Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រស់នៅ​ផ្លូវ​៣៥ ចាក់អង្រែ​ក្រោម កំពុង​ជាប់​បិទ​ខ្ទប់ នាំគ្នា​តវ៉ា​ស្នើ​សុំ​បិទ​បញ្ចប់ ក្រោយ​អាជ្ញាធរ​សម្រេច​បន្ត​ការបិទ

បានផុស

នៅ

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៥ ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដែល​បាន​ជាប់​ក្នុង​ការបិទ​ខ្ទប់​របស់​អាជ្ញាធរ អស់​រយៈពេល​១៤​ថ្ងៃ​កន្លងមកហើយ​នោះ នៅវេលា​ថ្ងៃត្រង់​ទី​២៧ ខែសីហា ឆ្នាំ​២០២១​នេះ បាននាំគ្នា​តវ៉ា​ស្នើ​ឲ្យ​អាជ្ញាធរ​បិទ​បញ្ចប់​ការបិទ​ខ្ទប់ ខ​ណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ការបិទ​ខ្ទប់​បណ្តោយ​ផ្លូវ​ខាងលើ រយៈ​ពេល​៧​ថ្ងៃ​បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការតវ៉ា​សុំ​ឲ្យ​មាន​ការបិទ​បញ្ចប់​ការបិទ​ខ្ទប់​នេះ​ធ្វើឡើង បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីសម្រេច បន្ត​ការបិទ​ខ្ទប់​បណ្តោយ​ផ្លូវ​លេខ​៣៥​ខាងលើ រយៈ​ពេល​៧​ថ្ងៃ​បន្តទៀត គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ និង​កាត់ផ្តាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា ( delta ) នៅ​ក្នុង​សហគមន៍ ។

​បន្ទាប់ពី​កើតមាន​ការតវ៉ា​រួចមក អាជ្ញាធរ​សង្កាត់​ចាក់អង្រែ​ក្រោម ដឹកនាំ​ដោយ​លោក​ ជា សុ​ខៃ ចៅសង្កាត់ បាន​ចុះ​ធ្វើការ​សម្របសម្រួល បងប្អូន​ពលរដ្ឋ​ដែល​តវ៉ា ដោយ​ឲ្យពួកគាត់​រក្សា​ភាពស្ងប់ស្ងាត់ និង​សូម​ចូល​តាម​លំនៅឋាន​រៀងៗ​ខ្លួន​សិន អាជ្ញាធរ​សង្កាត់​នឹង​យក​ការស្នើរ​របស់​បងប្អូន រាយការណ៍​បន្ត​ជូន​ដល់​ថ្នាក់លើ ដើម្បី​សុំ​គោលការណ៍​សម្រេច ក្នុងការ​បង្កើត​គណៈកម្មការ​ការ​ចុះ​វាយតម្លៃ​ជាមុនសិន មុន​អនុញ្ញាត​ឲ្យ​មាន​ការបិទ​បញ្ចប់​ការបិទ​ខ្ទប់​តាម​ការ​ស្នើ​សុំ​របស់​បងប្អូន​ ដែល​កំពុង​ជាប់​ក្នុង​ការបិទ​ខ្ទប់​ខាងលើនេះ។

​គួរ​បញ្ជាក់ថា លំនៅឋាន​សរុប​នៅ​បណ្តោយ​ផ្លូវ​លេខ​៣៥​ខាងលើ មាន​៤៣​ខ្នង​ផ្ទះ ដែលមាន​ចំនួន​មនុស្ស​សរុប​៧០​នាក់ ។ បច្ចុប្បន្ន​បណ្តោយ​ផ្លូវ​ខាងលើ នៅ​បន្ត​បិទ​ខ្ទប់​ដដែល ដោយមាន​កម្លាំង​អាជ្ញាធរ​ចម្រុះ នៅ​ប្រចាំ​យាមកាម​ការពារ​សន្តិសុខ​នៅ​ជុំវិញ​តំបន់​ផងដែរ ។

​គួររំលឹកថា កាលពី​វេលាយប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរ បាន​ចុះទៅ​ធ្វើ​សំណាក​លើ​ក្រុម​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ចំនួន​៧០​នាក់ ហើយ​រកឃើញ​មាន​បុរស​ម្នាក់ វ័យ​៣៥​ឆ្នាំ មាន​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី ក៏​រហូតដល់​ព្រឹក​ថ្ងៃទី​១៣ ខែ​ឆ្នាំ​ដដែល អាជ្ញាធរ បានសម្រេច​ធ្វើការ​បិទ​ខ្ទប់​បណ្តោយ​ផ្លូវ​លេខ​៣៥​ខាងលើនេះ​ទាំងស្រុង​តែម្តងទៅ ។

​មន្ត្រី​អាជ្ញាធរ​សង្កាត់ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ក្រុមគ្រូពេទ្យ​សហការគ្នាជាមួយ​ក្រុម​អាជ្ញាធរ​សង្កាត់ បាន​បន្ត​រកឃើញ អ្នក​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា លើ​ពលរដ្ឋ​ប្រមាណ​ជិត​៣០​នាក់ ដែល​រស​នៅតាម​បណ្តោយ​ផ្លូវលំ​មួយ ជាប់​កែង​និង​ផ្លូវ​លេខ​៣៥​ខាងលើ​តែម្តង។ យ៉ាងណាមិញ បច្ចុប្បន្ន​ផ្លូវលំ​នោះ​ក៏​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ផងដែរ។ មន្ត្រី​ដដែល​បន្ត​ថា គិត​ចាប់​តាំង​កើត​មាន​វីរុស​បំប្លែង​ថ្មី​ដែល​តា ( Delta ) មក សម្រាប់​ភូមិសាស្ត្រ​សង្កាត់​ចាក់អង្រែ​ក្រោម មាន​អ្នក​វិជ្ជមានវីរុស​នេះ​សរុប​៣២​នាក់​ហើយ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម