​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកប្រែ​ជា​ភាសា​ខ្មែរ​ ដើម្បី​បោះពុម្ព​ផ្សព្វផ្សាយ។​

-ប្រធាន​ក្រុម​ការងារ​តាក់តែង​សៀវភៅ​ស ​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​បោះ​ឆ្នោត​សាកល​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី ៥ នៃ​រដ្ឋសភា។​

-ប្រធាន​ក្រុម​ការងារ​តាក់តែង​ ការ​ស្រាយ​បំភ្លឺ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ចំពោះ “របាយការណ៍​រួម​ស្តី​ពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៣” របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

-ប្រធាន​ក្រុម​ការងារ​រៀប​ចំ​សៀវភៅ​ស ស្តី​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ “ការ​ពង្រឹង​នីតិរដ្ឋ​និង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ”។

ដោយឡែក​ក្នុង​អំឡុង​កាន់​តួនាទីជា​​ថ្នាក់ដឹកនាំនៅក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​ពី​ឆ្នាំ​២០២០ លោក ជា វ៉ាន់ដេត បាន​សម្រេច​​ការងារ​ធំៗ​ចំនួន ៥ ដែល​ការងារ​ខ្លះ​បាន​ចាក់​ស្រេះ​រាប់​ឆ្នាំ​ដោះ​មិន​ចេញ​ ទើប​តែ​សម្រេច​​ក្នុង​​អណ្ណត្តិ​របស់​លោក។

១/ ដាក់​ឲ្យ​ប្រើ​លេខ​កូដ ផ្តាច់​សេវា​កាត់​លុយ​​គ្មាន​មូលហេតុ

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រោម​ការ​ដឹក​នាំ​របស់​លោក​នៅ​ក្រសួង​ប្រៃសនីយ​និង​ទូរគមនាគមន៍​ បាន​ដាក់​ឲ្យ​ប្រើប្រាស់​លេខ​កូដ​ដើម្បី​ផ្តាច់​សេវាកម្ម​ទូរសព្ទបន្ថែម​ពី​គ្រប់ប្រព័ន្ធទាំងអស់​ ដោយសារ​ច្រើនរាប់​ឆ្នាំ​មក​ហើយ​មាន​ការ​ត្អូញត្អែរពីអ្នកប្រើប្រាស់​ អំពីបញ្ហាកាត់ទឹកប្រាក់​ដោយពុំដឹងមូលហេតុ​។

២/ ដាក់​​ឲ្យ​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code ប្រយុទ្ធកូវីដ ១៩

ក្នុង​ពេល​ប្រទេស​កម្ពុជា​រងការ​រាតត្បាត​ពី​ជំងឺ​កូវីដ ១៩ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្នុង​អណ្ណត្តិ​លោក​ជា វ៉ាន់ដេត បាន​ដាក់​ឲ្យ​ដំណើការ​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code ​ ឬ stopcovid.gov.kh ដើម្បី​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ការ​ចម្លង​បន្ត​នៃ​មេរោគ​កូវីដ១៩។ ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ​អាច​គ្រប់គ្រង​ការ​ចេញ​ចូល​អ្នក​ដំណើរ​ តាម​ទីតាំង​អាជីវកម្ម​មាន​ដូចជា​ភោជនីយដ្ឋាន​ កន្លែង​កម្សាន្ត​ កន្លែង​ស្នាក់នៅ រោងចក្រសហគ្រាស​នានា ដែល​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​យក​ទៅ​ព្រីន​បិទ​នៅ​ច្រក​ចេញ​ចូល​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធឬ​ប៉ះពាល់​ ប្រសិន​បើ​ទីតាំង​នោះ​មាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩។ ប្រព័ន្ធ​នេះ​ នឹង​កត់ត្រា​ទុក​នូវ​ទីតាំង​របស់​បុគ្គល​ដែល​បាន​ចេញ ឬ​ចូលទៅ​​​ក្នុង​ជា​ប្រព័ន្ធ​ ងាយស្រួល​ដល់​ការ​ស្រាវជ្រាវ​ទាន់ពេល​វេលា។

៣/ បង្កើត​ពន្ធ​លើ​សេវា​ឌីជីថល

នៅថ្ងៃទី០៨ ខែ​មេសា ឆ្នាំ២០២១ រដ្ឋាភិបាល​បាន​សម្រេច​អនុវត្ត​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​លើ​ទំនិញ​ឌីជីថល ​និង​សេវា​ឌីជីថល​ដែល​ធ្វើ​ប្រតិបត្តិ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​អនុវត្ត​ពន្ធ​នេះ ផ្តោត​លើ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល​ ដោយ​អ្នក​ជាប់​ពន្ធ​មិន​មាន​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម ឈាន​ទៅ​ដល់​ការរៀបចំ​ការងារ​បច្ចេកទេស និង​​គោល​នយោបាយ​នៃ​ការកំណត់ពន្ធលើសេវាឌីជីថល​(Digital Services Tax) ដែលមិនចុះបញ្ជីនៅកម្ពុជា។

៤/ ដាក់ដំណើរការ​កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)

