Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ៖ ការប្រើប្រាស់សារធាតុអាសបេស្តុសយូរឆ្នាំនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍ថា​ការប្រើប្រាស់​សារធាតុ​អាស​បេ​ស្តុ​សយូរ​ឆ្នាំ​ទៅនឹង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដូចជា​ប៉ះពាល់​ដល់​សួត មហារីក ​និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​មនុស្ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​សមាសភាព​នៃ​ក្រុមការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ ស្តីពី សារធាតុ​អាស​បេ​ស្តុ​សនៅ​កម្ពុជា ដែល​រៀបចំឡើងក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ILO/Japan តាមរយៈ​គម្រោង​លើកកម្ពស់​ស្តង់ដា​សុខភាព និង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់ និង​អង្គការ អា​ហ្វី​ដា ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​Zoom នា​ព្រឹកថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២១ លោក​រដ្ឋ​មន្ត្រី ​អ៊ិត សំហេង ​ដែលជា​ប្រធាន​ក្រុមការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ ស្តីពីសារធាតុ​អាស​បេ​ស្តុស នៅ​កម្ពុជា​ បាន​មានប្រសាសន៍​បន្តថា​«​សារធាតុ​អាស​បេ​ស្តុ​សជា​សារធាតុ​រ៉ែ​មួយ​ប្រភេទ​ធ្វើឱ្យ​ផលិតផល​មានគុណ​ភាព ជាពិសេស​គឺ ស្វិត រឹង ហើយ​តម្លៃថោក​អាច​ទទួលយកបាន ក៏ប៉ុន្តែ​ការ​ប្រឈម​នឹង​សារធាតុ​អាស​បេ​ស្តុ​ស​អាចធ្វើ​ឲ្យ​មាន​ជំងឺដូចជា មហារីក​សួត ហើយ​ជា​ញឹកញាប់ សារ​ធាតុ​នេះ​ត្រូវបាន​គេ​ហៅថា ជា​ឃាតក​លាក់​មុខ ព្រោះ​វា​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំដើម្បី​ចូលមក​បំផ្លាញ​សុខភាព​របស់​អ្នក​ដែល​បាន​ប៉ះពាល់ ឬក៏​ទទួលរង​ឥទ្ធិពល​ពី​សារធាតុ​អាស​បេ​ស្តុ​ស​នេះ ដែល​ភាគច្រើនវា​វាយ​ឡុ​ក​ចូលទៅក្នុង​សួត និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​មនុស្ស​»​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ក្នុង​វិស័យ​ឧស្សាហកម្ម​ការប្រើប្រាស់​ធ​ន​ធាន​វត្ថុធាតុដើម គឺ​វា​តែងតែ មានមុខ​ពីរ​៖ ទី​១ វា​អាចបង្កើត​នូវ​ផលិតផលឬក៏​ធ្វើឱ្យ​ផលិតផល​កាន់​តែមាន​គុណភាព​សម្រាប់​ការ​ប្រើប្រាស់ ឬ​កាន់​តែមាន​ប្រសិទ្ធភាព ប៉ុន្តែ​មួយ​មុខ​ទៀត បើ​យើង​ប្រើប្រាស់​វាមិនបាន​ប្រុងប្រយ័ត្ន​ទេ វា​នឹង​បង្កើត​ហានិភ័យ​សម្រាប់​មនុស្ស មិន​ត្រឹមតែ​កម្មករនិយោជិត​អ្នក​ផលិត​ទេ អ្នកប្រើប្រាស់និង​អ្នក​ជុំវិញ​ក៏​អាចជា​អ្នកមាន​គ្រោះថ្នាក់​ដែរ ។​

លោក​រដ្ឋមន្ត្រីបាន​បន្ថែមថា «​យើងទាំងអស់គ្នា​ប្រហែលជា​ដឹងថា​ ក្នុង​ពិភពលោក​យើង​នេះ​ទស្សនៈ​រួម​មិន​ទាន់​មានការ​ឯកភាពគ្នា​ទាំងស្រុង​ចំពោះ​បញ្ហា​នេះ នៅមាន​១​ផ្នែកជា​អ្នក​ផលិត និង​ប្រើប្រាស់ និង​មួយផ្នែក​ទៀត​ជា​អ្នក​ឈប់​ផលិត និង​ទប់ស្កាត់ហើយ​ទស្សនទាន​នោះ វា​មាន​ឥទ្ធិពល​ទៅគ្រប់​ទីកន្លែងហើយ​នៅ​កម្ពុជា​អ្នកដឹង​បញ្ហា​នេះ​មាន​តិច​គ្នានៅឡើយ​។ ដូច្នេះ ក្រុមការងារ​យើង​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​ចងក្រង​ប្រមូល​ព័ត៌មាន​ទាំងអស់ហើយ​ផលប្រយោជន៍​យ៉ាងម៉េច​? ផលប៉ះពាល់​យ៉ាងម៉េច​? គ្រោះថ្នាក់​យ៉ាងម៉េច​ក្នុងការ​ប្រើប្រាស់​?»​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​កន្លងមកសារធាតុ​អាស​បេ​ស្តុ​ស វា​ប្រើ​ទៅលើ​ក្បឿងហ្វ៊ី​ប្រូ បើ​ធ្វើ​ក្បឿង​ធម្មតា​ មិន​ប្រើ​សារធាតុ​អាស​បេ​ស្តុ​សវា​ក្រាស់ហើយ​កម្លាំង​សង្កត់​ឆាប់​បាក់​ផុយ​។​ ដូច្នេះ​អ្នក​ផលិត​ចូលចិត្ត​ប្រើ​វា​ជាង​ដើម្បី​ធ្វើយ៉ាងណា​ធានាបាន​នូវ​គុណភាព និង​ការប្រកួតប្រជែង នៅក្នុង​ទីផ្សារ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​កន្លងមក​ក​ម្ពុ​ជាមាន​កន្លែង​ធ្វើ ហ្វ៊ី​ប្រូ​ ដែរតែបើ​តាម​របាយការណ៍​ក្នុង​កម្រង​ព័ត៌មាន​ជាតិ​លើក​ទី​១​របស់​យើងការផលិត​នេះ​ មិនមាន​ប្រើ​អាស​បេ​ស្តុ​ស​ទេ តែមាន​ការនាំ​ចូលមក​កម្ពុជា ហេតុនេះ​យើង​ត្រូវតែ​ប្រមូល​ព័ត៌មាន​បន្ថែម​។​

