TOP NEWS ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យផ្អាកការស្នើសុំ ការចាក់វ៉ាក់សាំងដូស ទី៣ សម្រាប់អ្នកដែលបាន​ចាក់វ៉ាក់សាំង Astra Zeneca ដូស​ទី១ និងដូសទី២
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

TOP NEWS ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យផ្អាកការស្នើសុំ ការចាក់វ៉ាក់សាំងដូស ទី៣ សម្រាប់អ្នកដែលបាន​ចាក់វ៉ាក់សាំង Astra Zeneca ដូស​ទី១ និងដូសទី២

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យផ្អាកការស្នើសុំ នូវការចាក់វ៉ាក់សាំងដូស​ទី៣ ឬ​ដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ប្រភេទ Astra Zeneca ដូសទី១ ដូសទី២កន្លងមក។ បើតាម​សម្ដេ​ច​​តេ​ជោ ហ៊ុន សែន មានហេតុផល២ ដែលមិនទាន់អាចចាក់បាន ទី១ មិនទាន់បានសិក្សា អំពីគម្លាតរវាងដូសទី១ ដូសទី២ និងដូសទី៣ ចំពោះវ៉ាក់សាំងប្រភេទ Astra Zeneca នេះនៅឡើយ។ ទី២ រាជរដ្ឋាភិបាល មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ដំណើរការ ចាក់វ៉ាក់សាំងដូសទី៣នេះ នៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេងពិសេស នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលថ្មីៗនេះ មានការសំណូមពរមួយចំនួន ពីសំណាក់អ្នកដែលចាក់វ៉ាក់សាំង ប្រភេទ Astra Zeneca ដូសទី១ ដូសទី២ ហើយស្នើសុំចាក់ដូសទី៣ ដែលជាប្រភេទវ៉ាក់សាំង Astra Zeneca នេះទៀត។

សម្ដេច​​តេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានបញ្ហាទី២ ដែលយើងមិនទាន់អាច ផ្ដល់ជូនការចាក់​វ៉ាក់សាំងដូស​ទី៣ ប្រភេទ Astra Zeneca សម្រា​ប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទនេះ រួចហើយកាល​ពី​ដូសទី១ និងដូសទី២។ បញ្ហា​ទី១ យើងមិនទាន់បានសិក្សា អំពីគម្លាតរវាងដូសទី១ ដូសទី២ និងដូសទី៣ ចំពោះវ៉ាក់សាំងប្រភេទ Astra Zene​ca នេះនៅឡើយទេ។ យើងទើបតែ បានសិក្សាអំពីគម្លាត​ ចំពោះវ៉ាក់សាំងប្រភេទ Sinopharm និង Sinovac តែ​ប៉ុណ្ណោះ ហើយដែលយើងអាច បន្តចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង​ទាំង២ប្រភេទនេះ កាលពីដូសទី១ និងដូសទី២។

បញ្ហាទី២ គឺរាជរដ្ឋាភិបាល មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ដំណើរការចាក់វ៉ាក់សាំងដូសទី៣នេះ នៅ​ឡើ​យ​​ទេ​។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាពេលនេះ យើងអាចចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ ស​ម្រាប់មន្ត្រីជួរមុខ ដែលបានចាក់វ៉ាក់សាំង Sinopharm និង Sinovac តែប៉ុណ្ណោះ។ ក្នុងនោះ ចំនួនវ៉ាក់សាំងប្រភេទ Astra Zeneca ដែលរាជរដ្ឋាភិបាល មានក៏មិនទាន់គ្រប់គ្រាន់ សម្រាប់ចាក់ដូសទី៣នេះនៅឡើយដែរ។ តែយ៉ាង​ណាក៏ដោយសម្ដេចតេជោ បានជំរុញដល់គណៈកម្មការចំពោះកិច្ចលទ្ធកម្មវ៉ាក់សាំង ដើម្បីស្វះស្វែងរកក្នុងការ​ទិញ​វ៉ាក់សាំង Astra Zeneca សម្រាប់យកមកចាក់ជូនបងប្អូនជាបន្តបន្ទាប់ទៀត។

ក្នុងនោះដែរ បើតាមសម្ដេចតេជោ ហ៊ុន សែន ក៏មានអ្នកដែលមិនទាន់ បានចាក់វ៉ាក់សាំ​ង​សោះ នៅពេលមានវ៉ាក់សាំងប្រភេទ Astra Zeneca ដែលជាជំនួយរបស់អង់គ្លេស និងជប៉ុន មកដល់ បានស្នើសុំ​​ចាក់​វ៉ាក់សាំងមួយនេះ ដោយមិនបានគិតអំពីការលំបាក របស់រាជរដ្ឋាភិបាល ដែលកំពុងតែខ្វះវ៉ាក់សាំង។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ចំពោះឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោកស្រី អស់លោក សម្រាប់ការចាក់ដូសទី៣ គឺសុំឲ្យផ្អាកការដាក់សំណើស្នើសុំ លុះត្រាតែមានការសិក្សាម៉ត់ចត់ អំពីគម្លាតរវាងដូសទី១ ដូសទី២ និងដូសទី៣ ហើយយើងមានវ៉ាក់សាំង ទើបយើងអាចឈាន ទៅដល់ការចាក់ជូន​អ្នក ដែលបានចា​ក់ដូសទី១ ដូសទី២ នៃវ៉ាក់សាំង Astra Zeneca»។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានចេញបញ្ជាបន្ទាន់មួយ ទៅកាន់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ឲ្យរៀប​ចំការចាក់វ៉ាក់សាំងប្រភេទ Astra Zeneca សម្រា​ប់​ដូសទី៣ ឬដូសជំរុញជូនដល់មន្ត្រី​ជំនាញ និងកងកម្លាំងជួរមុខ នៅតាមព្រំដែនកម្ពុជា-ថៃ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺសម្រាប់ក្រុមមន្ត្រីជួរមុខ នៅ​ព្រំ​ដែន​កម្ពុជា-ថៃ គ្រាដែលនឹងមានពលករមកពីថៃជាច្រើននាក់ ត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ ហើយមន្ត្រីទាំង​នោះ អាចប្រឈមហានិភ័យ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ដូច្នេះត្រូវដឹកបន្ទាន់ នូវ Astra Zeneca ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមា​នការ​ពាក់ព័ន្ធ ធ្វើកិច្ចការងារនេះបន្ទាន់បំផុត តាមដែលអាចធ្វើទៅតាម គឺមិនមែនតាមដែលអាចធ្វើទៅបានទេ ត្រូវតែធ្វើ​ឲ្យបាន ព្រោះយើងមានវ៉ាក់សាំង នៅក្នុងដៃគ្រប់គ្រាន់ហើយ សម្រាប់ Astra Zeneca ដែលចាក់នៅទី​នោះ»។

ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនមក ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សម្រាប់មន្ត្រីជួរមុខ នៅតាម​បណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បាននឹងកំពុងដំណើរការជាបន្តបន្ទាប់ហើយ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sinopharm និង Sinovac ដូសទី១ និងដូសទី២កន្លងទៅ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services