រដ្ឋមន្រ្តី​ស៊ុន ចាន់​ថុល​ កាន់​ការងារ​រដ្ឋ​តាំងពីឆ្នាំ​១៩៩៤ ជា​រដ្ឋលេខាធិការ រហូត​ឡើង​ទៅ​ដឹកនាំ​​​ពីរ​ក្រសួង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ស៊ុន ចាន់​ថុល​ កាន់​ការងារ​រដ្ឋ​តាំងពីឆ្នាំ​១៩៩៤ ជា​រដ្ឋលេខាធិការ រហូត​ឡើង​ទៅ​ដឹកនាំ​​​ពីរ​ក្រសួង

បានផុស

នៅ

តាមជីវ​ប្រវត្តិ​លោក​ស៊ុន ចាន់ថុល បាន​ចូល​បម្រើ​ការងារ​រដ្ឋ​តាំង​ឆ្នាំ ១៩៩៤ ក្រោយ​កម្ពុជា​បោះ​ឆ្នោត​រៀបចំ​ឡើ​ដោយ​អ៊ុនតាក់នៅ​ឆ្នាំ​១៩៩៣។ មន្រ្តី​ថ្នាក់ដឹកនាំ​រូប​​នេះ​បាន​ផ្លាស់ប្តូរ​មុខ​តំណែង​ជា​បន្ត​បន្ទាប់នៅ​ជួរ​រដ្ឋាភិបាល​​​តាំង​ពី​នៅ​រដ្ឋលេខាធិការ រហូត​មក​កាន់​ការងារ​ជា​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ចូល​បម្រើ​ការងារ​រដ្ឋ លោក​ធ្លាប់ធ្វើការ​​ឲ្យ​ក្រុមហ៊ុនឯកជន General Electric រយៈពេល ១៦ ឆ្នាំនៅក្នុងមុខតំណែងប្រតិបត្តិជាន់ខ្ពស់ និង​ធ្លាប់កាន់​តួនាទី​​ផ្នែក​គ្រប់គ្រងទូទៅនិងហិរញ្ញវត្ថុ​ នៅ​ក្រុមហ៊ុន​អន្តរជាតិ​មាន​នៅអាមេរិក បារាំង និងថៃ និង​បាន​​បង្កើតក្រុមហ៊ុនពាណិជ្ជកម្ម​និង​វិនិយោគមួយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៩៩។

តាមសាវតារ​ការងារ​ពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ១៩៩៧ លោកស៊ុន ចាន់ថុល កាន់តួនាទី​​​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៣ ជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានសភាជាតិ ហើយនៅ​​ឆ្នាំ ២០០៣ ត្រូវ​បាន​ជាប់ឆ្នោត​ជា​សមាជិក​សភា​តំណាងរាស្រ្ត។

នៅ​ឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៨ លោកបាន​ទទួល​តួនាទី​​​ជា​រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង​ពីឆ្នាំ២០០៨ ដល់ ឆ្នាំ ២០១៣ ជាទេសរដ្ឋមន្ត្រី និង​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ពីឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ ២០១៦ លោកក៏​​ត្រូវ​បាន​រដ្ឋាភិបាលតែងតាំង​​ឲ្យ​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មុន​ផ្លាស់ទៅ​ដឹកនាំ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅ​​ឆ្នាំ ២០១៦ រហូត​មកដល់​​បច្ចុបន្ន។

ប្រវត្តិ​សិក្សា​វិញ លោក ស៊ុន ចាន់ថុល បាន​បញ្ចប់​បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកល​វិទ្យាល័យ​អាមេរិក​នៅ​ឆ្នាំ១៩៧៨ និង​កម្មវិធីគ្រប់គ្រងជាន់ខ្ពស់​ពីសាកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania នៅ​ឆ្នាំ១៩៩៧ និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យា Harvard នៅ​ឆ្នាំ១៩៩៩។

វិល​មក​ជីវិត​ឯកជន​វិញ លោក​កើត​នៅ​ឆ្នាំ​១៩៥៦ ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​តាមប្រភព​ខ្លះ​ថា​លោកជាអ្នក​ស្រុក​កោះធំ​ ខេត្តកណ្តាល។ លោក​មាន​គ្រួសារ​​និង​មាន​បុត្រ​ចំនួន ០៣ នាក់។

ស្នាដៃ​ធំៗ​សម្រេច​បាន​៖

ពេល​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ពី​ឆ្នាំ ២០១២ ដល់ ២០១៥ លោក​ស៊ុន ចាន់ថុល​ បាន​កែប្រែ​ប្រព័ន្ធ​ការងារ​មួយ​ចំនួន និង​សម្រេច​ស្នាដៃ​ថ្មីៗ​ជា​ប្រវត្តិសាស្រ្ត​​ជាច្រើន។ លោក​ជាអ្នក​​ផ្តួចផ្តើម​ ​ក្នុង​ការ​រៀបចំ​​រូបមន្ត​ដើម្បី​កំណត់​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​​​ឡើង​ចុះ​​ទៅ​តាម​​ទីផ្សារ​អន្តរ​ជាតិ​។ ការ​កំណត់​​រូបមន្ត​នេះ​ធ្វើឡើង​ បន្ទាប់​ពី​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​នៅ​តែ​បន្ត​ហក់​ឡើង​​​​មិន​ចុះ បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង បើ​ទោះបី​តម្លៃ​ប្រេង​​​នៅ​លើ​ពិភព​លោក​ ធ្លាក់​ចុះ​ថ្លៃ​ក៏​ដោយ​។

ជាមួយ​គ្នា​នេះ លោក​បានបង្កើត​​ប្រព័ន្ធ​ចុះបញ្ជីពាណិជ្ជកម្ម​តាម​អនឡាញ ដោយម្ចាស់សហគ្រាសឬក្រុមហ៊ុនទាំងអស់អាចចុះបញ្ជីបាន​កាន់តែ​ងាយស្រួល មិន​ខាតពេល អាច​ចុះ​បញ្ជី​បាន​នៅ​គ្រប់​ទីកន្លែង​ ពេលណាក៏បានឱ្យតែមានប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះ ថែមទាំងអាចបង់ប្រាក់អនឡាញសម្រាប់ថ្លៃចុះបញ្ជីបានយ៉ាងងាយស្រួល។

ក្នុង​អណ្ណត​ដែល​លោក​នៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​បាន​ផ្ដួចផ្ដើម​ក្នុង​ការ​ដាក់​បទ​ចម្រៀង​មរតក​ដើម​របស់​លោក​ស៊ីន ស៊ីសាមុត្រ និង​លោក​ស្រី រស់ សេរីសុទ្ធា ពី​​ទសវត្សរ៍​ឆ្នាំ៦០ និងឆ្នាំ៧០ ចូល​នៅ​ក្នុង​កម្មសិទ្ធិ​បញ្ញា​ ដើម្បី​ការពារ​ស្នាដៃ​សិល្បករ​ជំនាន់​ដើម​ពី​ការ​ក្លែង​បន្លំ​និង​លួច​ចម្លង​ស្នាដៃ។

ក្រៅ​ពី​សម្រេច​បាន​ស្នាដៃ​ដ៏​ត្រចះត្រចង់នៅ​ក្រសួង​ពាណិជ្ជកម្ម ​ពេល​វិល​ត្រឡប់​មក​ដឹកនាំ​ជា​រដ្ឋមន្រ្តី​ក្រសួង​ក្រសួងសាធារណការ និងដឹកជញ្ជូន​លើក​ទីពីរ​នៅ​ពី​ឆ្នាំ ២០១៦ មក​ដល់​បច្ចុប្បន្ន​នេះ លោករនៅ​តែ​បន្ត​​កែ​ទម្រង់​លុប​ប្រព័ន្ធ​ការងារ​សាំញ៉ាំ​នៅ​ក្នុង​ក្រសួងសាធារណការ​ ដែល​កើត​ឡើង​រាប់​ឆ្នាំ​ ​បង្ខិត​សេវា​កាន់តែ​កៀកប្រជាពលរដ្ឋ ​ដោយ​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់​ភាព​ងាយស្រួលលើ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព។

​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ក្នុង​ការ​មក​ដឹកនាំ​នៅ​ក្រសួង​សាធារណការ​លើ​ការងារ​ធំៗ​ដែល​សម្រេច​បាន​មាន​​ដូចជា៖

១- ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​បញ្ជី​យានយន្ត។

២- បង្កើត​មណ្ឌល​​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ (ឆៀក) នៅ​តាម​បណ្តា​ខេត្ត​ និង​ឆៀក​ចល័ត​សម្រួល​ការ​លំបាក និង​ការ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​បាន​មួយ​ចំណែកធំ។

៣- បើក​ដំណើរការ​មណ្ឌល​ប្ដូរនិងពន្យារបណ្ណបើកបរ​នៅតាម​ផ្សារ​ទំនើប​មាន​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។

៤- បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​លក់​លេខ​ពិសេស​ផ្ទាល់​ខ្លួន

៥- បង្កើត​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App)

៦- បំពាក់​ប្រព័ន្ធ QR Code នៅ​លើ​ស្លាក​លេខ​រថយន្ដ និង​ម៉ូតូ​ជៀស​ផុត​ពី​ការ​ក្លែង​បន្លំ។

៧- ផ្ដួចផ្ដើម​គំនិត​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ​តាម​ផ្លូវ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

៨- ប្រើ​កណ្ដាប់​ដៃ​ដែក ក្នុង​ការ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់។

៩- ដាក់​ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ភ្នំពេញ​ខេត្ត​ព្រះសីហនុ ដែល​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​វិស័យ​សេក​ជញ្ជូន​ផ្លូវ​ដែក​របស់​ប្រទេស​កម្ពុជា។

១០-បង្កើត​វិទ្យាស្ថាន​តេជោ​សាធារណការ​

១១- បង្កើត​ទីស្តីការ​ក្រសួង​សាធារណការ​ថ្មី

១២- សម្រួល​នីតិវិធី​កាត់​ឈ្មោះ​យានយន្ត កុំ​ឲ្យ​ស្មុគស្មាញ បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ

១៣- ដក​ពិន្ទុ​ប័ណ្ណ​បើកបរ

១៣- គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ (បញ្ចប់​ឆ្នាំ​២០២២)

១៤- គម្រោង​ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត (កំពុងរកដៃគូ​អភិវឌ្ឍ)

១៥- គម្រោង​ផ្លូវក្រវាត់ក្រុង​ទី ៤ (កំពុង​សិក្សា)

១៦- គម្រោង​ប្រព័ន្ធ​រថភ្លើង​ធុនស្រាលនៅ​ភ្នំពេញ

ក្រៅពីកិច្ចការងារទាំងអស់នេះ លោក​រដ្ឋមន្រ្តី​បានកែប្រែ​ហេដ្ឋារចនា​សម្ព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ស្ពាន ដោយ​ពង្រឹង​គុណភាព​សាងសង់ផ្លូវឲ្យ​រឹងមាំ គុណភាពជាប់បានយូរ ដែល​ជាចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក​រដ្ឋមន្រ្តី​ប្រកាស​នៅ​មុខមន្រ្តី​ក្រសួង ក៏​ដូចជា​ក្រុមហ៊ុនទទួល​ម៉ៅការ​សាងសង់​ផ្លូវ​ថា លែងទទួលយកផ្លូវធ្វើជាប់រហូតទៀតហើយ តែទទួលយកផ្លូវរឹងមាំ និងមានគុណភាព។ ជាមួយ​គ្នា​នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់​ពី​គោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​​ចុះ​តាមដានជា​ប្រចាំ​ តាំងពីចាប់ផ្ដើមបើកការដ្ឋានសាងសង់ រហូតដល់ការប្រគល់ទទួល។

ការតាមដានឱ្យបានដិតដល់ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បី​រក្សាបានគុណភាពផ្លូវថ្នល់។ លោក​រដ្ឋមន្ត្រីលើកឡើងថា វាជាការខ្ជះខ្ជាយថវិកាជាតិ ​បើមន្ត្រីអនុវត្តគម្រោង​មិនហ៊ាននិយាយថាខុស ប្រសិនបើការសាងសង់នោះខុស នឹងលក្ខណៈបច្ចេកទេស ឬខុសពីកិច្ចសន្យា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្មក់​បង្ក្រាប​អាជីវកម្ម​អ៊ីន​ធើណែត​លួច​បង្កប់​ល្បែង​ស៊ី​សង​ខុសច្បាប់ ឃាត់​ខ្លួន​បាន​៩នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារ​ជាតិ​កម្ពុជា​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​យុទ្ធនាការ ​«​តោះ​!​និយាយ​ពី​លុយ​៖​តក់ៗ​ពេញ​បំពង់​»

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រា​បៀរ ANGKOR LAGER ឧបត្ថម្ភ​ព្រឹត្តិការណ៍​សំខាន់ៗ​នៅឯ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ក្នុង​ខេត្តសៀមរាប

សន្តិសុខសង្គម៣ ម៉ោង មុន

លំនៅឋាន​២​ខ្នង​ផ្ទះ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង នៅ​សង្កាត់​ច្បារអំពៅ​១

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ជួល​មួយ​កន្លែង​ នៅ​ខណ្ឌ​សែន​សុខ បណ្ដាល​ឲ្យ​មនុស្សម្នាក់ស្លាប់​ក្នុង​ភ្លក់​ភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services