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ «​នៅ​ប្រទេស​មួយចំនួនខ្ញុំ​បាន​ទៅ​មើលឃើញ​មានប្រើ តែ​គេ​ប្រើ​យ៉ាង​ប្រុងប្រយ័ត្ន​មែនទែន សូម្បី​កន្លែង​ទុកដាក់ក៏​ជា​កន្លែង​ទុកដាក់​ដែល​ពិសេស គេ​ដាក់​ក្នុង​បាវ​ជិត ហើយ​មាន​ហ៊ុម​បាំង​ដោយ​វាំងនន ហើយ​មិន​យក​មនុស្ស​ទៅ​ប៉ះពាល់​វា​បានទេ ប្រើ​សុទ្ធតែ​គ្រឿង​យន្តនេះ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​»​។​

លោក​រដ្ឋមន្ត្រីក៏បាន​បន្ថែមថា​«យើង​ចាប់ផ្តើម​ថ្ងៃនេះ​ក្នុង​កម្រិត​ជា​ក្រុមការងារ​ចងក្រង និង​ប្រមូល​ព័ត៌មាន ហើយ​ការ​ចងក្រង​ប្រមូល​ព័ត៌មាន​របស់​យើង​ទិសដៅ​ទៅ​អនាគត​ដោយសារតែ​កិច្ចការនេះ មិនមែន​តែ​ស្ថាប័ន​មួយ​ទេ​ដែល​ត្រូវ​ដោះស្រាយបាន មិនមែន​ក្រសួង​ការងារ​តែមួយ ឬ​ស្ថាប័ន​ណា​មួយ​ជា​អ្នកធ្វើ​ដាច់​តែឯង​បានទេ គឺ​ត្រូវ​រៀបចំ​ជា​លិខិតបទដ្ឋាន​គតិយុត្ត​អ្វីមួយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​គ្រប់គ្រង​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន​។​

លោក​រដ្ឋមន្ត្រី​បន្តថា​ «​ក្រសួង​ការងារ​ធ្វើ​រឿងនេះ គឺ​ដើម្បី​គិតពី​សុវត្ថិភាព​សម្រាប់​រយៈពេល​វែង​សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ទៅមុខ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​គិតគូ​ពី​បញ្ហា​សុខភាព បញ្ហា​ការបង្ការគ្រោះថ្នាក់​ការងារ​សព្វបែបយ៉ាងដើម្បី​ធ្វើយ៉ាងណា​ឱ្យកម្លាំង​ពលកម្ម​របស់​ជាតិ​យើង​ក្លាយជា​សក្តានុពល​ជាតិ​របស់​យើងសម្រាប់​អនាគត ហើយ​បញ្ហា​ធនធានមនុស្ស​ជា​អាទិភាព​ទី​១»​។​

គួរ​បញ្ជាក់ថា សារធាតុ​អាស​បេ​ស្តុ​សត្រូវ​បាន​គេ​ប្រើប្រាស់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ខុសៗ​គ្នានៅ​ក្នុង​ប្រទេស​ដែល​គេ​អនុញ្ញាតឱ្យ​ប្រើប្រាស់​។​

ជា​ឧទាហរណ៍​នៃ​ប្រភេទ​ផលិតផល​មួយចំនួន​ដែល​ផ្ទុក​អាស​បេ​ស្ដុ​ស រួមមាន​៖ សន្លឹក​សម្ភារ​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ និង​សម្ភារ​សំណង់​ផ្សេងទៀត​, ប្រព័ន្ធ​ការពារ​កម្ដៅ និង​ប្រព័ន្ធ​ការពារ​ស្រូប​សំឡេង​, ឧបករណ៍​ពន្លត់អគ្គីភ័យ​, អ៊ី​សូ​ឡង់​(Insulation), កម្រាល​ឥដ្ឋ​ជាតិ​ផ្លា​ស្ទិ​ក​, វិស័យ​វាយ​ន​ភណ្ឌ​, សម្ភារ​ដែល​ងាយ​រង​ការ​កកិត(​ហ្វ្រាំងរថយន្ត​), ទ្រនាប់ (​ឡ​ចំហាយ​) និង​សម្ភារ​សម្រាប់​វេច​ខ្ចប់ ជាដើម​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម