Connect with us

ព័ត៌មានជាតិ

អាជីវកម្ម​ទេសចរណ៍​៩០ ភាគរយ​បាន​បិទទ្វារ តែ​ការប្រកាស​ក្ស័យធន​មាន​ចំនួន​តិចតួច

បានផុស

នៅ

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​អះអាងថា រហូតមកដល់​ពេលនេះ អាជីវកម្ម​ទេសចរណ៍​៩០ ភាគរយ​បាន​បន្ត​បិទទ្វារ ដោយសារ​តែ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​នៅសល់​១០​ភាគរយ បាន​ប្តូរ​ទៅ​បម្រើ​សេវាកម្ម​ផ្សេងៗ​គួបផ្សំ ដោយ​បម្លែងខ្លួន​ទៅជា​ការលក់ដូរ និង​ដឹកជញ្ជូន​អីវ៉ាន់​ផ្សេងៗ តែ​ការប្រកាស​ក្ស័យធន​តែម្តង​មាន​ចំនួន​តិចតួច​ណាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោកស្រី ឆាយ ស៊ីវ​លីន បរិយាកាស​ទេសចរ​រហូត​មកដល់ពេលនេះ នៅតែមាន​សភាព​តានតឹង​ដដែល ដោយសារតែ​មានការ​រឹតត្បិត​ផ្សេងៗ ហើយ​បើទោះបីជា​មានការ​បន្ធូរបន្ថយ​បន្តិច​ក្តី ភ្ញៀវទេសចរ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងស្រុក នៅតែ​មិនទាន់​ហ៊ាន​ចេញ​ដើរ​កម្សាន្ត​នៅឡើយ ដោយសារតែ​ព្រួយបារម្ភ​ទៅលើ​មេរោគ​បំប្លែង​ខ្លួន​ថ្មី និង​ការចាក់​វ៉ាក់សាំង​នៅ​មិនទាន់​រួចរាល់​នៅឡើយ ដូច្នេះ​ពួកគាត់​នៅមាន​ការប្រយ័ត្នប្រយែង ដែល​ធ្វើឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅតែ​យ៉ាប់យ៉ឺន​ដដែល​។

លោកស្រី​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​រូបនោះ បាន​ឲ្យ​ដឹងថា “​មកដល់ពេលនេះ​សមាជិក សមាគម មានការ​ព្យួរការងារ ឬក៏​បិទទ្វារ​មាន​ស្ទើរតែ​ទាំងអស់​ទៅហើយ ដែលមាន​ប្រមាណ​៨៥ ទៅ​៩០​ភាគរយ ដែល​បាន​បិទទ្វារ មិនមាន​សកម្មភាព​អ្វី​ទាំងអស់ ហើយ​អ្នក​ដែល​នៅ​ប្រមាណ​១០ ភាគរយ​នៅ​បម្រើសេវា​កម្ម​ផ្សេងៗ​គួបផ្សំ ដោយ​បំ​លែងខ្លួន​ទៅជា​ការលក់​ឥ​វ៉ាន់ ឬ​ដឹកជញ្ជូន​អីវ៉ាន់​ផ្សេងៗ ដូច្នេះ​ចំនួន​៩០ ភាគរយ ដែល​គាត់​គ្មាន​សេវា​ផ្សេង បិទទ្វារ​តែម្ដង​”​។

តែ​ទោះជា​យ៉ាងណា លោកស្រី ឆាយ ស៊ីវ​លីន អះអាងថា ការប្រកាស​ក្ស័យធន​តែម្តង មិនមាន​ច្រើន​ទេ​។ ជាមួយគ្នា​នោះ លោកស្រី​បាន​សំណូមពរ​ឲ្យ​ទម្លាក់​កម្ចី​ណាមួយ​មកដល់​ទីភ្នាក់ងា​រ​ទេសចរណ៍ ដើម្បី​ឲ្យ​ពួកគាត់​បន្ត​និរន្តរភាព​តទៅទៀត ដើម្បី​ជួយ​រក្សាទុក​អ្នកជំនាញ​ទេសចរណ៍​។ លោកស្រី​ថា វិស័យ​ទេសចរណ៍​នេះ ដែល​អាច​ប្រតិបត្តិ​បាន​លុះត្រា​តែមាន​អ្នកជំនាញ ត្រូវ​ទៅ​ប្រកួតប្រជែង​ទៅ​ដណ្ដើម​ទីផ្សារ​នៅក្នុង​លើ​ឆាក​អន្តរជាតិ ដូច្នេះ​យើង​ត្រូវ​រក្សា​ពួកគាត់​ទុក ដោយ​ការ​ចិញ្ចឹម​ពួកគាត់ ពីព្រោះ​គាត់​ត្រូវការ​ចិញ្ចឹម​ជីវភាព ហើយ​ប្រសិនបើ​យើង​កាត់ចោល គាត់​នឹង​ទៅរក​ការងារ​ផ្សេង ហើយ​នៅពេល​ស្ថានការណ៍​ប្រសើរ​ឡើង យើង​ត្រូវការ​គាត់ តែ​យើង​មិនអាច​ហៅ​គាត់​មកវិញ​បាន​។

វិស័យ​ទេសចរណ៍ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង និង​ជា​មាស​បៃតង ដែល​បានរួម​ចំណែក​សម្រាប់​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​ប្រមាណ​១៣​ភាគរយ ប៉ុន្តែ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍ ក៏បាន​ចង្អុលបង្ហាញ​នូវ​ផែន ដើម្បី​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ផងដែរ ប៉ុន្តែ​ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ បាន​ដាក់​ចេញ​នូវ​វិធាន​គោលនយោបាយ​អន្តរាគមន៍ ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង ជា​៣​ដំណាក់កាល​។

បើតាម​ក្រសួងទេសចរណ៍ ក្នុងដំណាក់កាល​នីមួយៗ​មានការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​អនុវត្ត ដោយ​អនុលោម​ទៅតាម​សសរស្ដម្ភ​៤ គឺ​បេតិកភណ្ឌ​វប្បធម៌ ទេសចរណ៍​តំបន់ឆ្នេរ អេកូ​ទេសចរណ៍ និង​ភាពជា​ប្រជាជន​ខ្មែរ រួមទាំង​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៣ គឺ​សេដ្ឋកិច្ច និង​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ការផ្សព្វផ្សាយ និង​ការជំរុញ​ទេសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ និង​អភិបាលកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម