Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ រំសាយក្រុមគ្រូពេទ្យ២០នាក់ ក្រោយកូវីដថយចុះ

បានផុស

នៅ

ដោយ​មើលឃើញថាស្ថានភាព​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​មាន​ការ​ថមថយ​ចុះ​ជា​បន្តបន្ទាប់​នោះ​ រដ្ឋបាលខេត្ត​ព្រះសីហនុ ​បាន​ឯកភាព​តាម​សំណើរ​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​​ ដែល​បាន​ស្នើសុំ​រំសាយ​ក្រុមគ្រូពេទ្យ​ចំនួន​២០​នាក់​ ឲ្យ​ទៅ​បម្រើការ​នៅតាម​មណ្ឌល​សុខភាព​ចំនួន​១៦​នៅ​កន្លែង​ដើម​វិញ​។​

នៅរសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​សាលាខេត្ត​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​របាយ​ការ​ណ៍ លោកស្រី លឹម សា​មាន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​ថា ខេត្ត​ព្រះសីហនុ មាន​ក្រុង​ពីរ និង​ស្រុក​៣ មាន​មណ្ឌល​សុខភាព​ចំនួន​១៦ ហើយ​ថ្ងៃនេះត្រូវបាន​រំសាយ​ក្រុមគ្រូពេទ្យ​ចំនួន២០​នាក់ ឱ្យទៅ​កាន់​មណ្ឌល​សុខភាព​ដើម​វិញ បន្ទាប់ពី​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​ នាពេល​កន្លងមក ហើយ​មកដល់ពេលនេះ​ មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ សូម​កោត​សរ​សើរ​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល មន្ត្រី​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​របស់​យើង​ទាំងអស់ ​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​ខេត្ត​ព្រះសីហនុ​ នាពេល​កន្លងមក​។ ដោយ​ឆ្លងកាត់​ព្រឹត្តិការណ៍​ជាច្រើន​ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត ពិសេស​ក្រុមគ្រូពេទ្យ​របស់​យើង​បាន​ប្រមូល​ផ្តុំគ្នា​បំ​ពេញការងារ​យ៉ាង​សស្រាក់សស្រាំ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ ក្រុមគ្រូពេទ្យ​របស់​យើង​បាន​បង្កើន​ការយកចិត្តទុកដាក់ និង​បាន​បណ្តុះបណ្តាល​ក្រុម​ជំនាញ​ក្នុង​ការយក​សំណាក ការ​ព្យាបាល​អ្នកជំងឺ និង​កាត់ផ្តាច់​ការចម្លង​ក្នុងសហគមន៍។

លោកអភិបាលខេត្តបាន​បន្តថា​ ក្រោយពី​ការរំសាយ​ ក្រុមគ្រូពេទ្យ​នឹង​ទៅ​បំពេញការងារ​តាម​មណ្ឌល​សុខភាព​ដើម​វិញ ម្យ៉ាងទៀត​ក្រុមគ្រូពេទ្យ​របស់​យើង​មាន​ជំនាញ​បច្ចេកទេស​ក្នុង​ការយក​សំណាក​កូវីដ​-១៩ និង​ការព្យាបាល​ជំងឺ​កូ​វីដ ដោយសារតែ​សកម្មភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ មាន​ការ​ថយចុះ​គួរឱ្យ​កត់សម្គាល់ ទើប​យើង​សម្រេច​រំសាយ​ក្រុមគ្រូពេទ្យ​ទៅ​បម្រើ​ការងារ​នៅតាម​មណ្ឌល​សុខភាព​វិញ​។ រដ្ឋបាលខេត្ត នឹង​ចងចាំ​គុណ​តម្លៃ​របស់​ក្រុមគ្រូពេទ្យ​ដែល​បាន​ចូលរួម​បំពេញ​ការងារ​នៅ​សមរភូមិ​មុខ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ ម្យ៉ាងទៀត​ក្រុមគ្រូពេទ្យ​បាន​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កុមារ និង​យុវវ័យ​របស់​យើង​ចាប់ពី​អាយុ១២​ឆ្នាំ ដល់​ក្រោម១៨​ឆ្នាំ ។

ក្នុងឱកាស​នេះ​ផងដែរ លោក គួច ចំរើន បាន​មាន​ប្រសា​ស​ន៍​ថា ​ក្នុងនាម​រដ្ឋបាលខេត្ត លោក​សូម​ចូលរួម​សោកស្តាយ​ចំពោះ​ក្រុមគ្រួសារ​សព​អ្នកគ្រូ​ពេទ្យ អ៊ឹម ស្រី​និ ដែល​បាន​បាត់បង់​អាយុជីវិត ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ជាការ​បាត់បង់​នូវ​ធនធានមនុស្ស ដែលជា​វីរភាព​ដ៏​ល្អ​ប្រពៃ​ក្នុង​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​- ១៩ សូមឱ្យ​វិញ្ញាណក្ខន្ធ​អ្នកគ្រូ​ពេទ្យ​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

ជាមួយគ្នានេះដែរលោកអភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ក្រុមគ្រូពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចំនួន៦២​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន មួយ​លាន​ពីរ​សែន​រៀល​(១.២០០.០០០​រៀល )៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម