Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពត ចុះ​ទៅ​មើល​​គម្រោង​អភិវឌ្ឍន៍តំបន់បៃតង និង​សំណង់ស្ពានត្រើយកោះ

បានផុស

នៅ

(ខេត្តកំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចុះពិនិត្យលើ​ទីតាំងជាក់ស្ដែង ដើម្បីជំរុញពន្លឿនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមរបស់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការ​ចុះទៅពិនិត្យ ឯកឧត្តមអភិបាលខេត្តបានដាក់គោលដៅចំនួនបី គឺ៖​ ១-ការពិនិត្យទីតាំង និងជំរុញការសិក្សានៃគម្រោងអភិវឌ្ឍន៍តំបន់បៃតងមួយកន្លែង ជាប់មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ , ២-ការពិនិត្យលទ្ធផល និងជំរុញល្បឿនសំណង់ស្ពានបេតុងត្រើយកោះជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន , ៣-ការជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលកំពុងរស់នៅលើដីចំណីព្រែកក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលបានសំណូមពរ ដល់មន្ត្រីជំនាញ ក៏ដូចជារដ្ឋបាលខេត្ត ជួយផ្ដល់ចេញប្លង់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

ពាក់ព័ន្ធគោលដៅការអភិវឌ្ឍន៍តំបន់បៃតង ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកឡើងថា ទីតាំងនេះមានទេសភាពស្អាត មានការទាក់ទាញទេសចរណ៍ ក៏ដូចជាការបម្រើដល់ការកម្សាន្តលំហែកាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របទៅនឹងសម័យកាលបច្ចុប្បន្ន ដែលរដ្ឋបាលនិងប្រជាពលរដ្ឋទាមទារការអភិវឌ្ឍន៍ជាសំខាន់ ហើយការអភិវឌ្ឍន៍នោះទៀតសោត ត្រូវធានាដល់និរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ជាទូទៅឲ្យបានច្រើនបំផុត។ ដូច្នេះ អាជ្ញាធរជំនាញនិងប្រជាពលរដ្ ឋត្រូវរួមសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយគ្នាប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍនេះក្លាយជាទ្រព្យសម្បត្តិ​សាធារណៈ​របស់រដ្ឋ និងបានបម្រើប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ។  

ពាក់ព័ន្ធដំណើរការសាងសង់ស្ពានបេតុងត្រើយកោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្តក៏បានចាត់ទុកស្ពាននេះ គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹងទំនិញសម្ភារៈផ្សេងៗគ្រប់សារពើ។ ដូច្នេះសូមឲ្យជំនាញនិងអាជ្ញាធររួមនិងប្រជាពលរដ្ឋសហការគ្នាឲ្យបានល្អ ដើម្បីឲ្យល្បឿននៃការសាងសង់នេះបានឆាប់ចប់តាមគម្រោងនៅចុងឆ្នាំ ២០២១នេះ ។ 

ចំណែកការឆ្លើយតបបញ្ហាសំណូមពរការ​ដោះស្រាយជូនប្រជាពលរដ្ឋទាំង១៣គ្រួសារ ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានលើកបញ្ជាក់ថា បញ្ហាប្រឈមនៃការចេញប័ណ្ណកម្មសិទ្ធជូនពលរដ្ឋ ក្នុងសង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ នៅមិនទាន់បានចេញនៅឡើយ ដោយសារបញ្ហាស្មុគស្មាញពាក់ព័ន្ធលំនៅដ្ឋានស្ថិតនៅលើចំណីព្រែក និងលើទឹកព្រែកតែម្តង ប៉ុន្តែពលរដ្ឋនៅតែសំណូមពរចង់បាន។ តែទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា បញ្ហានេះរដ្ឋបាលខេត្តតែងតែបានយកចិត្តទុកដាក់ជំរុញឲ្យជំនាញកំពុងសិក្សា ដើម្បីផ្ដល់ជូនប័ណ្ណកម្មសិទ្ធិឲ្យបានឆាប់នៅពេលខាងមុខនេះ ប៉ុន្តែសូមស្នើឱ្យជំនាញនិងអាជ្ញាធររួម និងប្រជាពលរដ្ឋខិតខំសម្របសម្រួលសហការគ្នាដោះស្រាយបញ្ចប់បញ្ហាដោយភាពទន់ភ្លន់ និងវៃឆ្លាត រដ្ឋក៏ចំណេញ ពលរដ្ឋក៏សប្បាយចិត្ត។ 

សូមបញ្ជាក់ថា គម្រោងរដ្ឋបាលខេត្តនឹងរៀបចំជាតំបន់បៃតង និងការអភិវឌ្ឍផ្លូវ ឲ្យបានជាប្រយោជន៍សម្រាប់បម្រើសាធារណៈនិងការទាក់ទាញទេសចរណ៍។ ពិសេសសម្រាប់សួនកំសាន្ត និងការហាត់ប្រាណដើម្បីសុខភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើយកោះ ក្រុងកំពតផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម