Connect with us

ព័ត៌មានជាតិ

មានបញ្ហាប្រឈមអ្វីខ្លះ ក្នុងការដាក់តំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក?

បានផុស

នៅ

ទន្ទឹមនឹងក្តីសង្ឃឹមក្នុងការដាក់តំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវចូលរួម ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីទទួលបានជោគជ័យ ក៏ដូចជាមោទនភាពរបស់ខ្មែរ ហើយបើគ្មានការចូលរួមទេនឹងពិបាក។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជំនាញ។

តំបន់ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទនេះ រួមទាំងប្រាសាទបន្ទាយឆ្មារផង ដើម្បីស្នើសុំចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត (បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២) ប្រាសាទព្រះវិហារ (នៅឆ្នាំ២០០៨) និងតំបន់ប្រាសាទសំបូរព្រៃគុក (នៅឆ្នាំ២០១៧)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍ នៃព្រះរាជាណចក្រកម្ពុជាប្រចាំនៅអង្គការយូណេស្កូ បានជួបប្រជុំពិភាក្សា ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកា នៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស ដើម្បីត្រៀមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។

ទាក់ទងបញ្ហានេះ លោក គង់ ពុទ្ធិការ អគ្គនាយក នៃអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៏ប្រាប់កម្ពុជាថ្មីថា តំបន់ប្រាសាទកោះកេរ ដែលមានទំហំជិត៩០០០ហិកតា និងមានប្រាសាទជាង៥០ប្រាសាទ ដែលកម្ពុជាបានស្នើសុំបញ្ជីបេតិកភណ្ឌពិភពលោកនោះ នឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំរបស់អង្គការ UNESCO នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ នៅសហព័ន្ធរុស្សី។

លោក គង់ ពុទ្ធិការ បានបញ្ជាក់ថា “ទាក់ទងការស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរនេះ យើងបានធ្វើឯកសារស្នើសុំចុះបញ្ជី និងបានដាក់ជូនគណៈកម្មការយូណេស្កូរួចហើយ កាលពីខែមករា ដើមឆ្នាំ២០២១ នេះ ហើយបើតាមកម្មវិធី គណៈកម្មការ នឹងបើកកិច្ចប្រជុំនៅខែកក្កដា ឆ្នាំ២០២២នៅសហព័ន្ធរុស្សី”។

លោក គង់ ពុទ្ធិការ ឲ្យដឹងទៀតថា “ការស្នើដាក់ប្រាសាទកោះកេរ ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺដាក់តំបន់ទាំងមូលតែម្ដង ហើយនៅក្នុងពាក្យស្នើសុំ យើងប្រើពាក្យសុំចុះបញ្ជីរមណីយដ្ឋានកោះកេរ។ ពាក្យថា រមណីយដ្ឋាននេះ មិនមែនមានតែប្រាសាទទេ គឺចុះមួយតំបន់តែម្ដង។ ពីព្រោះប្រាសាទកោះកេរនេះ គឺជាតំបន់ប្រាសាទ ជាអតីតរាជធានី ដែលមានប្រាសាទច្រើន ដូច្នេះយើងស្នើសុំចុះមួយតំបន់នេះតែម្ដង ដែលក្នុងនោះ មានផ្ទៃដីសរុបរួមចំនួនជាង៨៧០០ហិកតា ហើយមានជាង៥០ ប្រាសាទ។ ក្រុមនោះ ក៏មានទួលបុរាណ ទំនប់បុរាណ ផ្សេងៗជាច្រើនទៀត”។

ទាក់ទងទៅនឹងបញ្ហាប្រឈមក្នុងការដាក់តំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក លោក គង់ ពុទ្ធិការ បានឲ្យដឹងថា ការដែលយើងហ៊ានដាក់ឯកសារ ដើម្បីសុំចុះបញ្ជីប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺដោយសារតែយើងមានក្តីសង្ឃឹម  ថានឹងអាចដាក់បាន ទើបយើងស្នើសុំនេះ ហើយការស្នើសុំនេះ គឺលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានខិតខំខ្លាំងណាស់ ក្នុងការរៀបចំឯកសារជាមួយអ្នកជំនាញអន្តរជាតិផ្សេងៗ ហើយអ្នកជំនាញអន្តរជាតិមួយចំនួននៅអង្គការ UNESCO ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះឯកសារ ដែលកម្ពុជាយើងបានដាក់ស្នើសុំនេះ។

ទោះជាយ៉ាងណា លោក គង់ ពុទ្ធិការ អះអាងថា ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ដូចជា ការគ្រប់គ្រងព្រៃឈើ ការគ្រប់គ្រងដីធ្លី ហើយកិច្ចការនេះ ប្រសិនបើគ្មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាជនមូលដ្ឋាន ដើម្បីអភិរក្ស និងការពារនោះទេ យើងក៏ពិបាកនៅក្នុងការចុះបញ្ជីនេះដែរ។ តែការងារនេះ កន្លងមក លោក គង់ ពុទ្ធិការ បញ្ជាក់ថា ធ្លាប់បានបើកកិច្ចប្រជុំ ពិភាក្សា ជាមួយអាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់នៅទីតាំងនោះ ដោយជម្រាបពួកគាត់អំពីគោលបំណង នៃការដាក់តំបន់ប្រាសាទកោះកេរនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីឲ្យពួកគាត់ជួយចូលរួមលើការងារនេះ ហើយពេលនោះ ពួកគាត់ក៏បានស្ម័គ្រចិត្តចូលរួមផងដែរ ពីព្រោះនេះ ជាមោទនភាពរបស់ជាតិខ្មែរយើង របស់ប្រជាជនខ្មែរយើង នៅតំបន់ប្រាសាទកោះកេរនេះ។

បើតាមលោក គង់ ពុទ្ធិការ ទោះជាយ៉ាងណា ការប្ដេជ្ញាចូលរួមនេះ វាមិនអាចបានទាំងអស់ ឬទាំងស្រុងទេ វានឹងមានបុគ្គលខ្លះរពឹសដៃ រពិសជើង ដែលចាំបាច់ត្រូវពង្រឹងវិធានការចាំបាច់មួយចំនួន ដើម្បីកុំឲ្យបញ្ហានេះក្លាយជាបញ្ហាធំ ហើយបង្កផលប៉ះពាល់ដល់សកម្មភាព នៃការចុះបញ្ជីនេះ។

តាមឯកសាមួយចំនួនបញ្ជាក់ថា ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ ហើយប្រាសាទនេះ កសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម