Connect with us

ព័ត៌មានជាតិ

មកទល់​ថ្ងៃនេះ​ កុមារ​និង​យុវវ័យ ១៤,២៦៧​នាក់ ​​នៅ​ខេត្ត​សៀមរាប បាន​ទទួល​ចាក់​វ៉ា​ក់​សាំង​រួចរាល់ហើយ​

បានផុស

នៅ

​​បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស និង សម្រេច​ផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​កុមារ​និង​យុវវ័យ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ​មក​នោះ មាន​យុវវ័យ​ជាច្រើន​នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​សម្ដែង​នូវ​ការ​ការសប្បាយ​ចិ​ត្ដ និង អរគុណ​ជា​អនេក​ចំពោះ​សម្ដេច សម្រាប់​កា​រផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​មិន​គិតថ្លៃ​ជូន​ដល់​ពួកគាត់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពួកគាត់​បាន​ឲ្យ​ដឹង​ទៀតថា នេះ​ជា​សក្ខីភាព​មួយ ក្នុងចំណោម​សក្ខីភាព​ជាច្រើន ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​យក​ចិ​ត្ដ​ទុកដាក់​លើ​កុមារ​និង​យុវវ័យ​ ដែល​ជា​ទំពាំង​ស្នង​ឫស្សី ខណៈពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុងធ្វើការ​រាតត្បាត​ជា​សកល​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​កុមារ និង យុវវ័យ ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​ពួកគាត់​បាន​លើកឡើង​បែបនេះ នៅ​ឱកាស​ដែល​ពួកគាត់​បាន​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​មណ្ឌល​សុខភាព​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១​នេះ​។​

​លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប បានឱ្យដឹងថា ការផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១​សម្រាប់​កុមារ​នេះ មាន​រយៈពេល​១៤​ថ្ងៃ ហើយ​នៅ​ទូទាំង​ខេត្ត មាន​កុមារ​និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ដល់​១៧​ឆ្នាំ ប្រមាណ​ជាង​១២​ម៉ឺន​នាក់ នឹងត្រូវ​ទទួលបាន​កា​រ​ចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់ នៅតាម​បណ្តា​ទីតាំង​ដែល​បានរៀបចំ​ទុក​ចំនួន​២២​កន្លែង នៅតាម​បណ្តា​ស្រុក​-​ក្រុង​ទូទាំង​ខេត្ត ក្នុងនោះ​នៅ​មណ្ឌល​សុខភាព​ចំនួន​១៧​កន្លែង និង​នៅតាម​មន្ទីរពេទ្យបង្អែក​នានា ចំនួន​៥​កន្លែង ។​

​លោក សុខ ថុល បានបញ្ជាក់​បន្ថែមថា ក្នុង​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨​ដល់​ថ្ងៃទី​២៣​ខែសីហា​នេះ មាន​កុមារ​និង​យុវវ័យ ចំនួន ១៤,២៦៧​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១​រួចហើយ ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ឱ្យ​ចូលរួម​យ៉ាងសកម្ម និង បង្កលក្ខណៈ​គ្រប់បែបយ៉ាង នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​នេះ ពិសេស​សូម​អំពាវនាវ​ដល់​មាតាបិតា ឬ​អាណាព្យាបាល​នៃ​កុមារ​ទាំងអស់ សូម​នាំ​កូន​របស់ខ្លួន​មក​ទទួលយក​ការចាក់​វ៉ាក់សាំង​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ទាន់ពេលវេលា ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង និង ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ការ​ទប់ស្កាត់បាន​ឬ​មិនបាន គឺ​ផ្តើមចេញពី​ស្មារតី​ទទួលខុសត្រូវ​នៃ​បុគ្គល​ម្នាក់ៗ និង គ្រួសារ​នីមួយៗ នៅក្នុង​សង្គមជាតិ​ទាំងមូល ៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម