Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ “សមរភូមិកូវីដ-១៩ក្ដៅខ្លាំង វារុំព័ទ្ធទូទាំងប្រទេស ទាំងរាជវាំង ទាំងផ្ទះនាយករដ្ឋមន្ត្រី”

បានផុស

នៅ

បន្ទាប់ពីទទួលបានដំណឹងមានខេត្តខ្លះមិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាពលរដ្ឋគោលដៅ ស្របពេលកម្ពុជាមានវ៉ាក់សាំងសល់នៅក្នុងឃ្លាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំឡេងជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីខេត្ត ដោយសម្ដេចបានបញ្ជាក់ថា សម្ដេចនឹងតាមដានការងារចាក់វ៉ាក់សាំងដល់ទីបញ្ចប់ ព្រោះសមរភូមិកូវីដ-១៩ក្ដៅខ្លាំងសមរភូមិព្រះវិហារទៅទៀត វារុំព័ទ្ធទូទាំងប្រទេស ទាំងព្រះបរមរាជវាំង រួមទាំងផ្ទះនាយករដ្ឋមន្ត្។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចមានប្រសាសន៍លើកឡើងថា សម្ដេចនឹងតាមដានការងារចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ ព្រោះនេះជាសមរភូមិក្ដៅ ស្លាប់រស់របស់ប្រទេសជាតិ ខុសពីសមរភូមិព្រះវិហារ។

សម្ដេចតេជោ មានប្រសាសន៍ថា៖ “សមរភូមិព្រះវិហារ [យើង]អាចដេកលក់បាន​ ប៉ុន្តែសមរភូមិកូវីដ-១៩ [យើង]មិនអាចដេកលក់បានទេ ព្រោះវារុំព័ទ្ធទូទាំងប្រទេស រាប់ទាំងព្រះបរមរាជវាំង រួមទាំងផ្ទះនាយករដ្ឋមន្ត្រី ក៏រុំព័ទ្ធដោយកូវីដ-១៩ផងដែរ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “សង្គ្រាមនេះ ជាសង្គ្រាមមិនធម្មតា ជាសង្គ្រាមដែលទទួលការខុសត្រូវច្បាស់លាស់ពីសំណាក់ឯកឧត្ដមលោកជំទាវអភិបាលរាជធានីខេត្ត”។

សម្ដេចតេជោ បានផ្ដាំផ្ញើ អភិបាលរាជធានីខេត្តទាំងអស់យកចិត្តទុកដាក់តាមដានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ដោយសម្ដេចក៏នឹងតាមពិនិត្យមើលការអនុវត្តនេះដល់ទីបញ្ចប់ ដោយមិនព្រមចុះចាញ់ទៅលើសមរភូមិដែលទុកឱ្យនាយទាហាន ពលទាហានខ្វះអាវុធប្រយុទ្ធជាមួយកូវីដ-១៩ ពោលគឺខ្វះវ៉ាក់សាំងចាក់ជូនប្រជាជននោះទេ។ សម្ដេចបានបញ្ជាក់ថា សមរភូមិនេះ ក្ដៅជាងសមរភូមិយោធា។

សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឱ្យអភិបាលរាជធានីខេត្តត្រូវផ្ញើរបាយការណ៍សង្ខេបពីលទ្ធផលនៃការចាក់វ៉ាក់សាំង ដោយបញ្ជាក់ ពីចំនួនប្រជាពលរដ្ឋដែលត្រូវចាក់ ចំនួនអ្នកបានចាក់រួច និងចំនួនមិនទាន់ចាក់រួច ឬការយឺតដោយសារខ្វះគ្រូពេទ្យ ព្រមទាំងចំនួនវ៉ាក់សាំងដែលមានក្នុងខេត្តតើ​គ្រប់គ្រាន់ហើយឬនៅ ដើម្បីសម្ដេចផ្ទៀងផ្ទាត់ជាមួយវ៉ាក់សាំងដែលមានក្នុងឃ្លាំងថ្នាក់ជាតិ។ ប្រសិនមានការខ្វះខាត អាចស្នើសុំខ្ចីវ៉ាក់សាំងរបស់ក្រសួងការពារជាតិចំនួន៥០ម៉ឺនដូសបញ្ជូនទៅសិន ទម្រាំងវ៉ាក់សាំង​ថ្មីនឹងបានមកដល់នៅពេលដ៏ខ្លីខាងមុខ៕

អត្ថបទៈ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម