Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែកព្រះមហាក្សត្រ និង សម្តេចយាយ យាងពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង

បានផុស

នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេនឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសព្រះអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនជនរួមជាតិព្រះអង្គបានមានព្រះរាជបន្ទូលថា៖ “ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និង អនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តមលោកជំទាវអស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួម ជាតិទាំងអស់អវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព”។

ព្រះរាជសាររបស់ព្រះអង្គបន្តថា៖ “នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងឋានៈ ជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា”។

គួររំលឹកជូនថាព្រះមហាក្សត្រ និង ព្រះមហាក្សត្រី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេកាលពីខែមិនា ឆ្នាំ២០២១ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅទី ក្រុងប៉េកាំងប្រទេសចិន និងបានយាងត្រឡប់មកដល់មាតុប្រទេសវិញនាខែមេសា ២០២១ បន្ទាប់ពីព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពរយៈពេលជាង១ខែនៅរដ្ឋ ធានីប៉េកាំងប្រទេសចិន។

តាមការគ្រោងទុកថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិរួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា សម្តេ ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ​ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេដល់ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ។ ក្រៅពីនោះក៏មានឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា មន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្ស ក៏នឹងយាង និងអញ្ជើញថ្វាយព្រះរាជដំណើរផងដែរ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេស្តេចយាង​​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន​ជា​ទៀងទាត់រយៈពេល ៦ខែម្តង តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម