Connect with us

ព័ត៌មានជាតិ

មណ្ឌលហែលទឹក​នៅ​បាត់ដំបងតម្លៃ​ជាង ២​លាន​ដុល្លារអាមេរិក រួចរាល់ជាស្ថាពរ

បានផុស

នៅ

នាពេលឆាប់ៗខាងមុខនេះ ខេត្តបាត់ដំបងនឹងមានមណ្ឌលកីឡាហែលទឹកខ្នាតអន្តរជាតិមួយសម្រាប់បម្រើការប្រើប្រាស់សម្រាប់​ការប្រកួត​ផ្សេងៗ។

លោក ហែម គីរី អគ្គលេខាធិការអមដំណើរជាមួយលោក បុង ប៊ុនហួន អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានគណៈកម្មការសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យការសាងសង់មណ្ឌលហែលទឹកខេត្តបាត់ដំបងស្តង់ដារអន្តរជាតិ ដែល​មានតម្លៃ​ជាង ២លានដុល្លារអាមេរិកនោះក្នុង​ទឹកដីខេត្តបាត់ដំបង ដែល​បានសាងសង់រួចរាល់ជាស្ថាពរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម គិរី បានឲ្យដឹងថា មណ្ឌលហែលទឹកខេត្តបាត់ដំបងបាន​សាងសង់​រួចរាល់ នៅតែ​បំពាក់បរិក្ខារមួយចំនួនទៀតដើម្បីបញ្ចប់​ប៉ុណ្ណោះ។ បើគិតពីការងារធំៗចប់អស់ហើយ នៅតែ​ពិនិត្យវាយតម្លៃដើម្បីធ្វើពិធីប្រគល់តាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន​សហព័ន្ធខ្មែរកីឡាហែលទឹក។

ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមណ្ឌលហែលទឹក​ខ្នាតអន្តរជាតិនៅ​ខេត្តបាត់ដំបង ​គ្រោង​បញ្ចប់​តាំងពីខែកុម្ភៈ ប៉ុន្តែ​ដោយសារមេរោគ​COVID-19 ធ្វើឲ្យការសាង់សងអូសបន្លាយ​ដល់ខែសីហា។

បើ​តាមអតីតកីឡាករហែលទឹកជម្រើសជាតិ​លោក ហែម គិរី ទាំងសំណង់ និងសម្ភារៈបច្ចេកទេសបំពាក់បាន៨០ភាគរយ នៅសល់២០ ភាគរយនឹងបញ្ចប់ ដើម្បីឲ្យរួចរាល់តាមស្តង់ដារបច្ចេកទេសអន្តរជាតិ។ ជាក់ស្តែងកន្លែងលោតដេប៉ាលោតទឹក និងក្តារបានបំពាក់ចប់ជាស្ថាពរហើយ ចំណែក​ហែល​លោតនៅ​មិនទាន់បញ្ចូលទឹកពេញនៅ​ឡើយ នៅពេលណាបញ្ចូលទឹកពេញ លោកនឹងចុះពិនិត្យម្តងទៀត ចំណែកម៉ាស៊ីនវិញដំណើរការតែម៉ាស៊ីនខាងអាងហែលទឹក ចំពោះម៉ាស៊ីន​លោតនឹងដំណើរការសប្តាហ៍ក្រោយនេះ។

ការសាងសង់អាងហែលទឹកនេះឡើង ចង់ឲ្យកីឡាហែលទឹកខេត្តបាត់ដំបង់មានសកម្មភាពឡើងវិញ ឬរស់ឡើងវិញ ដូច្នេះត្រូវការអាងហែលទឹកថ្មីមានទំហំដូចអាងហែលទឹកនៅ​ខេត្តកំពង់ចាម មានអាងសម្រាប់ប្រកួត មានទំហំ២៥ម៉ែត្រគុណ ៥០ ម៉ែត្រ និងជម្រៅ២ម៉ែត្រ ។ អាងលោត ទឹកទំហំ ២០ម៉ែត្រ គុណ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ។ ប៉មលោតទឹកកម្ពស់១០ម៉ែត្រ ចែកជាថ្នាក់លោត កម្ពស់៣,៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ។ អាងទាំងបី និងប៉មលោតទឹក ត្រូវសាងសង់នៅលើខឿនទំហំ ៤០ ម៉ែត្រ គុណ​១១២​ម៉ែត្រ។ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹក អាងទាំងបី ទំហំ១០ម៉ែត្រ គុណ១៥ ម៉ែត្រ ជម្រៅ ២,៥ ម៉ែត្រ។ កន្លែងអង្គុយទស្សនាទំហំ៧ម៉ែត្រ គុណ៨៣ម៉ែត្រ ចំណុះ ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន​៥០នាក់ ។

បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ ៧ម៉ែត្រ គុណ១៣ ម៉ែត្រ បន្ទប់ឃ្លាំងទំហំ៧ម៉ែត្រ គុណ១០ ម៉ែត្របន្ទប់ផ្លាស់សំលៀកបំពាក់ទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ ចំនួន៣បន្ទប់ ព្រមទំាងបន្ទប់ទឹកកីឡា ករ២ បន្ទប់ កីឡាការិនី ២បន្ទប់ ។ បន្ទប់ទឹកសាធារណៈ២កន្លែង បុរស៦បន្ទប់ នារី៦ បន្ទប់ជនពិការ ១បន្ទប់ ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត៧០០ម៉ែត្រការេ។

អគារពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ៣៥ ម៉ែត្រពីរជាន់ ចែកជាបន្ទប់ពិសេសគណៈអធិបតីទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ។ បន្ទប់ពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ១៥ម៉ែត្រ បន្ទប់បញ្ជាការប្រកួតទំហំ៣ម៉ែត្រ គុណ​៥ម៉ែត្រ។ បន្ទប់ឃ្លាំងជាន់ទី ១ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ បន្ទប់សង្គ្រោះបន្ទាន់ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ។ បន្ទប់អាជ្ញាកណ្ដាល ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រកន្លែង សម្រាករយៈពេលខ្លី ក្នុងពេលប្រកួតទំហំ៤ម៉ែត្រ គុណ២៤ ម៉ែត្រ។ បន្ទប់ស្នាក់នៅសម្រាប់កីឡាករទាំងពីរភេទ ចំនួន៩ ទំហំ៣,៥ម៉ែត្រ គុណ១៦ម៉ែត្រ បន្ទប់បរិភោគ និងចង្ក្រាន ទំហំ៥ម៉ែត្រ គុណ៨ ម៉ែត្រ និងសាងសង់រយៈពេល២៤ខែ។

លោកអគ្គលេខាធិការបានប្រាប់ថា អាងទឹកនេះកសាងឡើងដោយយកគំរូប្លង់តាម«មណ្ឌល កីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដោយគំរោងប្រើប្រាស់ថវិកាប្រមាណ ២,០០០, ០០០ ដុល្លារ (ពីរលានដុល្លារ សហរដ្ឋអាមេរិក) ដើម្បីអាចឲ្យកីឡាករ-កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅ ធ្វើការហ្វឹក ហាត់ហែលទឹក ដើម្បីសុខភាព។ ជាមួយគ្នានេះ អាងទឹកនេះក៏ជាកន្លែងប្រកួតកម្រិតជាតិ ឬអាចប្រកួតកម្រិតតំបន់បាន។

បើ​តាមអគ្គលេខាធិការ​សហព័ន្ធកីឡាហែលទឹក លោក ហែម គិរី ការសាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍនិងបណ្ដុះបណ្ដាលកីឡាករ-កីឡាការនីឈុតធំ និងថ្នាល ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ( SEA GAMES 2023 ) នាពេលខាងមុខ ។

សូមបញ្ជាក់ថា មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបង មានទីតាំងស្ថិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យ​ខេត្តបាត់ដំបង បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម