Connect with us

ព័ត៌មានជាតិ

រយៈពេល១ខែ ចំនួនបទល្មើសគ្រឿងញៀនថយចុះ តែបរិមាណឡើងជិត៥០%

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះនៅនៅទំព័រហ្វេសប៊ុក អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងខែកក្កដានេះ ដោយការបង្ក្រាបបទល្មើសមានការថយចុះធៀបនឹងខែមិថុនា ប៉ុន្តែចំនួនគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាន មានការកើនឡើងដល់ទៅ៧៣គីឡូក្រាម ដែលស្មើនឹងប្រមាណជាង៥០ភាគរយធៀបនឹងខែមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោម ស ខេង  បានបញ្ជាក់ថា នៅក្នុងរយៈពេល១ខែនេះសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២៩ករណី គឺមានការថយចុះ ៤៨ករណី បើធ្វើការប្រៀបធៀបនឹងខែមិថុនា។ បទល្មើសបង្ក្រាបរួមមាន ករណីជួញដូរ រក្សាទុក ២៤២ករណី ករណីប្រើប្រាស់ ៨៤ករណី ករណីសំយោគ កែច្នៃ ១ករណី និងករណីដាំដុះ ២ករណី។

ពាក់ព័ន្ធនឹងករណីខាលើនេះ មានជនសង្ស័យសរុបចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួន កើន៤៧នាក់ ស្មើនឹង៥,២ភាគរយ ធៀបនឹងខែមិថុនា ឆ្នាំ២០២១។ ជនសង្ស័យទាំងនោះ ពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុក៥១០នាក់ ករណីប្រើប្រាស់គ្រឿងញៀន៣៣១នាក់ ករណីសំយោគ និងកែច្នៃ៥នាក់ និងករណីដាំដុះ៣នាក់។ ជនសង្ស័យទាំងនោះ មានខ្មែរ៧៧៦នាក់ និជនបរទេស៧៣នាក់។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខែកក្កដា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួន២១៩គីឡូក្រាម និង៤៦០.៧១ក្រាម។ ថ្វីដ្បិតថាការបង្ក្រាបបទល្មើសមានការថយចុះធៀបនឹងខែមិថុនា ប៉ុន្តែចំនួនគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាន មានការកើនឡើងដល់ទៅ៧៣គីឡូក្រាម ដែលស្មើនឹងប្រមាណជាង៥០ភាគរយធៀបនឹងខែមុន។

គ្រឿងញៀនទាំងនោះ រួមមាន មេតំហ្វេតាមីនក្រាមម្សៅ(ICE)ជាង៥៥គីឡូក្រាម មេតំហ្វេតាមីនគ្រាប់(WY)ចំនួន១១៣.៣០ក្រាម អ៊ិចស្តាស៊ី(MDMA)១០២គីឡូក្រាម៣៧៩.៩០ក្រាម កេតាមីន២១គីឡូក្រាម ២៣៧.៤០ក្រាម ហេរ៉ូអ៊ីន៥.១៦ក្រាម កាទីណូន៣៩គីឡូក្រាម ៨៥៤ក្រាម ព្រមទាំងសារធាតុគីមីផ្សំ១១២១គីឡូក្រាម កញ្ឆាស្រស់១៥៦៥ដើម និងកញ្ឆាស្ងួត៣៦គីឡូក្រាម ២២៧ក្រាម។

ជាការកត់សំគាល់ ករណីគ្រឿងញៀនចាប់ពី១គីឡូក្រាមឡើងទៅ មានចំនួន៥ករណី ស្មើនឹង៥ក្រុម ឃាត់ខ្លួនជនសង្ស័យ១៣នាក់ រួមមានៈ មេក្លោង១នាក់ និងបណ្ដាញ១២នាក់ ក្នុងនោះជនជាតិខ្មែរ៨នាក់ ជនជាតិចិន១នាក់ ជនជាតិវៀតណាម៤នាក់។ សរុបករណីធំៗទាំង៥នេះ មានគ្រឿងញៀនសរុបដល់ទៅ២១៣គីឡូក្រាម ៨៣៤.០៨ក្រាម និងសាធាតុគីមីផ្សំ៧គីឡូក្រាម និង៧៨២.៥៨គីឡូក្រាម។

ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមសូមផ្ញើនូវសេចក្ដីកោតសរសើរ និងការលើកទឹកចិត្តខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានរួមសហការគ្នាយ៉ាងល្អ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន។

សម្ដេចក្រឡាហោម សូមផ្ញើសារជូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសង្គម និងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមចូលរួមគាំទ្រ និងអនុវត្តពាក្យស្លោកជាតិ ៣ការពារ ១រាយការណ៍ គឺ៖

– កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។

– កុំអន្តរាគមន៍៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ។

– កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។

មួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច… ដើម្បីយើងអាចបន្តរួមកម្លាំងសាមគ្គីជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសត្រូវនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្ស ជាពិសេសធនធានយុវជន ដែលជាសសរទ្រូងប្រទេសជាតិ៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម