ប្រមុខការពារជាតិ៖ ពិភពលោក​បច្ចុប្បន្ន​ពោរពេញដោយភាពមិនប្រាកដប្រជា ដោយ​សារការវិវត្តមេរោគ​​បំប្លែងថ្មី​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រមុខការពារជាតិ៖ ពិភពលោក​បច្ចុប្បន្ន​ពោរពេញដោយភាពមិនប្រាកដប្រជា ដោយ​សារការវិវត្តមេរោគ​​បំប្លែងថ្មី​

បានផុស

នៅ

សម្ដេចពិជ័យសេនា ទៀ បាញ់ ​បានថ្លែងថា ពិភពលោក​បច្ចុប្បន្ននេះ ​ពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយ​សារ​​តែការវិវត្ត នៃមេរោគ​​បំប្លែងថ្មី ជាបន្តបន្ទាប់​ ជា​ពិសេសប្រភេទ​ Delta ​​ដែល​កំពុងវាយលុកពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចពិជ័យសេនា មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រគល់ និងទទួល​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូស ដែល​ជាជំនួយ​របស់កងទ័ពរំដោះប្រជាជនចិន ​​ផ្តល់ជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រ​កម្ពុជា​​ ​នា​រសៀល​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១​នេះ។

​សម្ដេចពិជ័យសេនា ទៀ បាញ់ ​​លើកឡើងថា៖ “ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ ពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយ​សារ​តែមេរោគ​កូវីដ-​១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ជា​ពិសេសប្រភេទដែលតា (Delta) ដែល​កំពុងឆ្លងរាលដាលយ៉ាងខ្លាំងលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា”។

​សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា ​​​​បច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើនលើពិភពលោក បាន និងកំពុងផ្ដោតការ​យកចិត្តទុកដាក់យ៉ាងខ្លាំង លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ដើម្បីគ្រប់គ្រង​ការឆ្លងរាលដាលនៃជំងឺកូវីដ-​១៩​ ក៏ដូចជាប្រភេទមេរោគបំប្លែងថ្មីផងដែរ។

សម្ដេចពិជ័យសេនា មានប្រសាសន៍ថា៖ “ដូច្នេះនៅក្នុងបរិការណ៍នេះ វ៉ាក់សាំង ​គឺជាទំនិញ​យុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ នៅទូទាំងពិភពលោក”។​

ដោយយល់ពីសារសំខាន់ និងអត្ថប្រយោជន៍ នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្យាយាមខិតខំស្វែងរកប្រាសាទតាមរយៈយន្តការផ្សេងៗ ជាទ្វេភាគីក្តី ជាពហុភាគីក្តី និងក្នុងនាមជាជំនួយមនុស្សធម៌ក្តី តាមរយៈការបញ្ជាទិញក្តី ដើម្បីធានាបាននូវចំនួនវ៉ាក់សាំង​គ្រប់គ្រាន់ និងទាន់ពេលវេលាដែលបានកំណត់។

​សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នៅថ្ងៃ​ទី០១ ខែសីហា រាជរដ្ឋាភិបាលបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមាន​ចំនួនសរុបប្រមាណជិត​២លាននាក់​បន្ថែមទៀត​ និងបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងបង្ការជំងឺកូវីដ-​១៩​ ដូសទី៣ ឬដូសជំរុញ ជូនដល់មន្ត្រីបំរើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្ដាខេត្តនានា ​នៅតាមព្រំដែនជាមួយប្រទេ​សថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក​។

ជាមួយគ្នានេះរាជរដ្ឋាភិបាលនៅតែ​ប្រកាន់ខ្ជាប់នូវផែនការសុខាភិបាល​ ជាពិសេសវិធានការ៣ ការពារ ៣កុំ ​និងងដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រជំរុញទប់ស្កាត់ការឆ្លងរាលដាល នៃ​ជំងឺកូវីដ-​១៩​ ជាបន្តបន្ទាប់ នៅទូទាំងប្រទេស សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា ការទទួលបានវ៉ាក់សាំងដំណាក់កាលទី៣ ចំនួន​៥០ ម៉ឺនដូស ដែល​ជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសចិន ដល់ក្រសួងការពារជាតិកម្ពុជានាពេលនេះ ពិតជារួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការទប់​ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃ​ជំងឺកូវីដ-​១៩​ និងជំងឺកូវីដ-​១៩​ បំប្លែង​ថ្មី “ដែលតា” នៅក្នុងសហគមន៍ ​ប្រទេសកម្ពុជា យ៉ាងសក្កិសិទ្ធិ។

ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា​ សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​ថ្លែងអំណរគុណចំពោះស្មារតីសាមគ្គី​ភាព នឹង​ជួយគ្នាទៅវិញ​ទៅមក ក្នុងគ្រាលំបាករបស់ប្រទេសជាមិត្ត ដែលបានផ្ដល់វ៉ាក់សាំងបានទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសឈានមុខគេក្នុងការផ្ដល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ និងការបញ្ជាទិញ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់​ឯកអគ្គរដ្ឋទូតចិន និងប្រធានសេនានុព័ន្ធយោធាចិននៅកម្ពុជា ចំពោះការសម្របសម្រួលគ្រប់បែបយ៉ាង ពិសេសការផ្ដល់វ៉ាក់សាំង​ដល់ក្រសួងការពារជាតិ​ទាំង៣លើក បានទាន់ពេលវេលា និងតាមសំណូមពរចាំបាច់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ក្រុមគ្រូពេទ្យ កងទ័ព មន្ត្រីរាជការ ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអោយបានសកម្ម និងពេញលេញជា​មួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ និងចូលរួមយុទ្ធនាការជាតិ​ចាក់វ៉ាក់សាំង ដែលជាយុទ្ធនាការ​ជាតិទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ ដើម្បីរួមគ្នាការពារសុវត្ថិភាព ក៏ដូចជាសុខមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

គួររំលឹកជូនថា ចាប់តាំងពីដើមឆ្នាំ​២០២១ មក ប្រទេសចិនបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កម្ពុជាជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងការ​បញ្ជាទិញដោយរាជរដ្ឋាភិបាល​។ បើតាមប្រភពពីក្រសួងការពារជាតិក្នុងពេលឆាប់ៗនេះភាគីចិន នឹងផ្តល់ជំនួយ​ជាសម្ភារៈបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធកូវីដ-១៩ ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់វីរុសដែលមានតម្លៃសរុបជាង​២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីន អុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និង​សម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩។

គិត​មកដល់ពេលនេះកម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប ២១,៤៣៧,០០០ ដូ​ស​ភាគច្រើនបំផុត​ជា​វ៉ាក់សាំង​ជំនួយ​និង​ទិញ​ពី​ប្រទេស​ចិន ។ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួល បាន​រួចមកហើយ​នោះ​រួមមាន​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​(Sinopharm)​ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន​៣,២ លាន​ដូ​ស​,​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​៤ លាន​ដូ​សទិញ​ពី​ក្រុមហ៊ុន ស៊ី​ណូ​ហ្វា​ម​,​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ទិញ​ពី​ប្រទេស​ចិន​ចំនួន១១,៥ លាន​ដូ​ស​និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​(Astra Zeneca)​ ជំនួយ​របស់​ខូ​វ៉ា​ក់ (Covax  Facility) ចំនួន​៣៣០,០០០ ដូ​ស  ​,​វ៉ាក់សាំង Astra Zeneca ជំនួយ​រដ្ឋាភិបាល​ជប៉ុន​ចំនួន ១ លានដូ​ស​, ​វ៉ាក់សាំង Johnson & Johnson របស់​សហរដ្ឋអាមេរិក​តាមរយៈ Covax  Facility ចំនួន​១​លាន​ដូ​សនិង វ៉ាក់សាំង Astra Zeneca របស់ចក្រភព​អង់គ្លេស​ចំនួន ៤១៥,០០០ ដូ​ស​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services