នៅ​ថ្ងៃ ១១ មិថុនា ២០២១ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​មាន​ឯកឧត្តម ជា វ៉ាន់ដេត​ជា​រដ្ឋមន្រ្តី ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បំប្លែង​សំឡេង​ទៅជាអត្ថបទមាន​ឈ្មោះ Khmer ASR។ កម្មវិធី​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (Artificial Intelligence) បំប្លែង​សំឡេង​ទៅ​ជា​អត្ថបទ សម្រួល​ដល់ការ​សរសេរ​​បាន​ឆាប់​រហ័ស។

កម្មវីធី​នេះ​អាចប្រើប្រាស់​ក្នុងទូរសព្ទដៃ​តាមប្រព័ន្ធប្រតិបត្តិការ Android និង iOS។ រាល់​ការ​និយាយ​ដោយ​ផ្ទាល់​ជាភាសាខ្មែរ ឬពី​ឯកសារ​សំឡេង​បំប្លែង​ទៅ​ជា​អត្ថបទ​ភាសា​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ។

៥/ ស្ថាប័ន​ជាតិ​តែ​មួយ​គត់ ទទួល​ការអនុញ្ញាតិ​ពី​រដ្ឋាភិបាល​​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ចែកចាយ​ទូទាំងប្រទេស

រដ្ឋាភិបាល​បាន​ផ្តល់​ការ​អនុញ្ញតិ​ដល់ក្រសួងប្រៃសណីយ៍ និង​ទូរគមនាទទួលខុសត្រូវ​ក្នុង​ការ​បញ្ជា​ទិញ​ឧបករណ៍​តេស្តរហ័សរក​កូវីដ យកមកចែកចាយប្រើប្រាស់ដើម្បី​ប្រយុទ្ធ​កូវីដដល់ស្ថាប័ន​រដ្ឋនិង​ឯកជននានា។

ក្រៅ​ពី​ការងារ​សម្រេច​បាន​ខាងលើ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី លោក​រដ្ឋមន្រ្តី​ក៏​កំពុង​ដាក់​អាទិភាព​ដោះស្រាយ​លើ​ការងារ​មួយ​ចំនួន​ទៀត​ដូចជា ការ​លក់​សិទ្ធិ​ផ្ដាច់មុខ​សេវា​ទូរគមនាគមន៍​​​ជាមួយ​​ម្ចាស់​បុរី និង​អគារ​ខ្ពស់ៗ ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រកួតប្រជែង ដោយ​ស្មោះត្រង់ ស្មើភាព និង​ស្របច្បាប់​។

​ការងារ​ចាំបាច់ជាអាទិភាពមួយ​ទៀត​ គឺ​ការ​ដាក់​ឲ្យ​ដំណើរការ​​ប្រព័ន្ធ​វាស់​ស្ទង់​គុណភាព​សេវា​ទូរគមនាគមន៍​នៅ​តាម​តំបន់​ដែល​បញ្ហា​ពាក់ព័ន្ធគុណភាពសេវា ដើម្បី​មាន​ចំណាត់ការ​​តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​វិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​បន្ថែម។

ដោក​ឡែក​ថ្មីៗ​នេះ រដ្ឋមន្រ្តីកំណែទម្រង់រូបនេះ ក៏​បាន​​ចេញ​ចំណាត់​ការ​ដ៏​កម្រ​មួយ​បញ្ជា​ឱ្យ​ក្រុមហ៊ុនស្មាត (Smart Axiata) ធ្វើការ​សុំទោស​ជា​សាធារណៈ និង​សង​ការ​ខូចខាត​ដល់​អតិថិជន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បិទ​លេខផ្ទុយ​ពី​គោលការណ៍​ច្បាប់។

ក្រសួង​ប្រៃសណីយ៍​បាន​ស្រាវជ្រាវ​រកឃើញ​ថា ក្រុមហ៊ុនស្មាត ​បាន​អនុវត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការ​បើក​លេខ​ទូរសព្ទ​​ដល់​​អតិថិជន ដោយ​បាន​កាត់​ផ្តាច់​លេខទូរសព្ទរបស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​ ហើយ​យក​ទៅ​លក់​បន្ត​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ម្ចាស់​ដើម។ ក្រៅ​ពី​បញ្ជា​ឱ្យ​ក្រុមហ៊ុន​សុំទោស​ជា​សាធារណៈ និង​សង​ថ្លៃ​ខូចខាត ​ក្រសួង​ក៏​បញ្ជា​ឱ្យ​ក្រុមហ៊ុន​រៀបចំ​លេខ​ទូរសព្ទ​ឱ្យ​ម្ចាស់​ដើម​វិញ និង​ចាត់វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​លើ​ករណី​នេះ។

នៅថ្ងៃ​ទី ២៦ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាម​រយៈនិយ័តករទូរគមនាគមន៍កម្ពុជា បាន​ចេញចំណាត់​ការ​ថ្មី​មួយ​ទៀត​ណែនាំ​ដល់​ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត​ទាំងអស់​​បញ្ឈប់​ជា​បន្ទាន់​ការ​ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាហៅចូលទៅកាន់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាបន្ថែម (VAS) ដែល​បង្ក​ការ​រំខានផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់ ហើយ​ក៏​​ព្រមាននឹងចាត់វិធានការ ម៉ឺងម៉ាត់តាម​ច្បាប់ស្តីពីទូរគមនាគមន៍៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម