Connect with us

ព័ត៌មានជាតិ

មនុស្ស​៨២៨​នាក់ និង​យានយន្ត ៣៣០​គ្រឿង ប្រព្រឹត្ត​បទល្មើស​បម្រាម​គោចរ​ នៅរាជធានីភ្នំពេញ

បានផុស

នៅ

កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៨២៨​នាក់ ហើយ​បាន​បញ្ជូន​ទៅកាន់​តុលាការ​ចំនួន ១៤​នាក់ បន្ទាប់ពី​គេ​បាន​ល្មើស​នឹង​បម្រាម​គោចរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ដែល​ហៅ​កាត់​ថា គ​.​អ​.​ក​. នា​ព្រឹក​ថ្ងៃទី​៦ ខែសីហា​នេះ បាន​ឲ្យ​ដឹងថា កងកម្លាំង​បានធ្វើ​ការចុះ​អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​ចំនួន ៤១៩​ករណី ហើយ​ឃាត់ខ្លួន​មនុស្ស​យក​មក​អប់រំ និង​ពិន័យ​បាន​ចំនួន ៨២៨​នាក់។ ក្នុង​នោះបាន​បញ្ជូន​ទៅកាន់​តុលាការ​ចំនួន ១៤​នាក់ បន្ទាប់ពី​អ្នក​ទាំងអស់នេះ​ បាន​ប្រព្រឹត្ត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​។ ក្រៅពី​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​អាជ្ញាធរ​ក៏បាន​ឃាត់​យានយន្ត​បាន​ចំនួន ៣៣០​គ្រឿង និង​ធ្វើការ​ផាកពិន័យ​បាន​លុយ​ចំនួន ៤៤​លាន​រៀល​ផងដែរ ខណៈ​ការអនុវត្ត​វិធានការ​របស់​អាជ្ញាធរ​នេះ​ គឺ​គ្មាន​ការលើកលែង​នោះឡើយ​។

គិត​រហូតមកដល់​ថ្ងៃទី​៦ ខែសីហា​នេះ មាន​មនុស្ស​ចំនួន ៣២​នាក់​ហើយ ដែល​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ក្រោយ​ប្រព្រឹត្តល្មើស​នឹង​បម្រាម​គោចរ​របស់​រដ្ឋបាល​ភ្នំពេញ​ធ្ងន់ធ្ងរ​នោះ​។​

សូមបញ្ជាក់ថា សម្រាប់​បុគ្គល​ដែល​ល្មើ​សនឹង​បម្រាម​គោល​ចរ ហើយ​មានការ​ជួបជុំគ្នា​សេព​គ្រឿង​ស្រវឹង សមត្ថកិច្ច​នឹង​ចាប់​វាយខ្នោះ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ដោយ​មិនមែន​ការអប់រំ​ណែនាំ ឬ​លើកលែង​អ្វី​ទៀតឡើយ ខណៈ​វិធានការ​ក្តៅ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ ធ្វើឡើង​ក្នុងន័យ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ប្រភេទ delta​នេះ ដែល​បាន​រកឃើញ​មាន​អ្នក​វិជ្ជមាន​ជា​បន្តបន្ទាប់​ក្នុង​រាជធានី​ភ្នំពេញ ។​

ទាក់ទង​នឹង​បម្រាម​គោចរ​នេះដែរ លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​បើ​មិនចាំបាច់​ទេ​គប្បី​កុំ​ចេញ​ក្រៅ​ផ្ទះ​ឲ្យ​សោះ ខណៈ​ការអនុវត្ត​របស់​អាជ្ញា​ធរ​នេះ គឺ​ដើម្បី​សេចក្តីសុខ​របស់​បងប្អូន​ទាំងអស់គ្នា​តែប៉ុណ្ណោះ ពុំ​មានការ​រឹតត្បិត​សិទ្ធិសេរីភាពរ​បស់បង​ប្អូន​នោះទេ​។ លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​បើ​មិន​អាណិត​ខ្លួនឯង​ទេ គប្បី​អាណិត​ដល់​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ ដែល​ពួកគាត់​ខិតខំ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិនបាន​ចូល​ផ្ទះ​ជួប​ប្រពន្ធ​កូន ឪពុក ម្តាយ​របស់​ពួកគាត់ ដើម្បី​តែ​សុខុមាលភាព និង​អាយុជីវិត​របស់​បងប្អូន​ទាំងអស់គ្នា​ឲ្យ​រួច​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម