Connect with us

ព័ត៌មានជាតិ

រាជ​រដ្ឋាភិបាល​ចេញ​សារាចរ ស្តី​ពី​ការរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ដើម្បី​ទទួល​ពលករ​ពី​ថៃ

បានផុស

នៅ

សារាចរ​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​០៦ ខែសីហា នេះ​បាន​លើកឡើង​ថា កន្លងមក​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន ហើយ​បន្ថែម​លើ​វិធានការ​នោះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ដែល​ជា​យុទ្ធសាស្ត្រ​គន្លឹះ ដើម្បី​ទប់ទល់ នឹង​មេរោគ​កូ​វីដ​-១៩​ផងដែរ ដើម្បី​ឈាន​ឆ្ពោះទៅ​បើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយនឹង​ជំងឺ​នេះ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារាចរ​របស់​សម្តេច​តេ​ជោ​លើកឡើង​ទៀតថា ដោយ​ផ្អែក​តាម​ស្ថានភាព​វិ​វត្ត នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ការ​រកឃើញ ក្នុង​ចំនួន​កាន់តែ​ច្រើនឡើង​នៃ​មេរោគ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) លើ​ពលករ​ខ្មែរ​ដែល វិលត្រឡប់​មកពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់ចេញ​នូវ “​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩” នៅ​ទូទាំងប្រទេស និង​វិធាន​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ខេត្តសៀមរាប សម្រាប់​រយៈពេល​១៤​ថ្ងៃ ដោយ​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែសីហា ខាងមុខ។

​តាម​ការរំពឹងទុក បន្ទាប់ពី​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​បញ្ចប់ ពលករ​ខ្មែរ ដែល​នឹង​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ នឹង​អាចមាន​ការកើនឡើង​ក្នុង​ចំនួន​ដ៏​ច្រើន ដែល​អាច​ហួស​ពី​សមត្ថភាព ទទួលយក​របស់​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​បណ្តា​ខេត្ត​ជាប់​នឹង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។ ផ្នែក​តាម​ការវិវត្ត​ថ្មី និង​ដើម្បី​ត្រៀមលក្ខណៈ​ទុកជាមុន​ក្នុង​គ្រប់គ្រង​មេរោគ ប្រភេទ Delta ពិសេស ករណី​នាំចូល​ពី​ប្រទេសជិតខាង​ជាប់​ព្រំដែន​កម្ពុជា រាជរដ្ឋាភិបាល​បានធ្វើ​ការណែនាំ​៣​ចំណុច​រួមមាន​៖

​ទី​១- អនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារ​ចេញ​-​ចូល​ប្រទេស និង​ការធ្វើ​ច​ត្តា​ឡី​ស័ក អនុគណៈកម្មការ បច្ចេកទេស​និង​ព្យាបាល ត្រូវ​សហការគ្នាជាមួយ​បណ្តា​រាជធានី​-​ខេត្ត ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេសជិតខាង​ជាប់​ព្រំដែន​កម្ពុជា ដោយ​ផ្អែកលើ​អភិក្រម​បត់បែន​ទៅតាម​សភាពការណ៍​ជាក់ស្តែង នៃ​ចំនួន​ប្រជាពលរដ្ឋ ដែល​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ និង​សមត្ថភាព​ឆ្លើយតប​ជាក់ស្ដែង​នៃ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល នៅតាម​បណ្តា​ខេត្ត​ពាក់ព័ន្ធ ពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។

​ទី​២- បណ្តា​រាជធានី​-​ខេត្ត​នៅ​ផ្ទៃក្នុង​ប្រទេស ជាពិសេស​ខេត្ត​ដែលមាន​ពលករ​ចំណាកស្រុក​ទៅ ប្រទេស​ថៃ​ច្រើន ត្រូវ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​ភូមិ​-​ឃុំ និង​មណ្ឌល​ព្យាបាល​នៅតាម​ស្រុក ដែល​ស្ថិត នៅក្រោម​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ត្រៀមលក្ខណៈ​ទទួលយក​ព​លករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​។ ជាមួយគ្នានេះ បណ្តា​រាជធានី​-​ខេត្ត​នៅ​ផ្ទៃក្នុង​ប្រទេស ត្រូវ​ចាប់ផ្តើម​ផ្អាក​ការទទួលយក​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់ខ្លួន​បច្ចុប្បន្ន ចំពោះ​អ្នកពាក់ព័ន្ធ នឹង​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ (​មិនមែន​ប្រភេទ Delta) ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឆ្នាំ​២០២១ ដោយ​បង្វែរ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ទៅធ្វើ​នៅតាម​ផ្ទះ​រៀងៗ ខ្លួន សំដៅ​ធានា​ឱ្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងនោះ អាច​ត្រៀមលក្ខណៈ ក្នុងការ​ទទួល​ពលក​រ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ដែល​ភាគច្រើន​ជា​ករណី​ពាក់ព័ន្ធ​នឹង​មេរោគ​កូ​វីដ​-១៩ ប្រភេទ Delta​។

ទី​៣- ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត ត្រូវ​ផ្តល់​ការគាំទ្រ​ឱ្យបាន​ពេញទំហឹង តាម​គ្រប់​មធ្យោបាយ ជាពិសេស ផ្នែក​សម្ភារៈ និង​ថវិកា ដើម្បី​ជួយ​ដល់​បណ្តា​រាជធានី​-​ខេត្ត ក្នុងការ​គ្រប់គ្រង និង ទទួលយក​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល​ជំងឺ កូ​វីដ​-១៩ ព្រមទាំង​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដែលមាន​ការពាក់ព័ន្ធ​នឹង​ជំងឺ កូ​វីដ​-១៩​។

សារាចរ​របស់​រាជរ​ដ្ឋា​ភិ​បាល​បញ្ជាក់ថា គ្រប់​ក្រសួង​-​ស្ថាប័ន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​យន្តការ ដែលមាន​ការពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ​ផ្សព្វផ្សាយ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម