Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ដាក់ឲ្យអនុ វត្តស្តង់ដា ប្រតិបត្តិអប្បបរមា ដល់ប្រភេទអាជីវកម្ម ទេស ចរណ៍ធំៗ ចំនួន៤

បានផុស

នៅ

ក្រសួងទេសចរណ៍ បានប្រកាសដាក់ ឲ្យអនុវត្តបទដ្ឋានគតិយុត្ត «ការធ្វើបច្ចុប្បន្នភាព នៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដែលកំពុងធ្វើសកម្មភាព ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។  អាជីវកម្មទេសចរណ៍ទាំង៤នោះ រួមមាន៖ អាជីវកម្មសេវាកម្មស្នាក់នៅទេស​ចរណ៍, អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ពិធីនេះធ្វើឡើងតាមប្រព័ន្ធ វីដេអូអនឡាញ (Zoom Meeting) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយក៏មានការផ្សព្វផ្សាយ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ផងដែរ។

ក្នុងពិធីនេះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការធ្វើបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេស​ចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេស ចរណ៍ធំៗចំនួន ៤ ខាងលើ បានរៀបចំឡើង ស្របតាមវិធានការចាំបាច់ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌ នៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មី តាមស្ថានភាពបច្ចុប្បន្ន។ វិធានសុវត្ថិភាពនេះ ត្រូវបានដាក់ឲ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «មូលដ្ឋានអាជីវកម្មទេសចរណ៍ណា បំពេញបានតាមលក្ខណៈវិនិច្ឆ័យ ដូចបានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍ នឹងទទួលបានលិខិតបញ្ជាក់ ទទួលស្គាល់អាជីវកម្ម ដែលមានសុវត្ថិភាពប្រឆាំង នឹងកូវីដ-១៩»។

ជាមួយគ្នានេះលោក ថោង ខុន បានស្នើសុំរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះអនុវត្ត ចុះណែនាំ និងផ្សព្វផ្សាយ ដល់គ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ ភ្ញៀវទេសចរ បុគ្គលបម្រើការ នៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរណ៍ ដែលជាដៃគូសហការ ដើម្បីពង្រឹងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ និងធានាឲ្យបាន នូវសុខសុវត្ថិភាព ជូនភ្ញៀវទេសចរ។

លោកថា ការជំរុញឲ្យមាន ការអនុវត្តបទដ្ឋានគតិយុត្ត ខាងលើនេះ គឺដើម្បីជួយឲ្យអាជីវកម្មទេសចរណ៍ ទាំង ៤ ប្រភេទធំៗខាងលើ អាចធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនបានផង និងសម្របខ្លួនរៀនរស់ ក្នុងប្រក្រតីភាពថ្មីមួយ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់បន្តថា នៅពេលអាជីវកម្មទេសចរណ៍ទាំង៤នេះ អនុវត្តវិធានសុវត្ថិភាពទេស​ចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីទាំងនេះ បានត្រឹមត្រូវ នឹងទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរ។ យើងទាំងអស់គ្នានឹងចូលរួម ប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាស សម្រាប់ការលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍ ដើម្បីជំរុញការទាក់ទាញទេសចរ ក្នុងស្រុក និង អន្តរជាតិ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម