Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសំរោង ដាំដើម​ឈើ១០០០ដើមតាមដងផ្លូវជាតិលេខ២​

បានផុស

នៅ

លោក កេ​ត ម៉ៅ អភិបាល នៃ​គណៈ​អភិបាលស្រុក​សំរោង សហការ​ជាមួយ​ក្រុមហ៊ុន អ​.​អឹម​.​អេ ខេ​ម​បូ​ឌៀ ដឹកនាំ​ដោយ​លោក ង​ន សាំង នាយក​ប្រតិបត្តិ និង​បុគ្គលិក បាន​ចូលរួម​ដាំ​ដើមឈើ​ចំនួន៨០០​ដើម នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ចាប់ពី​ចំណុច​ទីប្រជុំជនផ្សារថ្នល់ទទឹង ស្ថិតក្នុង​ឃុំ​សំរោង រហូតដល់​វត្ត ទួល​រវៀង ឃុំ​ស្លា ដើម្បី​លំអ​សោភ័ណភាពបរិស្ថាន ស្រស់បំព្រង​នៅតាម​ដងផ្លូវ​សាធារណៈកាលពី​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឈើ​ទាំង ៨០០​ដើម ដែល​ដាំ​លំអ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ រួមមាន ដើម​ព្រី​យ៉ាង​ថង , ដើម​ក្ងោក , ដើម​លឿង​រាជ , និង ដើម​ធ្នង់ ។ ក្រៅពីនោះ​ក្រុមហ៊ុន ក៏បានផ្តល់​ដើមឈើ​ប្រណីត ចំនួន ២០០​បន្ថែមទៀត រួមមាន ដើម​បេង , ដើមឈើ​ទាល , ដើម​ធ្នង់ , ដើម​ព្រី​យ៉ា​ថង , ដើម​ត្របែកព្រៃ , និង ដើម​ក្ងោក​ពណ៌​លឿង​យកមក​ពី​ប្រទេស​ជប៉ុន ។ ក្នុងនោះ ចំនួន១០០​ដើម សម្រាប់​ដាំ​នៅក្នុង​បរិវេណ សាលា​វិទ្យាល័យ​សម្តេច ឪ និង ១០០​ដើម​ទៀត ក្រុមហ៊ុន បាន​ផ្តល់ជូន រដ្ឋបាល​ស្រុក​សំរោង ក្នុង​ការដាំ​លំអរ​សោ​ភ័​ណ្ឌ​ភាព​នៅក្នុង​មូលដ្ឋាន​ផងដែរ ។​

សកម្មភាព​នេះ រដ្ឋបាល​ស្រុក​សំរោង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​នេះ​ទាំងអស់ សូម​ចូលរួម​ថែរក្សា ការពារ​កូនឈើ​ដែល​បាន​ដាំ​ទាំងអស់នេះ អោយ​ដុះ​លូតលាស់​ល្អ ដើម្បី​លំអ​សោភ័ណភាព​តាម​បណ្តោយ​ដងផ្លូវ​កៅ​ស៊ូនេះ និង​លើកកម្ពស់​សោភ័ណភាព បរិស្ថាន​នៅក្នុង​មូលដ្ឋាន​ស្រុក​សំរោង ខេត្តតាកែវ ។​

នាឱកាស​នោះ​លោក កេ​ត ម៉ៅ អភិបាល នៃ​គណៈ​អភិបាលស្រុក​សំរោង បាន​ជំរុញនិង​ចលនា​ប្រជាពល​រដ្ឋ​គ្រប់រូប​នៅតាម​មូលដ្ឋាន ព្រះសង្ឃ​គ្រប់​ព្រះអង្គ នៅតាម​វត្ត​អារាម សូម​ចូលរួម​សកម្មភាព​ដាំ​ដើមឈើ រួមទាំង​ដាំ​ដើមឈើ​ហូប​ផ្លែ​ផងដែរ ឱ្យបាន​គ្រប់​ទីកន្លែង​ទាំងអស់​ដែលមាន​ដី​ទំនេរ​សម្រាប់​ទុកជា​គុណ​ប្រយោជន៍​របស់ខ្លួន​យើង ក្រុមគ្រួសារ​យើង និង​របស់​សង្គមជាតិ​យើង ។​

ជាមួយគ្នានេះដែរ​ លោក​អភិបាលស្រុក​សំរោង ក៏បាន​ផ្ដាំផ្ញើ​ដល់មន្ត្រី​សាលាស្រុកគ្រប់ផ្នែក គ្រប់​ការិយាល័យ និង​តាម​បណ្តា​ឃុំ ព្រមទាំង​ប្រជាពលរដ្ឋ ត្រូវ​បន្ដ​យកចិត្តទុកដាក់​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​វិធានការ ៣​ការពារ ៣​កុំ​. និង​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នូវ ជំងឺ​កូ​វីដ​-១៩ ជាពិសេស ជំងឺ​បំប្លែង​ថ្មី ដែល​តា ៕

អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម