Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់កម្ពុជា ៖ ជាទម្លាប់របស់ក្រុម អ្នកជំនាញសិទ្ធិមនុស្សហើយ ដែលវាយតំលៃ ពីយន្តការច្បាប់របស់កម្ពុជា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការផ្តន្ទាទោសលោក រ៉ុង ឈុន និងសកម្មជន២នាក់​ផ្សេង​ទៀត មិនមែនដោយសារពួកគេ អនុវត្តសិទ្ធិសេរីភាពសម្ដែងមតិនោះទេ តែថាដោយសារពួកគេ ធ្វើសកម្ម​ភាព​ល្មើ​សច្បាប់ ទើបត្រូវបានចាប់ខ្លួន និងត្រូវតុលាការកាត់ទោសយ៉ាងដូច្នេះ។

ការបញ្ជាក់នេះ គឺដើម្បីឆ្លើយតប ទៅកាន់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់​​អង្គការ​​សហប្រជាជាតិ ដែលបានចេញ​សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយបានរិះគន់ ចំពោះអាជ្ញាធរកម្ពុជា ជុំវិញការផ្តន្ទាទោស លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារកាលពីសប្តាហ៍មុន រួមទាំងសកម្មជន២នាក់ទៀត។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែង​ប្រាប់​អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា ការចេញសេចក្ដីថ្លែងការណ៍ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.បខាងលើ គឺជាទម្លាប់របស់ពួកគេទៅហើយ ដែលមិនមានអ្វីថ្មីនោះឡើយ។ លោកថា នេះគ្រាន់​តែ​ជាការសម្ដែងមតិផ្ទាល់ខ្លួន របស់ពួកគេប៉ុណ្ណោះ មិនមែនក្នុងនាមអង្គការសហប្រជាជាតិឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា «វាជាទម្លាប់ របស់ពួកគាត់ហើយ ដែលធ្វើការវាយតំលៃ ពីយន្តការច្បាប់​របស់​កម្ពុជា កាលពីណាយើងអនុវត្តច្បាប់ ទៅលើសកម្មជន សកម្មជននយោបាយ ឬក៏សកម្មជនសិទ្ធិមនុស្សអី គា​ត់​តែងតែធ្វើការចោទប្រកាន់ ថា អាហ្នឹងជាការរំលោភបំពានសិទ្ធិ ជាការរឹតត្បិតសិទ្ធិសេរីភាព ក៏ប៉ុន្តែគាត់អត់វិភាគ ឬក៏សិក្សា ទៅលើទិដ្ឋភាពច្បាប់នោះទេ ពីអង្គហេតុ អង្គច្បាប់ មូលដ្ឋាននៃការចោទប្រកាន់ និងភស្ដុតាងសក្ខីកម្ម  ដែលនាំឲ្យមានការចោទប្រកាន់ ដែលបង្កើតបានទៅជាបទល្មើស និងមូល ដ្ឋាន​នៃការផ្ដន្ទាទោស»។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ការអនុវត្តច្បាប់ទៅលើលោក រ៉ុង ឈុន និងសកម្មជន២ នាក់ទៀ​ត​នោះ មិនមែនដោយសារពួកគេបញ្ចេញមតិនោះទេ តែដោយសារពួកគេ ធ្វើសកម្មភាពល្មើសច្បាប់ ទើបត្រូវបាន​ចាប់ខ្លួន និងផ្ដន្ទាទោសយ៉ាងដូច្នេះ។

លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា «វិធានការច្បាប់ ការចោទប្រកាន់ និងការផ្ដន្ទាទោស តាមផ្លូវតុលាការ តា​ម​នីតិវិធីរបស់តុលាការនេះ គឺមិនមែនដោយសារតែអ្នកទាំងអស់ហ្នឹង អនុវត្តសិទ្ធិសេរីភាពនោះទេ ក៏ប៉ុន្តែ​ដោយសារតែ អ្នកទាំងអស់ហ្នឹងធ្វើសកម្មភាព ដោយបង្កើតបានជាបទល្មើស ហើយសមត្ថកិច្ច អាជ្ញាធរ គេមានមូលដ្ឋានផ្លូវច្បាប់​រឹង​មាំ​ សក្ខីកម្ម ភស្ដុតាងរឹងមាំ ក្នុងការចោទប្រកាន់ ដំណើរការនីតិវិធី និងសម្រេចសេចក្ដីផ្ដន្ទាទោស»។

លោកបានថ្លែងទៀតថា ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ពីសំណាក់ក្រុមសង្គមស៊ីវិលមួយក្ដាប់តូច និង​អ្នកជំនាញការខាងលើនេះ គឺគ្មានប្រយោជន៍ គ្មានឥទ្ធិពល ផ្នែកផ្លូវច្បាប់នោះឡើយ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ របស់​កម្ពុជា។ លោកចាត់ទុកថា នេះគ្រាន់តែជាសារនយោបាយ ដើម្បីកេងចំណេញផ្នែកនយោបាយ តែប៉ុណ្ណោះ។

ជាមួយគ្នានេះស្ថានបេសកកម្ម អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅ​ក្រុងហ្សឺណែវ នៅថ្ងៃទី២៤ ខែសីហាម្សិលមិញនេះដែរ ក៏បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មានមួយ ដោយបានបដិសេធ ចោល​ទាំង​ស្រុ​ងនូវទស្សនៈផ្ទាល់ខ្លួន របស់អ្នករាយការណ៍ពិសេសមួយក្រុមតូច ដែលពុំ​បាន​ផ្ដល់ការយកចិត្តទុកដាក់ ចំពោះ​សារៈ​​សំ​ខា​ន់នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើភាពគ្នា ចំពោះ​ប្រជា​ពល​រដ្ឋទាំងអស់ នៅក្នុងប្រទេស​កម្ពុជា​។

នៅក្នុងសេចក្ដីថ្លែងការណ៍នេះ បានកត់សម្គាល់ថា ការ​អះអាង​ថា ការ​កាត់ទោស លោក រ៉ុង ឈុន មិនមាន​ភាព​ត្រឹមត្រូវ និង​ពុំ​សមាមាត្រ​នោះ បង្ហាញថា ក្រុម​អ្នកជំនាញ​ទាំងនោះ ​ពុំបាន​យកចិត្តទុកដាក់​លើ​អង្គហេតុ ​និង​អង្គច្បាប់​ឡើយ​។ ដោយ​ស្រមៃ​ចង់ បាន​ជាប់​ជានិច្ច ​នូវ​រូបភាព​សេរីភាព​បញ្ចេញមតិ​ជ្រុល​ហួស ក្រុម​អ្នកជំនាញ​ បាន​មើលស្រាល ​ចំពោះ​ផលវិបាក​ដ៏​មហន្តរាយ​ ​និង​មិនអាច​វិល​ត្រឡប់​ ទៅរក​សភាព​ដើម​បាន ​នៃ​ព័ត៌មាន​ក្លែងក្លាយ នៅពេល ​ត្រូវ​បាន​សាយភាយ​ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ការ​ធ្វើ​អត្ថាធិប្បាយ​ លើ​បញ្ហា​ព្រំដែន​ ដោយ​ប្រើប្រាស់​ព័ត៌មាន​បំភ្លៃ​ការពិត​និង​បំផ្លើស ពុំ​មែន​ជា​ការ​អនុវត្ត​សេរីភាព​ នៃ​ការបញ្ចេញមតិ​នោះទេ​។

សូមជម្រាបថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពិន័យជាប្រាក់២លានរៀល បង់ចូលថវិការដ្ឋ។

ចំណែកសកម្មជន២នាក់ទៀត ទី១. ឈ្មោះជនជាប់ចោទឈ្មោះ តុល និមល និង២.ជនជាប់ចោទឈ្មោះ ស កណិ​ការ ភេទស្រី ដាក់ពន្ធនាគារ កំណត់ម្នាក់ៗ ចំនួន២០ខែ និងពិន័យជាប្រាក់បង់ចូលថវិការដ្ឋម្នាក់ ចំនួន២ លានរៀល។ ពួកគេទាំង៣នាក់ ត្រូវចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយសាលក្រមខាងលើនេះ ក៏បានសម្រេចឲ្យជនជាប់ចោទ ទាំង៣នាក់ រួមគ្នាសងជំងឺចិត្ត ដល់គណៈកម្មការព្រំដែនកម្ពុជា ចំនួន៤០០លានរៀលផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម