Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​មី​ជាតិ បន្ត​ផ្តល់ជំនួយ​គាំទ្រ នៃ​គម្រោង​ខ្មែរ​ដើម្បី​ខ្មែរ ដល់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ

បានផុស

នៅ

​ក្នុង​ស្មារតី​គាំទ្រ​ដោយស្មោះ​ស្ម័គ្រ​ចំពោះ​វរជន​អាវ​ស ក្រុមហ៊ុន​មី​ជាតិ បាន​បន្ត​ឆន្ទៈ​ចែករំលែក​ក្រោម​គម្រោង “​ខ្មែរ​ដើម្បី​ខ្មែរ​” ក្នុង​យុទ្ធនាការ​ពាំនាំ​ជំនួយ​គាំទ្រ និង​ថ្នាំសង្កូវ​ជូន​ដល់​មន្ទីរ​សុខាភិបាល និង​មណ្ឌល​ព្យាបាល​កូ​វីដ​១៩ ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ចំនួន​៦​កន្លែង ដែល​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ដែ​លតា កាលពី​ថ្ងៃទី​១៦ និង​១៧ ខែសីហា ឆ្នាំ​២០២១ កន្លងទៅនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជុង​ហៀ​ង ថាវ​សិទ្ធិ អនុប្រធាន​ធុរកិច្ច នៃ​ក្រុមហ៊ុន​មី​ជាតិ បាន​មានប្រសាសន៍ថា ការ​ពាំនាំ​អំណោយ​នៅថ្ងៃនេះ គឺ​ស្ថិតនៅក្រោម​គម្រោង “​ខ្មែរ​ដើម្បី​ខ្មែរ​” ដែលជា​គំនិត​ផ្តួចផ្តើម​ក្នុងការ​ឆ្លើយតប​បន្ទាន់​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ សកម្មភាព​នៅ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​នេះ ជា​ជំហាន​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន ក្នុង​ការជួយ​សម្រួលកា​រ​លំបាក​របស់​កងទ័ព​អាវ​ស និង​បងប្អូន​ពលករ​នៅតាម​បណ្តាល​ខេត្ត​ជាប់​ព្រំដែន ដែល​កំពុងមាន​ការរីក​រាលដាល​ខ្លាំង នៃ​វីរុស​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី​ដែលតា​។ លោក​បាន​បន្តថា​ ជាការ​ពិតណាស់ ការអនុវត្ត​គម្រោង​នេះ ​តម្រូវ​ឲ្យ​ក្រុមការងារ ចុះ​ទៅដល់​មណ្ឌល​នីមួយៗ ដើម្បី​បាន​ជួប​ផ្ទាល់​ជាមួយ​ក្រុមការងារ​ជួរមុខ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​យ៉ាងសកម្ម​ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា សកម្មភាព​របស់ ក្រុមហ៊ុន​មី​ជាតិ ជា​កាយវិការ​ដ៏​ប្រពៃ ដែល​វិស័យ​ឯកជន ចូលរួម​សម្រាល​ទុក្ខ​លំបាក​របស់​រាជរដ្ឋាភិបាល ក្នុងការ​ចូលរួម​គាំទ្រ​ផ្តល់​ជា​កម្លាំងចិត្ត និង​ធនធាន​ជា​សម្ភារ ដល់​ប្រតិបត្តិការ របស់​ក្រុមគ្រូពេទ្យ​ជួរមុខ​។ លោក​បាន​បន្ថែមទៀតថា អំណោយ​ទាំងនេះ នឹង​ត្រូវ​បាន​ចែក​ជូន​បន្ត​ដល់​បងប្អូន​អ្នកជំងឺ​ដែលជា​ពលករ ក៏ដូចជា​ក្រុមគ្រូពេទ្យ​ជួរមុខ នៅតាម​មណ្ឌល​ព្យាបាល​ក្នុង​ខេត្តបន្ទាយមានជ័យ​។

​ចំណែក លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង ជួសមុខ​ឲ្យ​មន្ត្រីរាជការ​ជុំវិញ​មន្ទីរ​សុខាភិបាល​ខេត្ត សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព របស់​ក្រុមហ៊ុន​ដែល​ឆ្លើយតប​បន្ទាន់ និង​គាំទ្រ​ដល់​ក្រុមការងារ​ជួរមុខ ដែល​កំពុង​ប្រយុទ្ធ​យ៉ាងសកម្ម​ក្នុងការ​ព្យាបាល បងប្អូន​ប្រជា​ពលករ​ជាច្រើន​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ទូទាំង​ខេត្ត​។ លោក​បាន​បន្តថា អំណោយ​នេះ គឺជា​ការគាំទ្រ​ដ៏​ប្រពៃ​ចំពោះ​ខ្មែរ​ដូចគ្នា ដែល​អាច​ធ្វើបាន​ក្នុង​គ្រា​មាន​អាសន្ន​នេះ​។ ខេត្តបាត់ដំបង ក៏ដូចជា​បណ្តារ​ខេត្ត​ដែល​ជាប់​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​មានការ​ប្រឈម​នឹង​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩ ទាំង​ឆ្លង​ក្នុង​សហគមន៍ និង​ករណី​នាំចូល រហូតមកដល់​ពេលនេះ​នៅ​ខេត្តបាត់ដំបង មិនមាន​ឃុំ ឬ ស្រុក​ណាមួយ​ពុំមាន​ករណី​ឆ្លង​នោះទេ​។

​លោក ជុង​ហៀ​ង ថាវ​សិទ្ធិ បាន​បន្តថា ក្នុងនាម​វិស័យ​ឯកជន សូម​លើកទឹកចិត្ត​ក្រុមហ៊ុន សហគ្រាស​ចូលរួម​ការចែករំលែក​តិចក្តី​ច្រើនក្តី ដែល​នេះ​ជា​កាយវិការ​ដ៏​ប្រពៃ ក្នុងនាម​ប្រជាជាតិ​តែមួយ រួមសុខ​រួមទុក្ខ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​រួមគ្នា ដើម្បី​យកឈ្នះ ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ទាំងអស់គ្នា​។

​ការចែក​អំណោយ​មួយ​ជុំ​នេះ ក្រុមហ៊ុន​មី​ជាតិ​បាន ពាំ​នាំនូវ​ស្បៀងអាហារ​រូ​ម​មាន មី​ជាតិ ទឹក​ពិសា​វី​តា​ល់ ជាច្រើន​កេស និង​ថ្នាំសង្កូវ​មួយចំនួនធំ ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំងពីរ និង​មណ្ឌល​ព្យាបាល ចំនួន​៤​កន្លែង​ផ្សេងទៀត រួមមាន មណ្ឌល​ព្យាបាល​កង​វ៉ា មណ្ឌល​ព្យាបាល ហ៊ុនសែន​ខ្លា​កូន ក្នុង​ខេត្តបន្ទាយមានជ័យ មណ្ឌល​ព្យាបាល​វិទ្យាល័យ​មុន្នី​វង្ស និង​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល​និង​ធ្ងន់ វិទ្យាល័យ​សម្តេចឪ ក្នុង​ខេត្តបាត់ដំបង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម