Connect with us

ព័ត៌មានជាតិ

ប្អូនស្រីសម្តេចតេជោចេញមុខអះអាងថា អ្នកស្រី បែន សុធារី ជាម្ចាស់ដីពិតប្រាកដ

បានផុស

នៅ

ភ្នំពេញ៖ ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន បានចេញមុខអះអាងថា ដីដែលអ្នកស្រី បែន សុធារី កំពុងកាន់កាប់ជាម្ចាស់ដី ហើយត្រូវតុលាការយកដីទៅឱ្យគូវិវាទ និងផ្ដាំឱ្យរត់ទៅរកសម្តេចតេជោ ជួយពីព្រោះលោកមានទសពិធរាជធម៌ (ធម៌១០យ៉ាង) អាចជួយក្មួយបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរក្នុងផេករបស់លោកស្រីឈ្មោះ Sinath Hun ថា៖ “មើលទៅរឿងមួយនេះមិនប្រក្រតីទេ ក្នុងការកាត់ក្ដីខ្ញុំធ្លាប់ស្គាល់ក្រុមគ្រួសារនេះយូរហើយ ម្យ៉ាងទៀតហេតុអីបានជាតុលាការយកដីក្មួយស្រី បែន សុធារី ទៅឱ្យអ្នកឈ្លោះគ្នាទៅវិញ? រាស្ត្រសព្វថ្ងៃសង្ឃឹមលើច្បាប់ បើច្បាប់កាត់បែបៗនេះវិញចប់បាត់។ ក្មួយស្រីមានតែសម្ដេចតេជោទេ រត់ទៅរកលោកឱ្យជួយទៅពីព្រោះលោកមានទសពិធរាជធម៌ អាចជួយក្មួយបាន”។

លោកស្រី ហ៊ុន ស៊ីណា បានបន្តថា៖ “សូមតុលាការកំពូលមេត្តាជួយមើលផងក្រុមគ្រួសារនេះ ហេតុអីបានជាយកដីអារី (បែន សុធារី) ឱ្យទៅគេអ៊ីចឹង? ខ្ញុំអត់យល់ទេ កន្លែងដីនេះពួកខ្ញុំញ៊ាំនំបញ្ចុកញឹកញាប់”។

លោកស្រី ហ៊ុន ស៊ីណា បានសរសេរ Comment ឆ្លើយតបចំពោះឈ្មោះព្រះគុណ ម៉ែ ថា៖ “ចាសលោកមានប្រសាសន៍ពិតជាត្រឹមត្រូវហើយ សម្ដេចសព្វថ្ងៃនេះមួយរយជំពូក។ តែរឿងមួយនេះតុលាការកាត់គ្មានសុក្រឹត និងតម្លាភាពទេ ពីព្រោះលុយវាធំជាងភាពត្រូវ និងខុសអយុត្តិធម៌សម្រាប់ក្មួយស្រី បែន សុធារី ណាស់ ដីក្មួយស្រី កាលឪពុករបស់ខ្ញុំនៅរស់គាត់ទៅជាមួយខ្ញុំញឹកញាប់ ហេតុអីបានជាយកដីក្មួយស្រីអស់អញ្ចឹង”។

គួររំលឹកថា កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០២១ អ្នកស្រី បែន សុធារី រួមជាមួយកម្មករធ្វើនំបញ្ចុកជាង៥០នាក់ បានប្រមូលផ្តុំគ្នាក្នុងផ្ទះលើកបដា រូបថតសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តវ៉ាចំពោះសាលដីការបស់តុលាការកំពូលដែលបានសម្រេចកាត់ក្តីយកដីរបស់អ្នកស្រីទៅឱ្យអ្នកផ្សេង ហើយអាជ្ញាធរគ្រោងនឹងចុះអនុវត្តសាលដីកា តែខកខានមិនឃើញចុះអនុវត្ត។

ខណៈនោះមានតំណាងកម្មករសិប្បកម្មផលិតនំបញ្ចុកម្នាក់បានសម្តែងសមានចិត្តថា ប្រសិនតុលាការអនុវត្តសាលដីការឹបអូសយកដីថៅកែពេលនេះ ពួកគាត់សុខចិត្តស្លាប់នៅទៅទីនេះ មិនចេញទៅណាដាច់ខាត។ មានកម្មករក្មេងតូចៗជាកូនចៅកម្មករជាង៥០នាក់ លើករូបថតសម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយបដាជាច្រើនផ្ទាំងគាំទ្រសម្តេចទាំងទ្វេជានិច្ច។

លោក ឈិន នៅ ហៅអូន អាយុ៣៩ឆ្នាំ ជាកម្មករ និងស្នាក់នៅក្នុងសិប្បកម្មផលិតនំបញ្ចុកស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានអះអាងបែបនេះ បន្ទាប់ពីទទួលដំណឹងថា អាជ្ញាធរនឹងចុះមកអនុវត្តសាលដីកា នាព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ដើម្បីយកដីចែថៅកែរបស់ពួកគាត់។ ប៉ុន្តែនៅថ្ងៃដដែលនោះ មិនឃើញមានអាជ្ញាធរចុះមកអនុវត្តសាលដីកាឡើយ។

លោក ឈិន អូន បន្តថា គាត់មកធ្វើការនៅសិប្បកម្មនេះជាមួយប្រពន្ធ អស់រយៈពេលជាង១៥ឆ្នាំមកហើយ តាំងពីមានកូនក្នុងពោះ ហើយរហូតមកទល់ពេលនេះមានកូន ក្មួយកំព្រាតូចៗមករស់នៅជាមួយ និងអ្នកដទៃទៀតជាង៥០គ្រួសារ ពោលគឺរស់នៅដោយសុខសាន្ត។ បន្ទាប់ពីឮថា តុលាការមកយកដីរបស់ចែថៅកែ គាត់ដេកមិនលក់២យប់មកហើយ ប្រសិនគេរឹបអូសយកដី តើពួកគាត់ទៅរស់នៅទីណា? រកការងារឯណាធ្វើបាន? ពេលនេះកំពុងឆ្លងកូវីដ ហើយចែថៅកែផ្អាកសិប្បកម្ម មិនឱ្យកម្មករចេញក្រៅ ព្រោះខ្លាចឆ្លងកូវីដ។

លោក ឈិន អូន បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយចែថៅកែពួកគាត់ ដោយជួយសើរើកាត់ក្តីរឿងនេះឡើងវិញ ព្រោះមានភាពអយុត្តិធម៌ខ្លាំងណាស់។

អ្នកស្រីឈ្មោះ ថន ចាន់ធី អាយុ៣២ឆ្នាំ ជាកម្មករបម្រើការងារនៅសិប្បកម្មខាងលើនេះអស់រយៈពេល១៥ឆ្នាំបាននិយាយថា ប្រសិនតុលាការអនុវត្តសាលដីកាយកដីរបស់ថៅកែពួកគាត់ តើឱ្យពួកគាត់ទៅរស់នៅទីណា? ទៅរកការងារឯណាធ្វើបានសម័យកូវីដនេះ? ខ្លះធ្វើជាកម្មករម្នាក់ចិញ្ចឹមប្រពន្ធកូន ខ្លះធ្វើការទាំង២នាក់ប្តីប្រពន្ធចិញ្ចឹមកូន ខ្លះមានម្តាយចាស់ មករស់នៅជុំគ្នា ហើយថៅកែបានដាំបាយឱ្យហូប៣ពេល មានផ្ទះប្រើទឹកភ្លើងស្រាប់។ អ្នកស្រ ថន ចាន់ធី ក៏បានសំណូមពរស្រដៀងនឹងប្តីរបស់នាង ព្រោះនាងមានការអាណិតអាសូរដល់ថៅកែ និងសំណូមពរដល់សម្តេចពុក សម្តេចម៉ែ មេត្តាជួយសើរើរឿងក្តីខាងលើនេះឡើងវិញ ដើម្បីថៅកែពួកគាត់ទទួលបាននូវយុត្តិធម៌។

លោកយាយ ជៀប ថន អាយុ៧៥ឆ្នាំ ដែលជាម្ចាស់ដីដំបូងបានមកបំភ្លឺនាព្រឹកថ្ងៃទី១៣ ខែសីហានោះថា លោកយាយ និងប្តីគាត់បានទទួលដីនេះពីរដ្ឋក្រោយថ្ងៃរំដោះ៧មករា ក្រោយមកគាត់ក៏បានហៅ តារ័ត្ន (លោក បែន សារ័ត្ន) មកទិញដីរបស់គាត់ (មិនចាំឆ្នាំ តែបើតាមឯកសារ ឆ្នាំ១៩៩១)។ ពេលនោះ តារ័ត្នបានហៅកូនស្រីគាត់ (បែន សុធារី) មកទិញរហូតមកដល់សព្វថ្ងៃ។ លោកយាយបន្តថា គេទិញដីគាត់ហើយ ហេតុអីខាងតុលាការមកយកដីគាត់ គាត់អាណិតតារ័ត្ន ណាស់។

លោក បែន សារ័ត្ន អាយុ៧៥ឆ្នាំ អតីតជាកម្មាភិបាលក្រសួងយុត្តិធម៌ សម័យរដ្ឋកម្ពុជា ត្រូវជាឪពុកបង្កើតរបស់ឈ្មោះ បែន សុធារី បានបំភ្លឺថា គាត់រស់នៅភូមិអូរអណ្តូង នេះតាំងពីឆ្នាំ១៩៧៩ ហើយជាកម្មាភិបាលក្រសួងយុត្តិធម៌ ធ្លាប់បានបង្រៀនមន្ត្រីតុលាការ និងមន្ត្រីយុត្តិធម៌តាមបណ្តាខេត្តនៅទូទាំងប្រទេស ពេលនេះលោកបានចូលនិវត្តន៍ហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម