Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសថា ការរើការិយាល័យស្ថានទូតពីភ្នំពេញទៅបាងកក ជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កុយ គួង បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៧ ខែ ខែវិច្ឆិកានេះថា ការរើការិយា​ល័យស្ថានទូត របស់ប្រទេសស៊ុយអែត ជាកិច្ចការ​ផ្ទៃក្នុង តែមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ។
 
ស្ថានទូតស៊ុយអែត កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា នឹងរើការិយា​ល័យពីភ្នំពេញ​ទៅទីក្រុងបាងកក ប្រទេសថៃ នៅចុង ឆ្នាំ២០២១ ហើយការផ្លាស់ប្តូរនេះ ជាផ្នែកមួយ នៃការសម្រប​ខ្លួន​របស់​ស្ថាប័ន​នៅ​បរទេសរបស់ក្រសួងការបរទេសស៊ុយអែត ប៉ុន្តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅតែ​បន្ត។
 
 សេចក្តី​ប្រកាស​ព័ត៌មាន ដែលចេញដោយលោកស្រី Ann Linde រដ្ឋមន្ត្រីការបរទេសស៊ុយអែត​បាន​បញ្ជាក់​ថា ប្រ​ទេសទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងល្អ ប៉ុន្តែនឹងបន្តសហប្រតិបត្តិការតាមផ្លូវថ្មីមួយទៀត ហើយការរុះរើទីតាំងស្ថានទូតនេះ មានន័យថា ស៊ុយអែត នឹងមានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា និងថៃ ដោយមាននិវេសនដ្ឋាននៅក្រុងបាងកក។ រាល់សកម្មភាពរបស់ក្រសួងការបរទេស ក៏នឹងត្រូវផ្ទេរ​ទៅកាន់ស្ថាន ទូតប្រចាំក្រុងបាងកកផងដែរ។
 
តាមសេចក្តីប្រកាសព័ត៌មានដដែល នៅពេលដែលស្ថានទូតបិទ ក្រសួងការបរទេសស៊ុយអែត នឹងមិន​មាន​បុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ប៉ុន្តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នឹងនៅតែបន្ត ដោយទីភ្នាក់​ងារ​អភិវឌ្ឃន៍អន្តរជាតិស៊ុយអែត (SIDA)។ ការផ្លាស់ប្តូរនេះ ជាផ្នែកមួយ នៃការសម្របខ្លួន​​របស់ក្រសួងការ​បរទេសស៊ុយអែត ដើម្បីឆ្លើយតបនូវការប្រែប្រួលស្ថានភាពខាងក្រៅ និងតម្រូវ ការត្រួតពិនិត្យ និងសេវា​កម្មថ្មី។
 
បើតាមក្រសួងការបរទេសស៊ុយអែត បញ្ជាក់ថា នេះជាដំណើរការផ្លាស់ប្តូរជា​ប្រចាំ ដែលពេលខ្លះស៊ុយ​អែត​ត្រូវបើក ឬបិទស្ថានទូត និងកុងស៊ុលរបស់ខ្លួន។
 
ទាក់ទងបញ្ហានេះ លោក កុយ គួង បានអះអាងយ៉ាងនេះថា “ជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត ក្នុងបិទ ឬ​បើក​ស្ថានទូតរបស់ខ្លួននៅក្រៅប្រទេស”។ លោកបន្តថា “ការប្រកាសបិទស្ថានទូត​នៅចុង​ឆ្នាំ​ ២០​២១​ខាង​មុខនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងស៊ុយអែតទេ”៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម