Connect with us

ព័ត៌មានជាតិ

គម្រោង​​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ត្រូវ​សាងសង់​ស្ពាន​កាត់​ទន្លេ​ពីរ​ទៀតនៅ​ក្តី​តាកុយ និង​កោះដាច់

បានផុស

នៅ

ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ដែល​កំពុង​ស្ថាបនា​បាន​ជាង ៦០ ភាគរយ នឹង​មាន​ការ​សិក្សា​បន្ត​លើ​ការ​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​ពីរ​ទៀត ដើម្បី​តភ្ជាប់​ក្លាយ​ជាផ្លូវ​​ក្រវាត់​ក្រុង​​ពេញ​លេញ។

ទេស​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​កាល​ពី​ម្សិលមិញ​នេះ​ថា ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ដែល​បាន​សាងសង់​សម្រេច​បាន​ពាក់​កណ្តាល​ទៅហើយ​នេះ ចាំ​បាច់​ត្រូវ​មាន​ការ​សាងសង់​ស្ពាន​កាត់​ទន្លេ​ពីរ​ទៀត ដើម្បី​តភ្ជាប់​កំណាត់​ផ្លូវ​នេះ​ឲ្យ​បាន​ពេញលេញ។

រដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ដែល​កំពុង​ដំណើរការ​ការដ្ឋាន​សាងសង់​បច្ចុប្បន្ន​នេះ​ជា​គម្រោង​ពាក់​កណ្តាល​ក្រវាត់​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​ផ្លូវ​ក្រវាត់​នេះ​ពេញលេញ ត្រូវ​សិក្សា​ក្នុង​ការ​សាងសង់​ស្ពាន​កាត់​ទន្លេ​ពីរ​ទៀត នៅ​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​គឺ​នៅ​ក្តី​តាកុយ និង​នៅ​កោះ​ដាច់​ ដើម្បី​ត​ភ្ជាប់​ចរាចរណ៍​ឲ្យ​ក្លាយ​ជា​ផ្លូវ​ក្រវាត់​ក្រុង​ពេញ​លេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាខ្សែផ្លូវថ្មីដែល​តភ្ជាប់​ផ្លូវជាតិ​សំខាន់ៗ​ ដោយ​ចាប់​ពី​ស្ពានព្រែកព្នៅនៅ​ផ្លូវ​ជាតិ​លេខ​៥ ឆ្លង​មក​ផ្លូវជាតិលេខ៤ ភ្ជាប់​​មក​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ​២១ និង​ផ្លូវជាតិលេខ១ ភ្ជាប់​មក​កំពង់ផែ​ភ្នំពេញថ្មី។

គម្រោង​សាងសង់​ផ្លូវក្រវាត់​ក្រុងខ្សែទី៣នេះ ក៏​តភ្ជាប់​ទៅនឹង​ផ្លូវ​ទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និង​ភ្ជាប់​ទៅនឹងស្ពានឈ្នះឈ្នះនិង មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ តែ​ត្រូវ​ស្ថាបនា​ស្ពាន​ឆ្លង​កាត់​ទន្លេ​ពីរ​ទៀតនៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ ដើម្បី​ត​ភ្ជាប់​ប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុង បម្រើបណ្តាញ​ដឹក​ជញ្ជូន​វាងរាជធានីភ្នំពេញ។

ផ្លូវក្រវាត់ក្រុង​ទី ៣ ​​មានការ​សាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែង​សរុប ១,០០០ម៉ែត្រ រួមទាំង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ០២កន្លែង ត្រង់កោះ​អន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។

ក្រៅពី​ផ្លូវ​ក្រវាត់ក្រុង​ទី ៣ រដ្ឋាភិបាល​បាន​ដាក់ផែនការ​ក្នុង​ការ​ស្ថាបនា​ផ្លូវក្រវាត់ក្រុងទី៤។ បើ​តាម​លោក​រដ្ឋមន្រ្តី ការ​ស្ថាបនា​ផ្លូវក្រវាត់ក្រុង​ទី ៤ ជា​គម្រោង​បន្ទាប់ ក្រោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ បាន​សាងសង់​បញ្ចប់​បាន​ពេញ​លេញ។

បើ​តាម​ការ​សិក្សា​កន្លង​មក ផ្លូវ​ក្រវាត់​ក្រុង​ទី ៤ មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់​ខេត្តកំពង់ស្ពីចំនួន ​៣ស្រុក, ខេត្តតាកែវចំនួន ​១ស្រុក, ខេត្តកណ្តាល​ ៨ ស្រុក និងខេត្តព្រៃវែង ​២​ស្រុក​។

គម្រោង​ស្ថាបនា​ផ្លូវក្រវាត់ក្រុងទី៤ នឹង​ជួយសម្រួលដល់ការ​ដឹកជញ្ជូនទំនិញ​ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម ប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកម្រិតទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម