ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២២០ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំ និងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិជាង១០០នាក់ ដែលជាប់ ពាក់ព័ន្ធទៅនឹងសំណងរឿង ឧបឃាត, រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការ នៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍០៩ វិច្ឆិកា ២០១៩។
សមាសភាពចៅក្រមជំនុំជម្រះនៅ ក្នុងសវនាការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះរួមមាន លោករស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កើត សាំង ចៅក្រមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ ចៅក្រមប្រឹក្សាជំនុំជម្រះ តែសវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះមិនទាន់សម្រេចយ៉ាងណាទេ ដោយលើកពេលទៅបន្តសវនាការនៅដើមឆ្នាំក្រោយ។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយផ្អាកសវនាការថា នៅក្នុងសវនាការនៅព្រឹកនេះ មាន៤សំណុំរឿង ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចបញ្ចូលជាពីរសំណុំ រឿង ដោយទី១ គ្រោងនឹងបន្តសវនាការ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងទី២ នឹងបន្តសវនាការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ ក្នុងចំណោមជនជាប់ចោទ ទាំងជាង១០០នាក់ ដែលត្រូវបានកោះហៅ គឺមានតែចំនួន៣៤នាក់ប៉ុណ្ណោះ បានចូលនៅក្នុងសវនាការ។
លោកគុជ គឹមឡុង បញ្ជាក់ថា លោក សម រង្ស៊ី និងបក្ខពួកជាង១០០នាក់ ត្រូវបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី២០-២១-២២-២៥-២៦ និងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ថាច់ សេដ្ឋា អតីតសមាជិក ព្រឹទ្ធសភា នៃអតីតគណបក្សសង្គ្រោះជាតិ និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបានថ្លែងប្រាប់កម្ពុជាថ្មី ក្រោយចេញពីសវនាការថា នៅក្នុងសវនាការនាព្រឹកនេះ មិនទាន់ដេញដោលដល់អង្គសេចក្ដីនៅឡើយទេ ដោយគ្រាន់តែលើកឡើងពីបញ្ហាពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ ហើយត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលើកពេលសវនាការទៅថ្ងៃក្រោយ ហើយក្រុមរបស់លោក នឹងបន្តសវនាការនៅខែមីនា ឆ្នាំ២០២១៕
អត្ថបទ ៖ កោះកែវ